អភិបាលខេត្តកំពង់ចាម ត្រៀមកម្លាំង ១២ .៥៤៥នាក់ ការពារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំ

(កំពង់ចាម)៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីការ ពារ សុខសុវត្តិភាពជូនពលរដ្ឋ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន បានត្រៀមកងកម្លាំង ចំនួន ១២.៥ ៤៥នាក់ ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ ជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ។

លោកអភិបាលខេត្តកំពង់ចាម បានថ្លែងដូច្នេះនៅក្នុង ពិធីប្រជុំត្រួតពិនិត្យការងារ ស្ដីពីផែនការបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយមានការចូលរួម ពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអភិបាលស្រុក-ក្រុងទាំង ១០ នាព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

តាមលោកអភិបាលខេត្ត កងកម្លាំង ទាំងអស់ ១២.៥៤៥ នាក់ ក្នុងនោះមន្ត្រីនគរបាលមានចំនួន ១០៨៧ នាក់ . អាវុធហត្ថ ៥១ នាក់ . យោធា ចំនួន ១២៧ នាក់ . និងកម្លាំងប្រជាការពារ ១១២៨០ នាក់. កម្លាំងទាំងអស់ ត្រៀមចូលរួមអនុវត្ត តាមផែនការដឹកនាំ របស់គណៈបញ្ជាការឯកភាព ក្រុង-ស្រុក ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជា ពលរដ្ឋកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។

ជាមួយគ្នានោះ បន្ថែមលើផែនការ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ លោកអភិបាលខេត្ត បានណែនាំឲ្យកងកម្លាំង ត្រូវពង្រឹងការសម្រួលចរាចរណ៍ គ្រប់គោលដៅទាំងអស់ ឲ្យបានផុលផុស ដោយហេតុថា ប្រជាពលរដ្ឋរបស់យើង កំពុងមានភាពសម្បូរសប្បាយ ដូច្នេះមធ្យោបាយធ្វើដំណើរក៏មានច្រើន ជាពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ពិតប្រាកដជាមានមធ្យោបាយ ធ្វើដំណើរយ៉ាងច្រើនផងដែរ ដូច្នេះការស្ទះចរាចរណ៍ ពិតជាមានច្រើនកន្លែង ដែលប្រការនេះ កម្លាំងសមត្ថកិច្ចរបស់យើង ត្រូវតែពង្រឹងលើការងារសម្រួលចរាចរណ៍ កុំប្រកាន់លើគោលដៅគេ ឬគោលដៅឯង ពោលគឺត្រូវរួមគ្នាសម្រួល កុំឲ្យមានការកកស្ទះចរាចរណ៍គ្រប់ពេលវេលា ឲ្យបានល្អប្រសើរ ។

ចំណុចទី២ ត្រូវត្រៀមកម្លាំមត្រៀមលក្ខណៈ នៅក្នុងហេតុការណ៍ ដែលអាចនឹងកើតឡើងផ្សេងៗ ដូចជាអ្នកទៅកម្សាន្តនៅតាមទឹកទន្លេ . ផ្នែកអគ្គីភ័យ . ផ្នែក សុខាភិបាល . ពោលគឺគ្រប់ហេតុការណ៍ដែលកើតឡើង យើងត្រូវរួមគ្នាដោះស្រាយ ឲ្យបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំកុរ នាឆ្នាំនេះ អាជ្ញាធរខេត្ត បានត្រៀមគោល ដៅកម្សាន្តសប្បាយ នៅតាមវត្តអារាម និងរមណីយដ្ឋាននានា ក្នុងក្រុង-ស្រុក ទាំង ១០ ចំនួន ១៣កន្លែង ក្នុងនោះ ស្រុកកំពង់សៀម មាន ៤កន្លែង គឺ រម្មណីដ្ឋានប្រវត្តិសាស្ត្រ វត្តនគរបាជ័យ រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំប្រុស ភ្នំស្រី. រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំហាន់ជ័យ និងរមណីយដ្ឋានកែច្នៃ ឆ្នេរខ្សាច់កោះប៉ែន៕