ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ ពោរពេញ​ដោយ​រឿងអាស្រូវ ស្លាប់​នៅ​អាយុ ៧០ ឆ្នាំ​

​(បរទេស)៖ ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​មេសា​ថា ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ ដែល​ការដឹកនាំ​របស់គាត់​រួមមាន​ទាំង​រឿងអាស្រូវ ​ដូចជា​ឧបទ្ទវហេតុ​ដ៏​ល្បី​នៃ​កូនស្រី​របស់គាត់ “​ផ្ទុះ​កំហឹង​រឿង​​គ្រាប់​ស​ណ្តែ​ក​នៅលើ​យន្តហោះ​នោះ​” បាន​ស្លាប់​ដោយសារ​ជំងឺ​។​

​លោក​ចូ យ៉ាង​ហូ (Cho Yang-ho) ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ជាច្រើន​ករណី​រួមទាំង​ការ​លួច​គៃបន្លំ​និង​ការ​គេចវេះ​ពន្ធ ហើយ​ការស្លាប់​របស់គាត់​បាន​កើតឡើង​ក្នុង​រយៈពេល​តិចជាង​ពីរ​សប្តាហ៍ បន្ទាប់ពី​ការបោះឆ្នោត​របស់​ម្ចាស់​ភាគហ៊ុន​មួយ​បាន​បោះ​ទម្លាក់​បុរស​អាយុ ៧០ ឆ្នាំ​រូបនេះ​ចេញពី​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន ​ជុំវិញ​រឿង​អាស្រូវ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​គ្រួសារ​កាន់អំណាច​របស់​គាត់​។​

​ក្រុមហ៊ុន​នេះ​បាន​និយាយថា លោក​ចូ​បាន​ស្លាប់​នៅក្នុង​សហរដ្ឋអាម៉េរិក ​ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ជំងឺ​របស់គាត់​ឬ​ផ្តល់ព័ត៌មាន​លម្អិត​ផ្សេងទៀត​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គាត់​ស្តីពី​ការស្លាប់​របស់គាត់​នោះទេ​។ លោក​ ចូ​នៅតែ​ជា​ប្រធាន​ក្រុមហ៊ុន ដែលជា​តួនាទី​មួយ​មិន​ស្ថិតក្នុង​ក្រុមប្រឹក្សាភិបាល​ទេ ទោះបី​បន្ទាប់ពី​ម្ចាស់​ភាគហ៊ុន​បាន​បណ្តេញ​លោក​ចេញពី​ក្រុមប្រឹក្សាភិបាល​ក៏ដោយ​។ លោក​បានបង្ហាញ​ពី​ចេតនា​របស់លោក​ក្នុង​ការបន្ត​ចូលរួម​ក្នុងការ​គ្រប់គ្រង​។​

​កូនស្រី​ច្បង​របស់លោក​ចូ នាង ចូ យុន​អា (Cho Hyun-ah) ដែល​ធ្លាប់ជា​ប្រធាន​ផ្នែក​សេវា​កាប៊ីន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ បានទទួល​នូវ​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់ពី​នាង​បាន​បញ្ជា​ឱ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​កូរ៉េ​មួយគ្រឿង​ត្រឡប់​ទៅ​ស្ថានីយ​វិញ​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ច​ន​អេ​ហ្វ​កេ​ណ្ណី​ឌី​ក្នុង​ទីក្រុង​ញូវយ៉ក ដោយសារតែ​នាង​ខឹង​យ៉ាងខ្លាំង​ដែល​បុគ្គលិក​ម្នាក់​បម្រើ​គ្រាប់សណ្តែក Macadamia ដាក់​ក្នុង​ថង់​ជំនួស​ឱ្យ​ការដាក់​ក្នុង​ចាន​ដល់​នាង​។ ឧបទ្ទវ​ហេតុនេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា “​កំហឹង​គ្រាប់សណ្តែក​” ដែល​បាន​ល្បី​លើ​សារព័ត៌មាន​អន្តរជាតិ ហើយ​បានធ្វើឱ្យ​ខូច​មុខមាត់​របស់​គ្រួសារ​ចូ​។​

​នាង​ចូ យុន​អា ​ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់គុក ១ ឆ្នាំ​ពីបទ​រំលោភ​លើ​ច្បាប់​អាកាសចរណ៍ ប៉ុន្តែ​ត្រូវបាន​ដោះលែង​មុន​កាលកំណត់ នៅពេល​តុលាការ​ជាន់ខ្ពស់​បាន​ព្យួរទោស​របស់​នាង​៕