លោក​ ពេជ្រ​ ស្រស់​៖ អំពាវនាវឲ្យដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័នតុលាការអនុវត្តន៍ច្បាប់ទៅលេីសមាជិកសភា​លោក ណយ​ ស្រូន​ ពាក់ព័ន្ធ​ក្នុងការរៀបចំឯកសារកាន់កាប់ដីទំហំ ៥៣១ហិកតា…..

(ភ្នំបេញ) ៖ បន្ទាប់ពីសម្ដេចក្រឡាហោមបានផ្ញើលិខិតមួយជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដើម្បីអប់រំណែនាំដល់លោក ណូយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨ ពាក់ព័ន្ធនឹងការទន្ទ្រានយកដីព្រៃនៅតំបន់ការពារធម្មជាតិមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរីនោះ លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជនកម្ពុជា​ក៏បាន ប្រតិកម្ម និងអំពាវនាវឲ្យដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័នតុលាការអនុវត្តន៍ច្បាប់ទៅលេីសមាជិកសភា​ លោក ណយ​ ស្រូន​ ពាក់ព័ន្ធ​ក្នុងការរៀបចំឯកសារកាន់កាប់ដីទំហំ ៥៣១ហិកតា ក្នុងភូមពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ចំពោះករណីនេះដែរ លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជនកម្ពុជា​ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Sky News តាមរយៈទូរស័ព្ទ និងយោងតាមហ្វេសប៊ុកផ្ទាល់របស់លោកបានឲ្យដឹងថា៖ «បើអ្នកធំធ្វើខុស សុំទោសហើយរួចខ្លួន បើពលរដ្ឋខ្សត់ខ្សោយវិញគឺមិនបាច់និយាយច្រើនទេ ត្រូវតែចូលគុក
ចំពោះករណីសមាជិកព្រឹទ្ធសភាម្នាក់នេះ បើរកឃើញថាមានការទន្រ្ទានដីរដ្ឋខុសច្បាប់ហើយ សូមអនុវត្តន៍
ច្បាប់លើរូបគាត់ គឺដើម្បីស្មើភាពគ្នាចំពោះមុខច្បាប់រវាងអ្នកធំ និងអ្នកតូច ដោយមិនអាចសុំទោសហើយ
រួចខ្លួននោះទេ»។

លោក ពេជ្រ ស្រស់ បានបន្ថែមថា​ ៖ ច្បាប់ដាក់ទោសមនុស្សប្រព្រឹត្តិខុសច្បាប់ ហើយបើច្បាប់មិនដាក់ទោសអ្នកធំប្រព្រិត្តិខុសច្បាប់ តើបង្កើតច្បាប់មកដើម្បីអ្វី ? ខ្ញុំសូមអំពាវនាវឲ្យមានការអនុវត្តច្បាប់លើលោក ណយ ស្រូន ដើម្បីតម្លាភាពក្នុងការអនុវត្តច្បាប់ ព្រមទាំងផ្តល់ភាពស្មើគ្នារវាងអ្នកមានអំណាច និងអ្នកគ្មានអំណាច។

សូមបញ្ជាក់ជូន​ថា​ កាលពីរសៀលម្សិលមិញថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ អ្នកនាំពាក្យនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ បាន​សេចក្តីបំភ្លឺបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីអប់រំណែនាំដល់លោក ណូយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨ ចំពោះការពាក់ព័ន្ធនឹងការទន្ទ្រានយកដីព្រៃនៅតំបន់ការពារធម្មជាតិមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី។

អ្នកនាំពាក្យអគ្គលេខាធិការរដ្ឋានព្រឹទ្ធសភាជាតិ  បានឱ្យដឹងថា លោក ណយ ស្រួន ពុំទាន់បានគ្រប់គ្រង និង​ប្រើប្រាស់ដីទំហំ ៥៣១ ហិកតានោះនៅឡើ​យ​ទេ ដោយទើបតែស្ថិត​ក្នុងដំណើ​ការ​ដាក់​ពាក្យស្នើសុំកាន់កាប់ ហើយអាជ្ញាធរមានសមត្ថកិច្ច ក៏ពុំទាន់អនុញ្ញាត​នៅឡើយ​ដែរ។ អ្នក​នាំពាក្យព្រឹទ្ធសភា បញ្ជាក់ថា សម្តេចសាយឈុំ បានធ្វើការណែនាំ និងអប់រំលោក ណយ ស្រួនហើយ ឱ្យឈប់ពាក់ព័ន្ធនឹងដីនេះតទៅទៀត ខណៈដែលសាមីខ្លួនក៏បាន​យល់ព្រមទទួលអនុវត្តតាម។

ផ្អែកតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ទីស្ដីការគណៈរដ្ឋមន្ត្រី បានរាយការណ៍​ជូន សម្ដេចតេជោ ហ៊ុន សែន អំពីករណីសកម្ម​ភាពនៃការកាប់រាន ដុតឆ្ការ ទន្ទ្រាន​កាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ស្ថិតដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វ ព្រៃស្រែពក និងដែនជម្រក​សត្វព្រៃភ្នំព្រេច។

លោក ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ បានធ្វើលិខិតមួយរាយការជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបដិសេធថា លោកមិនបាគ្រប់គ្រងដី ទំហំ៥៣១ ហិកតា ដូចការអះអាងរបស់មេភូមិពូហ្សាម និងមេឃុំ សែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរីនោះទេ។ លោកប្រាប់ថា លោក សុំដកខ្លួនពីរឿងដីទំហំ៥៣១ ហិកតា ដោយទុកឱ្យរដ្ឋជាអ្នកគ្រប់គ្រងតាមច្បាប់៕

សម្រួលអត្ថបទ ៖ S.T