សម្តេចតេជោ ៖  រដ្ឋាភិបាលប្រកាសមិនប្រារព្ធពិធីបុណ្យអុំទូកនៅភ្នំពេញ ប៉ុន្តែមានលទ្ធភាពជាច្រើនដែលប្រជាពលរដ្ឋចាត់តាំងពិធីបុណ្យអុំទូកដោយខ្លួនឯង

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលបុណ្យអុំទូកខាងមុខ ពិតមែនតែរាជរដ្ឋាភិបាល បានប្រកាសមិនប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅទីក្រុងភ្នំពេញ ក៏ប៉ុន្តែមានលទ្ធភាពជាច្រើនដែលប្រជាពលរដ្ឋចាត់តាំងពិធីបុណ្យអុំទូកដោយខ្លួនឯង។ សម្តេចតេជោបានថ្លែងដូចនេះនៅព្រឹកថ្ងៃពុធថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រូវពិចារណាពីការចេញវិធានការណែនាំការពារជំងឺកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រខែ និងបណ្តែតប្រទីបផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «តែបញ្ហានេះ ខ្ញុំសូមស្នើឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្វើការពិចារណាព្រោះបញ្ហាកីឡាអុំទូក និងកីឡាទាត់បាល់ខុសគ្នា។ ដោយសារកីឡាអុំទូក គាត់អង្គុយជិតគ្នា បានសេចក្តីថាមនុស្សអង្គុយប៉ះគ្នាទាំងអស់។ ក្រុមទាត់បាល់នៅអឺរ៉ុប ឥឡូវក្រុមខ្លាំងៗមួយចំនួន កីឡាករឆ្លងកូវីដទាំងអស់ហើយ។ អញ្ចឹង ប្រសិនបើប្រជាពលរដ្ឋគាត់មានការអុំទូក តើគួរត្រូវមានវិធានការអីខ្លះ? ព្រោះយើងពិបាកហាមឃាត់ដែរ។ ពិធីបុណ្យអុំទូក យើងអត់ចាត់តាំងទេ ប៉ុន្តែពិធីអកអំបុក សំពះព្រះខែ គេនៅតែធ្វើនៅតាមទីវត្តអារាមដដែលហ្នឹង ជួនកាលអាចមានដល់ការប្រណាំងទូកផង។ នៅភ្នំពេញអត់មានធ្វើទេ ប៉ុន្តែនៅមូលដ្ឋានតាមទម្លាប់គេនៅតែធ្វើ ត្រូវតែបណ្តែតប្រទីប អញ្ចឹងត្រូវណែនាំដើម្បីការពារផងដែរ»៕

សម្រួលអត្ថបទ ៖ S.T