ស្វែងយល់ពីសារៈសំខាន់ ​នៃបច្ចេកវិទ្យាផលិតអគ្គិសនីពី​ពន្លឺព្រះអាទិត្យ​នៅកម្ពុជា​

(ភ្នំពេញ)៖ នៅក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួនកាលពីថ្ងៃទី៥ ខែមេសាឆ្នាំ២០១៩ កន្លងទៅនេះ គណៈរដ្ឋមន្រ្តីបាន​អនុម័ត​គម្រោង​វិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យថ្មី២ថែមទៀត ដែលគម្រោងនីមួយៗមានអានុភាព៦០ MW ហើយនឹងត្រូវសាងសង់នៅខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដោយក្រុមហ៊ុន Schnei Tec Co., Ltd.។ ជាមួយគ្នានេះដែរ អង្គប្រជុំ​ក៏បានអនុម័តបន្ថែមអានុភាព២០ MW លើគម្រោងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ៦០ MW នៅខេត្តកំពង់ស្ពឺ ដែលបានអនុម័តរួចកន្លងមក ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអគ្គិសនី​នៅ​កម្ពុជា​។​ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយបញ្ជាក់អំពីកិច្ចខិតខំប្រេងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា។

នាពេលថ្មីៗនេះ គម្រោងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៦០ មេហ្គាវ៉ាត់ (MW) ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមផ្គត់ផ្គង់​អគ្គិ​សនី​ដំណាក់​កាលដំបូងរបស់ខ្លួន។ គម្រោងនេះត្រូវបានប្រកាសដោយអគ្គិសនីកម្ពុជានៅខែឧសភាឆ្នាំ​២០១៨ ហើយបានចាប់ផ្តើមដំណើរ​ការ​សាង​សង់​នៅខែវិច្ឆិកាឆ្នាំ២០១៨។ ប្រការដែលគួរឱ្យកត់សម្គាល់គឺគម្រោងនេះត្រូវបាន​សាង​សង់ក្នុងរយៈពេលខ្លី ពោលគឺប្រមាណតែ៥ខែ ហើយអាចចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីដល់បណ្តាញ រួមចំណែកក្នុងការកាត់បន្ថយកង្វះខាតថាមពលនាពេលបច្ចុប្បន្ននេះ។ គម្រោងថាមពលពន្លឺព្រះអាទិត្យដែលទើបដាក់ឱ្យដំណើរការនេះ គឺជាស្ថានីយអគ្គិសនីដើរដោយ ពន្លឺព្រះអាទិត្យភ្ជាប់បណ្តាញទី២ នៅកម្ពុជា បន្ទាប់គម្រោងទី១កម្លាំង១០ MW ដែលគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី បានចាប់ផ្តើមប្រតិបត្តិការនៅបាវិត កាលពីឆ្នាំ២០១៨។

លក្ខណៈពិសេសនៃគម្រោងផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យគឺថា វាអាចផលិតអគ្គិសនី បានច្រើនបំផុតនៅពេលថ្ងៃក្តៅខ្លាំង​ពោល​គឺ​ស្រប​គ្នា​នឹង​ពេល​ដែល​មាន​តម្រូវ​ការ​ប្រើប្រាស់ ខ្ពស់របស់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលការខ្វះខាតអគ្គិសនីអាចមានផលប៉ះពាល់ អវិជ្ជមានច្រើនដល់ប្រតិបត្តិការ និងដំណើរការផលិតកម្ម។

ជារួម អានុភាពសរុបនៃស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទាំងអស់ដែលភ្ជាប់បណ្តាញ ហើយកំពុងប្រតិបត្តិការ សាងសង់ ឬបានអនុម័តរួចហើយ ស្មើនឹង២១០ MW ឬប្រមាណ១២% នៃបរិមាណអគ្គិសនីផលិតសរុប ដែលខ្ពស់ជាងតួលេខមធ្យមក្នុងបណ្តាប្រទេសអាស៊ាន ដែលមានតិចជាង១០%។ នៅពេលអនុវត្តពេញលេញ គម្រោងទាំងនេះអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ២២០.០០០ តោនក្នុងមួយឆ្នាំ ឬ៤,៤ លានតោន ក្នុងរយៈពេលអនុវត្តគម្រោង២០ឆ្នាំ។

