realme SLED 4K TV ចេញផ្លូវការ មានអេក្រង់ទំហំ 55 អ៊ីញ SLED និងឧបករណ៍បំពងសម្លេង 100W

កាលពីម្សិលមិញនេះ realme បានធ្វើការបើកព្រឹត្តិការណ៍របស់ខ្លួនមួយ ក្នុងការប្រកាសចេញផលិតផលជំនាន់ថ្មី ក្នុងប្រទេសឥណ្ឌា ហើយក្នុងនោះ គេក៏បានធ្វើការប្រកាសចេញផលិតផលមួយចំនួន ដូចជាកាសឥតខ្សែ និង realme 7 Series ប្រភេទ Special Edition ផងដែរ។ មិនទាន់អស់ទេ នៅក្នុងនោះ ក្រុមហ៊ុនចិនមួយនេះ ក៏បានធ្វើការប្រកាសចេញទូរទស្សន៍ឆ្លាតមួយម៉ូឌែលទៀត ឈ្មោះថា SLED 4K TV ដែលវាមានភ្ជាប់មកជាមួយកម្រិតបង្ហាញខ្ពស់ទៀតផង។

    

ទូរទស្សន៍វៃឆ្លាត ជំនាន់ចុងក្រោយបង្អស់របស់ realme ថ្មីនេះ បានបំពាក់មកជាមួយអេក្រង់ទំហំ 55 អ៊ីញ QLED មានកម្រិតបង្ហាញរូបភាពដល់ 4K ជាមួយគែមអេក្រង់កាន់តែខ្លី ហើយមានផ្ទៃអេក្រង់លាតដល់ 94.6 ភាគរយ ដែលមើលទៅពិតជាស្អាតទាក់ភ្នែកមែនទែន។ មិនតែប៉ុណ្ណោះ វាក៏មានបច្ចេកវិទ្យា RGB និងគាំទ្រកម្រិតពណ៌ NTSC ដល់ 108 ភាគរយ ព្រមទាំងមានការទទួលការកាត់បន្ថយពន្លឺពណ៌ខៀវដោយ TUV Rheinland ទៀតផង។

លើសពីនេះទៅទៀត ទូរទស្សន៍ឆ្លាតជំនាន់ថ្មីរបស់ realme មួយនេះ ត្រូវបានបំពាក់ ដោយបន្ទះឈីប MediaTek ប្រភេទ 64bit Quad Core និងបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។ ជាក់ស្ដែង realme SLED 4K TV បានដំណើរការដោយ Android TV ដូច្នេះវាក៏មានមុខងារពិសេសចំនួនទៀតដូចស្មាតហ្វូនដែរ ក្នុងនោះរួមមាន Wi-Fi, Bluetooth 5.0, Google Assistant ហើយមានកម្មវិធីកម្សាន្ដ ជាច្រើនដូចជា Chromecast, Netflix, YouTube, Prime Video និង Live Channel ជាដើម។

បន្ថែមពីនេះ realme ក៏បានបញ្ចេញបាសបំពងសម្លេង Soundbar សម្រាប់ប្រើជាមួយទូរទស្សន៍នេះ ដែលមានកម្លាំងសរុប 100W ដោយ Subwoofer មានកម្លាំង 40W និងអាចគាំទ្រការភ្ជាប់តាមរយៈ Bluetooth ផងដែរ។ ជាចុងក្រោយ realme នឹងធ្វើការដាក់លក់ ទូរទស្សន៍វៃឆ្លាត និង Soundbar នេះ នៅលើគេហទំព័រ Flipkart និងវេបផ្សាយតផ្លូវការរបស់ខ្លូនផ្ទាល់ ចាប់ពីថ្ងៃទី 16 ខែតុលានេះតែម្ដង។ ដោយឡែក សម្រាប់តម្លៃវិញ ដោយសម្រាប់ទូរទស្សន៍ មានតម្លៃ 545 ដុល្លារ និង Soundbar មានតម្លៃប្រមាណជា 95 ដុល្លារ។

ដោយ៖ Vireak

ប្រភព៖ GSMAreana