រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ហាម​ចំពោះ​ការ​ធ្វើ​សង្ក្រាន្ត​នោះ​ទេ តែ​មិន​គួរ​នឹង​ធ្វើ​​សង្ក្រាន្ត​នៅ​លើ​ប្រឡាយ​បឹងត្របែក

ភ្នំពេញ ​៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ហាម​ចំពោះ​ការធ្វើ​សង្ក្រាន្ត​នោះទេ តែ​មិនគួរ​នឹងធ្វើ​សង្ក្រាន្ត​នៅលើ​ប្រឡាយ​បឹងត្បបែក​នោះទេ ដោយ​វា​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុ​ស្ស​បាន។

ការបញ្ជាក់​បែបនេះ​ គឺ​ក្រោយពី​ក្រុមយុវជន យុវនារី​មួយក្រុម​ បានធ្វើ​រៀបចំ​ធ្វើ​សង្ក្រាន​មួយ​នៅលើ​ប្រឡាយ​បឹងត្របែក​ ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ហាមឃាត់ ​និង​រុះ​រើចេញ​ជាបន្ទាន់​ជៀសវាង​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​នៅក្នុង​សង្ក្រាន្ត​នោះ។

បើតាម​ការផ្សាយ​របស់​អង្គការ​ខុមហ្វ្រែល នៅ​យប់​ថ្ងៃទី ០៦​ខែមេសា​បាន​បញ្ជាក់ថា អាជ្ញាធរ​បាន​ហាមឃាត់ និង​រុះរើ​ទីតាំង​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី របស់​យុវជន​យុវនារី​ក្នុង​ការកាយ​សំអាត​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​។ តាម​គម្រោង​សង្ក្រាន្ត​ឆ្នាំ​ថ្មី ត្រូវ​រៀបចំ​នៅលើ​ប្រឡាយ​លូ​បឹងត្របែក​ចាប់ផ្តើម​ពី​ម៉ោង​៣ រសៀល ដល់​ម៉ោង​៩​យប់។

លោក សាន ដា​រា​វីត ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅលើ​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​នេះ។​

តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Luon Sovath នៅ​យប់​ថ្ងៃទី​៦​ខែមេសា​នេះ ព្រះ​តេជគុណ លូន សាវ៉ាត បាន​មាន​សង្ឃដីកា​ថា ការនាំគ្នា​ធ្វើ​កម្មវិធី​បុណ្យ​អបអរសាទរ​ឆ្នាំ​ថ្មី ស​ង្ក្រា​ន្ត​ឆ្នាំ​ថ្មី នៅក្បែរ និង​នៅលើ​លូទឹកស្អុយ​បឹងត្របែក ក្នុង​គោលបំណង ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន ឲ្យ​ចូលរួម​ថែរក្សា​បរិស្ថាន​ល្អ អនាម័យ​ល្អ ដើម្បី​ថែរក្សា​ប្រពៃណី វប្បធម៌​ជាតិ បុណ្យចូលឆ្នាំថ្មី​ផង តែ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌចំការមន ក្រុងភ្នំពេញ ចុះទៅ​ហាមឃាត់ ទប់ស្កាត់ និង​ចុះ​រុះរើ​រោង​កម្មវិធី​បុណ្យ​ចោល​ជាបន្ទាន់ ក្រោម​ហេតុផល​ថា គ្មាន​ច្បាប់​អនុញ្ញាត។ តើ​កម្មវិធី​បុណ្យ​អបអរ​សាទរ​ចូលឆ្នាំថ្មី គេ​តម្រូវ​ឲ្យ​សុំច្បាប់​អាជ្ញាធរ ទើប​អាច​នាំគ្នា ធ្វើបុណ្យ​ចូលឆ្នាំថ្មី កើត​មែន ?​។​

ចំពោះ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ម៉េ​ត មាស​ភក្តី​បាន​បញ្ជាក់ថា ការហាម​មិន​ឲ្យ​ធ្វើ​ស​ង្ក្រា​ន្ត​នៅលើ​ប្រឡាយ​បឹងត្របែក​មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​មិនត្រូវ​ឲ្យ​ធ្វើ​នៅលើ​ប្រឡាយ​នេះ​។​

ទី​១ ការធ្វើ​នៅលើ​ប្រឡាយ​បឹងត្របែក​ជា​រឿង​មួយ​ ដែល​មិនគួរ​ឲ្យ​មានការ​ប្រារព្ធ​ពិធី​នៅលើ​ប្រឡាយ​នោះទេ បើសិន​មនុស្ស​ដែល​ចូលរួម ហើយ​រងគ្រោះថ្នាក់​ដោយសា​រ​ការធ្លាក់​ចូលទៅក្នុង​ប្រឡាយ​លង់​ស្លាប់ តើន​រណា​ជា​អ្នកទទួលខុសត្រូវ​លើ​បញ្ហា​នេះ។

រដ្ឋបាល​រាជធានី​មិនដែល​ហាមប្រាម ហាមឃាត់ ប្រជាពលរដ្ឋ​ក៏ដូចជា​សង្គម​ស៊ីវិល ក្នុងការ​សម្អាត​បរិស្ថាន​បោសសម្អាត​សំរាម​នោះទេ​។ តែ​ទីតាំង​លើ​ប្រឡាយ​បឹងត្របែក​ជាទី​តាំង​មិនគួរ​ឲ្យ​ប្រារព្ធ​ពិធី​នោះទេ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ អាច​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​សង្គម​ស៊ីវិល​ធ្វើ​ស​ង្ក្រា​ន្ត​បែបនេះ​បាន​នៅ​ទីកន្លែង​សមរម្យ​មួយ ហើយ​សុំច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី ដើម្បី​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​ការសំអាត​ក៏ដូចជា​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា មិនគួរ​នឹងធ្វើ​នៅលើ​ប្រល័យ​បែបនេះ​នោះទេ​៕