លើសពីនេះ គម្រោងថាមពលពន្លឺព្រះអាទិត្យសរុបប្រមាណ៩០ MW កំពុងដំណើរការ ឬនៅក្នុងដំណាក់ កាលសាងសង់នៅកម្ពុជា ដោយក្រុមហ៊ុនឯកជន ឬអង្គការមួយចំនួន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា គម្រោង១០MW នៅរោងចក្រស៊ីម៉ងត៍ជីបម៉ុង ៧,៥MW នៅរោងចក្រស៊ីម៉ងត៍កំពតព្រមទាំងប្រព័ន្ធផលិត ថាមពលអគ្គិសនីដោយពន្លឺអាទិត្យដែលតម្លើងលើដំបូលនៅក្រុមហ៊ុនកូកាកូឡា ISISteel អង្គរឌែរី និងសាលា អន្តរជាតិភ្នំពេញ (ក្រោមយន្តការឥណទានកាបូនរួមគ្នាជាមួយជប៉ុន)។ គម្រោងទាំងនេះអាចកាត់ បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ៩៣.០០០ តោនក្នុងមួយឆ្នាំ ឬ១,៩ លានតោន ក្នុងរយៈពេល ​២០​ឆ្នាំ​​។

ជាប្រទេសដែលស្ថិតនៅក្នុងតំបន់ក្បែរត្រូពិក កម្ពុជាមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យដ៏ធំធេង។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃស្ថានីយ​អគ្គិ​សនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យនាពេលថ្មីៗនេះនៅកម្ពុជា បានបើកនូវទំព័រថ្មីមួយរបស់វិស័យថាមពលជាតិ ក្នុងការឈានទៅសម្រេចបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពទី៧ ក៏ដូចជាការរួមចំណែករបស់ជាតិក្នុងការអនុវត្ត​អនុ​សញ្ញាក្របខណ្ឌសហ ប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈការផលិតអគ្គិសនីស្អាតពីប្រភពកកើតឡើងវិញ ​និង​ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអាចកើតមានបណ្តាលមកពីការប្រើប្រាស់ ឥន្ធនៈហ្វូស៊ីលសម្រាប់ផលិតអគ្គិសនី​។​

ក្នុងខណៈដែលតម្លៃនៃបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យទូទាំងពិភពលោកកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយប្រសិទ្ធភាពបច្ចេកវិទ្យានេះ​កាន់​តែ​កើន​ឡើង​ ការផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យកាន់តែមានភាព ប្រកួតប្រជែង ហើយកាន់តែអាចរួមចំណែកច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា តាមរយៈការកាត់បន្ថយ ថ្លៃអគ្គីសនី ការកាត់បន្ថយការបាត់បង់ថាម​ពល​នៅពេលបញ្ជូន ការពង្រឹងសន្តិសុខថាមពលជាតិ ការកាត់បន្ថយ ការបំពុលបរិស្ថាន ការកាត់បន្ថយចំណាយលើការនាំចូលឥន្ធនៈហ្វូស៊ីល និងការផ្តល់ឱកាសការងារជូន ប្រជាពលរដ្ឋកាន់តែច្រើន។ ប្រការគួរឱ្យកត់សំគាល់មួយទៀតគឺថា បើធៀបជាមួយ​បច្ចេកវិទ្យាផលិតអគ្គិសនី ផ្សេងៗទៀត ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអាចសាងសង់រួចក្នុងរយៈពេលខ្លី ដែលជាកត្តា សំខាន់បំផុតក្នុងការឆ្លើយតបទៅនឹងកំណើនតម្រូវការថាមពលនៅរដូវប្រាំង៕