គម្រោង​វិនិយោគ​អគ្គិសនី ៣ កន្លែង ​​ត្រូវ​បាន​អនុម័ត

(ភ្នំពេញ)៖ រដ្ឋាភិបាល​កម្ពុជា​​កាល​ពី​សប្តាហ៍​មុន​បាន​សម្រេច​​ឲ្យ​មាន​ការ​សាងសង់​ស្ថានីយ​វារីអគ្គិសនី និង​ស្ថានីយ​ដើរ​ដោយ​​ពន្លឺ​ព្រះ​អាទិត្យ​​​ ​ដែល​​មាន​​សមត្ថភាព​ផលិត​អគ្គិសនី​បាន​សរុប​​ ២២០ ​មេហ្គាវ៉ាត់​ ដើម្បី​ឆ្លើយ​តប​នឹង​កង្វះ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នា​ពេល​បច្ចុប្បន្ន​។​

យោងតាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កម្ពុជា​ បច្ចុប្បន្ន​​កំពុង​ប្រឈម​​នឹង​បញ្ហា​កង្វះ​ខាត​ថាមពល​អគ្គិសនី​ប្រមាណ​ ​៤០០ ​មេហ្គាវ៉ាត់​ នា​អំឡុង​ខែ​ប្រាំង​ចាប់​ពី​ខែ ​មីនា ដល់​​ខែ​ ​ឧសភា ឆ្នាំ ​២០១​៩ ។

សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​​​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃ​សុក្រ បាន​ឲ្យ​​ដឹង​ថា ​រដ្ឋាភិបាល​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន SPHP (Cambodia) Co., Ltd ធ្វើ​ការ​វិនិយោគ​លើ​គម្រោង​សាងសង់​ស្ថានីយ​វារី​អគ្គិសនី ១ ​កន្លែង​នៅ​តាម​ស្ទឹង​ពោធិ៍សាត់ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ​ក្រោម​រូប​ភាព​សាងសង់​ដំណើរការ​ផ្ទេរ (BOT) ដោយ​ចំណាយ​ទុន​វិនិយោគ​ ២៣១,១០ ​លាន​ដុល្លារ ​សម្រាប់​រយៈពេល​សម្បទាន​៣៩ ឆ្នាំ​។ គម្រោង​នេះ​​មាន​ទំហំ ៨០​ មេហ្គាវ៉ាត់ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ ​២០២៣។

ចំណែក​​​ក្រុមហ៊ុន Schnei Tec Co., Ltd ដែល​កាល​ពី​ថ្ងៃ​ទី ​៤ ខែ​មេសា ​ទើប​​ដាក់​បញ្ចូល​​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះ​អាទិត្យ​​ចំនួន ២០ ​​មេហ្គាវ៉ាត់ ក្នុង​ចំណោម​ថាមពល​សរុប ៦០ ​មេហ្គាវ៉ាត់ នៅ​ស្ថានីយ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ទៅ​ក្នុង​បណ្តាញ​ជាតិ ក៏​ត្រូវ​បាន​​រដ្ឋាភិបាល​អនុម័ត​​​ឲ្យ​​​វិនិយោគ​លើ​គម្រោង​សាងសង់​ស្ថានីយ​អគ្គិសនី​​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ចំនួន​​ ​២ ​កន្លែង​បន្ថែម​​ទៀត​​ ដោយ ​១ ​​ទីតាំង​​​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ទំហំ​ ៦០ ​មេហ្គាវ៉ាត់ និង ​១ ​កន្លែង​ទៀត​នៅ​​​ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ទំហំ ៦០ ​មេហ្គាវ៉ាត់​។ គម្រោង​នេះ​ធ្វើ​ក្នុង​រូបភាព​​សាងសង់​ធ្វើ​ជា​ម្ចាស់​ដំណើរការ​ដោយ​ខ្លួន​ឯង (BOO) ​ក្នុង​រយៈពេល​អាជីវកម្ម ២០ ​ឆ្នាំ ដោយ​ចំណាយ​ទុន​វិនិយោគ​សរុប​ជាង​​ ១១៦ ​​​លាន​ដុល្លារ​​។

បន្ថែម​ពី​លើ​នេះ​រដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​​ពង្រីក​ការ​វិនិយោគ​ចំនួន ២០ ​​មេហ្គាវ៉ាត់ នៅ​​លើ​​ស្ថានីយ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ​។​

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា ការ​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​នេះ​​អាច​​​និយាយ​ថា ជា​របត់​ថ្មី​មួយ​របស់​កម្ពុជា​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​សន្តិសុខ​ថាមពល ​ដើម្បី​ឆ្លើយ​តប​​នឹង​កំណើន​នៃ​ការ​ប្រើប្រាស់​ថាមពល​ដ៏​ច្រើន​​​ពេល​បច្ចុប្បន្ន។​

លោក​បញ្ជាក់​ថា៖​ «យើង​កំពុង​រៀបចំ​ពង្រឹង​ខ្លួន​ឯង​​ដើម្បី​ធានា​សន្តិសុខ​ថាមពល​ដោយ​ខ្លួន​ឯង​ ដោយ​​មិន​ពឹងពាក់​ទាំង​ស្រុង​ទៅ​​លើ​ថាមពល​ដែល​ទទួល​បាន​ពី​ប្រទេស​ជិត​ខាង​»។

កម្ពុជា​គ្រោង​នឹង​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ ២ ៨៧០ មេហ្គាវ៉ាត់​នៅ​ឆ្នាំ ​២០១៩ ​ដែល​កើន​ឡើង​ពី​ ២ ៦៥០,​២៦​ ​មេហ្គាវ៉ាត់​​ ក្នុង​ឆ្នាំ ​២០១៨​​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ ​២០១៨ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។

ទន្ទឹម​នឹង​ការ​សម្រេច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​សាងសង់​​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​បន្ថែម​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​ប្រកាស​ពី​ការ​ឈប់​​ទិញ​ថាមពល​​ពី​ប្រទេស​​ ​តួកគី ដោយ​លោក​លើក​ហេតុផល​ថា ការ​ចរចា​មិន​​ត្រូវ​គ្នា​លើ​លក្ខខណ្ឌ​មួយ​ចំនួន និង​ការ​​មក​មិន​ទាន់​សភាព​ការណ៍ ។

រដ្ឋាភិបាល​ក៏​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ «​ការ​គ្រប់គ្រង​ប្រេង​កាត និង​ផលិតផល​​ប្រេង​កាត»​ ផង​ដែរ ​ដែល​សេចក្តី​ព្រាង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកប​ដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​សម្រាប់​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ខណៈ​ការ​ទាញ​យក​ប្រេង​ជា​លើក​​ដំបូង​​របស់​កម្ពុជា​អាច​នឹង​លេច​​ឡើង​នៅ​ចុង​ឆ្នាំ​នេះ៕