ឆ្នាំ​២០២០ ផ្លូវ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នឹងត្រូវ​ស្ថាបនា​និង​ជួសជុល​ឲ្យ​បាន​ស្អាត​ទាំងស្រុង​

(​សៀមរាប)៖ ​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​អ្នកកាសែត​ថា ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្នុង​រមណីយ ដ្ឋា​ន​អង្គរ និង​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរ​របស់​ប្រជា ពលរដ្ឋ​និង​អ្នកទេសចរ​នោះអាជ្ញាធរ​ជាតិ​អប្សរា​នឹង​ស្ថាបនា​និង​ជួសជុល​ផ្លូវ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​នេះ​ឲ្យ​រួច​ទាំងអស់​នៅ​ឆ្នាំ​២០២០​ខាង​មុខ។​​បច្ចុប្បន្ន​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​ស្ថាបនា​និង​ជួសជុល​ផ្លូវ​នៅ​តំបន់​អង្គរ​ឱ្យ​ស្អាត​បានជា​ច្រើន​ខ្សែ​មកហើយ ។​

លោក យិ​ត ចាន់​ដារ​ដ្ឋ បាន​បន្តថា ការកសាង​ផ្លូវថ្នល់​នៅក្នុង​តំបន់​អង្គរ​នេះ គឺមាន​លក្ខណៈពិសេស និង​ខុសប្លែក​ពី​ការកសាង​ផ្លូវ​នៅ​ទីកន្លែង​ដទៃទៀត​ដោយសារ​រមណីយដ្ឋាន​អង្គរ​គឺជា​បេតិកភណ្ឌ​ពិភពលោក​ដែល​មិនមែន​មានតែ​ប្រាសាទបុរាណ និង​រមណីយដ្ឋាន​បុរាណវិទ្យា ដែល​ត្រូវការពារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួមបញ្ចូល​ទាំង​ទេសភាព​វប្បធម៌​ផងដែរ ។​

​លោក​បាន​រំលឹក​កន្លងមកនេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​ដូចជា AFD, KOICA ក៏​ដូច​មានការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​រាជរដ្ឋាភិបាល​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សាងសង់​ផ្លូវ​ថ្មី និង​ផ្លូវ​វាង​តំបន់​អង្គរ ព្រមទាំង​ជួសជុល​ថែទាំ​ផ្លូវ​បានជា​ច្រើន​ខ្សែ ដូចជា ផ្លូវ ៦០ ម៉ែត្រ , ផ្លូវ​មិត្តភាព កម្ពុជា​-​កូរ៉េ , ចេញពី​ផ្លូវជាតិ​លេខ​៦ ទៅ​ព្រះ​ដាក់​,​ផ្លូវ​ចេញពី​ផ្លូវ​លេខ​៦​ត្រង់​សាលា​គ្រួស​ទៅ​ផ្លូវ​មុខ​អង្គរ​ត្រង់​បាល់​ឡុង , ផ្លូវ​ចេញពី​ផ្លូវ​លេខ​៦ ទៅ​បន្ទាយស្រី , ផ្លូវ​ចេញពី​ខ្លោងទ្វារ​ដៃ​ឆ្នាំង​ភ្ជាប់​ទៅ​ផ្លូវ​វាង​កូរ៉េ​ដំណាក់កាល​ទី​២ , ផ្លូវ​ក​ស្សិន្ធុ​អង្គរ​ទៅ​ស្រះស្រង់ , ផ្លូវ​វង់​ធំ​ចេញពី​ខ្លោងទ្វារ​ដៃ​ឆ្នាំង​ទៅ​ប្រាសាទនាគព័ន្ធ​ជាដើម ៕