កូនពស់កេងកង លាឈប់ពីអាជីពបាល់ទាត់ បន្ទាប់ពីក្លាយជាវិស្វករ

(ភ្នំពេញ)៖ កូនប្រុសបង្កើតរបស់លោកប៉ែន ផាត ដែលជាតារាបាល់ទាត់កម្ពុជាដ៏ល្បីល្បាញពីចុងទសវត្ស១៩៦០ និងទសវត្សឆ្នាំ
១៩៧០នោះ បានលាឈប់ពីអាជីពជាកីឡាបាល់ទាត់ហើយ ក្នុងខណៈដែលគាត់បានក្លាយជាវិស្វករមួយរូបនៅប្រទេសបារាំង ។

ប៉ែន ស្ដេហ្វាន ដែលសរសេរតាមអក្សរឡាតាំងគឺ(Pen Stephane)នោះធ្លាប់មកជួយលេងឲ្យក្រុមជម្រើសជាតិកម្ពុជា និងចុងក្រោយលេងឲ្យក្លិបណាហ្គាវើល បានមួយរយៈមុនពេលគេទៅសិក្សាបញ្ចប់វិស្វករនៅប្រទេសបារាំងដែលជាកន្លែងដែលគេរស់នៅ ។

លោកប៉ែន ផាត ដែលជាឧ៍ពុកបង្កើតរបស់ប៉ែន ស្ដេហ្វាននោះគឺជាកីឡាបាល់ទាត់កម្ពុជាដ៏ល្បីល្បាញហើយនៅឆ្នាំ១៩៧២លោកបានចេញទៅលេងឲ្យក្លិបមួយនៅក្នុងប្រទេសថៃ ។ក្នុងសម័យប៉ុល ពតលោកបានភៀសខ្លួនបន្តទៅនៅប្រទេសបារាំងទល់សព្វថ្ងៃនេះ ។
ក្នុងអម្លុងលេងនៅប្រទេសថៃលោកប៉ែន ផាតត្រូវប្រជាជនថៃផ្ដល់រហស្សនាមថាពស់កេងកងដោយសារតែចលនាបណ្ដើរបាល់របស់លោករស់រវើកដូចចលនាពស់លូន ។

លោកប៉ែន ផាតបានប្រាប់ឲ្យដឹងតាមរយៈសារអេឡិចត្រូបនិកពីប្រទេសបារាំងមកថាកូនប្រុសរបស់លោកក្រៅពីលោកជួយ
បង្ហាតនោះគេធ្លាប់ហ្វឹកហាត់នៅសាលាបាល់ទាត់ដ៏ល្បីល្បាញមួយនៅប្រទេសបារាំងដែលសាលានោះបានបណ្ដុះបណ្ដាលកីឡាករល្អៗ
ជាច្រើនដែលលេងឲ្យក្រុមជម្រើសជាតិបារាំងនិងលេងឲ្យក្លិបនានានៅក្នុងលីកនៃបណ្ដាប្រទេសអឺរុប ។

សម្រាប់ប៉ែន ស្ដាហ្វានដែលប្រសូត្រនៅថ្ដៃទី២៩ឧសភាឆ្នាំ១៩៨៦នោះពេលនេះគេមានអាយុ៣៤ឆ្នាំហើយ ។ក្លិបលីកជាច្រើន
នៅក្នុងប្រទេសថៃចង់បានរូបគេលេងឲ្យណាស់តែគេរវល់ក្នុងការសិក្សាហើយពេលនេះគេបានចូលបំពេញការងារទៀតនោះគេក៏សម្រេច
ចិត្តបោះបង់អាជីពបាល់ទាត់តែម្ដង ។តែទោះជាយ៉ាងណាក៏នៅពេលទំនេរគេនៅតែលេងបាល់ទាត់ដើម្បីសុខភាពប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ប៉ែន ស្ដេហ្វា មិនទាន់មានភរិយានៅឡើយទេ ។គេនិយាយថាគេស្រឡាញ់បាល់ទាត់ណាស់តែដោយសារការងារ
ទើបគេសម្រេចចិត្តឈប់លេងបាល់ទាត់បែបនេះ ៕

ដោយ៖ កូនដូច (Yuth)