គួរឲ្យចាប់អារម្មណ៍បំផុត! តាមពិតលោក គីម ជុងអ៊ុន បានផ្ញើសារសម្ងាត់​មួយជូន លោក ដូណាល់ ត្រាំ តែមិនមាន​ការបង្ហើប​ថា ជាអ្វីនោះឡើយ…

(វ៉ាស៊ីនតោន)៖ ​ក្រៅ​ពី​​​ការអញ្ជើញ​របស់ ​​លោក គីម ជុនអ៊ុន ទៅកាន់​លោក ត្រាំ ដើម្បីបើក​កិច្ច​​ប្រជុំកំពូល​ជួបមុខគ្នា​ផ្ទាល់ បេសក​ជន​ពិសេស​​​កូរ៉េ​ខាង​ត្បូង បានប្រគល់​សារផ្ទាល់មាត់​ពិសេស​មួយ​ផ្សេងទៀត ​របស់​មេដឹកនាំកំពូល​កូរ៉េខាងជើង​រូបនេះ ទៅ​ឲ្យ​លោក​​ប្រធានាធិបតី​​​អា​​មេ​​រិក។​ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។

ព័ត៌មានខាងលើ​ត្រូវបានបង្ហើបឲ្យដឹង តាមរយៈមន្រ្តីរដ្ឋាភិបាល​ទីក្រុងសេអ៊ូល​មួយរូប ដែលបានបដិសេធ​សុំមិនបញ្ចេញខ្លឹមសារ​លម្អិត ​នៃ​សារពិសេសនេះឡើយ ដោយលើក​ឡើងថា វាគឺជាការទំនាក់ទំនង​ផ្ទាល់ខ្លួនរវាង​មេដឹកនាំទាំងពីរ ប៉ុន្តែមន្រ្តី​រូបនោះ បានឲ្យ​តំរុយថា អត្ថន័យ​​នៃសារ​ផ្ទាល់មាត់នោះ គឺស៊ីជម្រៅជាងអ្វី​ដែលបាន​ពាំនាំដោយ​បេសកជន​ពិសេស។​

បើតាមប្រភព​ពីមន្រ្តីដដែល លោក គីម បានស្នើឲ្យបេសកជន​ពិសេស​កូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ពាំនាំយកសារ​​ពិសេសមួយមក​ឲ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយវាគឺជាផ្នែកមួយ​នៃកិច្ចប្រឹងប្រែង​របស់ លោក គីម ក្នុងការកសាងភាព​ជឿ​ជាក់​ឆ្ពោះ​​ទៅរកការបើក​កិច្ចប្រជុំកំពូល​ជាមួយ លោក ត្រាំ។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានទទួល​យកការ​អញ្ជើញពី លោក គីម ជុងអ៊ុន ឲ្យ​បើកកិច្ចប្រជុំកំពូល​មិនឲ្យ​លើសពី​ខែឧសភាឆ្នាំនេះ បន្ទាប់ពីរូបលោក​ត្រូវបានរាយការណ៍​ដោយ លោក ជុង អ៊ុយយ៉ុង ដែលជាទីប្រឹក្សា​ជាន់ខ្ពស់ផ្នែកសន្តិសុខជាតិ​របស់ លោក មូន ជែអ៊ីន អំពីជំនួប​របស់លោក ជុង ជាមួយ​លោក គីម នៅទីក្រុង​ព្យុងយ៉ាង កាលពីដើម​សប្តាហ៍នេះ៕