សម្តេចតេជោ ហ៊ុន សែន៖ បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើខុសច្បាប់ ហើយដោយសារតែទង្វើខុសច្បាប់នេះហើយដែលធ្វើឱ្យគេភ័យខ្លាចខ្លួនឯងនោះ

(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា មានមជ្ឈដ្ឋានអគតិមួយចំនួនរួមទាំងអ្នកវិភាគខ្លះផងតែងចោទប្រកាន់ថា សព្វថ្ងៃនេះកម្ពុជាមានសន្តិភាពហើយ ប៉ុន្តែអសន្តិសុខក្នុងចិត្ត ដែលប្រការនេះត្រូវបានសម្តេចឆ្លើយតបវិញថា បើចង់មានសន្តិភាពផ្លូវចិត្ត សូមកុំធ្វើអ្វីដែលខុសច្បាប់ ហើយដោយសារតែទង្វើខុសច្បាប់នេះហើយដែលធ្វើឱ្យគេភ័យខ្លាចខ្លួនឯងនោះ។ សម្តេចតេជោ ថ្លែងដូចនេះនៅព្រឹកថ្ងៃពុធថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «អាខ្លះលើកឡើងថា សព្វថ្ងៃមានសន្តិភាពហើយ តែអសន្តិសុខក្នុងចិត្ត អើបើហ្អែងធ្វើខុសច្បាប់ អសន្តិសុខ ងាប់តែហ្អែងហ្នឹងទៅ។ បើចង់មានសន្តិភាពខាងផ្លូវចិត្ត ហ្អែងកុំធ្វើខុសច្បាប់ និយាយឱ្យខ្លីអញ្ចេះ។ មិនមែនសង្គមនេះធ្វើឱ្យហ្អែងងាប់ទេ មកពីហ្អែងធ្វើខុសច្បាប់ទើបហ្អែងភ័យខ្លាចរាល់ថ្ងៃ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សន្តិសុខសង្គមឱ្យខានតែបាន ធ្វើម៉េចកុំឱ្យប្រទេសរបស់យើងធ្លាក់ក្នុងស្ថានភាពចលាចលទោះដោយតម្លៃណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណដល់ប្រជាពលរដ្ឋកម្ពុជាជាង១៦លាននាក់ ដែលបានចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមដោយមិនលុះតាមការញុះញង់ដោយឧក្រិដ្ឋជនពីខាងក្រៅ និងខាងក្នុង។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំហៅឧក្រិដ្ឋជន អ្នកណាចង់ថាអីថាទៅ។ អញ្ចឹងទេ ដោយសារភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋចូលរួមហ្នឹងហើយ បានជាយើងភ្ជុំប្រកបដោយសន្តិភាព យើងដើរលេងប្រកបដោយសន្តិភាព ដោយសារតែសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមហ្នឹងហើយ»៕

សម្រួលអត្ថបទ ៖ S.T