សាន សំអុន ប្រើកណ្ដាប់ដៃផ្ដួល ផាន ផាន់ណាត់ នៅទឹកទី៣

(ភ្នំពេញ)៖ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Cardនាយប់ថ្ងៃទីសាន សំអុនក្លិបអារុណរះកីឡាប្រើ កណ្ដាប់ផ្ដួលអ្នកប្រដាល់ផាន ផាន់ណាត់ ក្លិបទ័ពឆ័ត្រយោង៩១១ បណ្ដាលឲ្យអាជ្ញាកណ្ដាល បញ្ឈប់មុនស្នូរជួងបញ្ចប់ទឹកទី៣ ។

​ការប្រកួតសម្រាប់គូពានរង្វាន់ បែបនេះមានតែ៣ទឹកប៉ុណ្ណោះ។ ស្ថានភាពនៃការប្រកួត២ទឹកដំបូង គូទាំង២នេះហាក់ដូចជាមិនមាន នរណាលើនរណានោះទេ តែមកដល់ទឹកទី៣ សំអុនបញ្ចេញកណ្ដាប់ដៃ វាយសន្ធាប់លើ ផាន់ណាត់ ចំនួន៨ដៃ ធ្វើឲ្យផាន់ណាត់ដួល ហើយត្រូវ​អាជ្ញាកណ្ដាលរាប់៨។ ក្រោយពីរាប់ដល់៨ ផាន់ណាត់ ងក់ក្បាលថាគេអាចបន្តការប្រកួតបាន តែភ្លាមៗនោះសំអុនវាយសន្ធាប់ម្ដងទៀតធ្វើឲ្យ ផាន់ណាត់ ត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងទៀត ភ្លាមៗនោះ សំអុន ក៏កាន់តែសន្ធាប់បន្ថែមធ្វើឲ្យ ផាន់ណាត់ វង្វេងម្ដងទៀត។ លើកនេះអាជ្ញាកណ្ដាលមិនរាប់៨ម្ដងទៀតឡើយ ព្រោះនៅក្នុងបទបញ្ជាប្រកួត អាជ្ញាកណ្ដាលមិនរាប់៨ ៣ដងក្នុងទឹកតែមួយនោះទេ ។

​សាន់ សំអុន ប្រជែងបានកៅអី សម្រាប់ឡើងទៅប្រកួតបន្តនៅជុំទី២ ខណៈដែល ផាន ផាន់ណាត់ ខ្ទាតចេញពីការប្រកួតតែត្រឹម​នេះ។ ពេលនេះ មានអ្នកប្រដាល់ ៧រូបហើយ ដែលបានកក់កៅអី សម្រាប់ឡើងទៅប្រកួតជុំទី២ ហើយក៏មានអ្នកប្រដាល់៧រូបដែរ ដែលខ្ទាតចេញពីការប្រកួត ។

ចំពោះគូប្រកួត ក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះ អ្នកប្រដាល់ ផុន សុខ វិបុលក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ ដែលប្រកាសឡើងប្រកួតសងសឹក ជាមួយអ្នកប្រដាល់ ប៊ន ពន្លឹក ក្លិបនាគរាជគុនខ្មែរនោះ បានត្រឹមតែឡើងមកឈឺសាច់ ដោយទទួលបរាជ័យម្ដងទៀត ។

​អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។​ សុខវិបុល វ៉ៃបានល្អ តែមួយទឹកដំបូងប៉ុណ្ណោះ តែចាប់ពីទឹកទី២ទៅ ពន្លឹក កៀបសង្កត់យ៉ាងខ្លាំងមកលើវិបុល។ ទោះបី ស្ថិតក្នុងស្ថានភាពមិនល្អក៏ដោយ ក៏វិបុល នៅតែមិនបាក់ទឹកចិត្ត ដោយគេព្យាយាម ផ្លាស់ប្ដូរឥរិយាបទប្រកួតជាញឹកញាប់ តែទោះជាយ៉ាងនេះនក៏គេមិនអាចបំបែក ការវាយលុករបស់ពន្លឹកបានដែរ ។

​ចាប់ពីទឹកទី៣ទៅ ជង្គង់របស់ពន្លឹក បានធ្វើឲ្យ សុខ វិបុល កាន់តែជួបការលំបាកបន្ថែមទៀត។ ទោះបីយ៉ាងនេះក៏ដោយក៏ផុន សុខ ​វិបុល តស៊ូរហូតចប់ទឹកទី៥។ ផុន សុខវិបុល ចាញ់ប៊ន ពន្លឹកនដោយពិន្ទុម្ដងទៀត ។

​ខ្លាចាស់ សេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ ប្រកួតឈ្នះអ្នកប្រដាល់ជើងថ្មីតុប ផេង ក្លិបកុលបុត្រគុនខ្មែរ ដោយពិន្ទុទាំងប្រផិតប្រផើយ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។

​អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ស្ថានភាពប្រកួតរវាងអ្នកទាំង២ ពិតជាអស្ចារ្យមែន។ តុប ផេង ​ស្រករក្រោយមែន តែគេបានធ្វើឲ្យកុសល ឈឺសាច់មិនស្ទើរនោះទេ ។ ការវ៉ៃចេញរបស់កុសល មានប្រសិទ្ធភាពច្រើនជាងចំពោះ តុប ផេង ទោះបីគេវ៉ៃចេញច្រើន ក៏ពិតមែនតែ មិនសូវចំគោលដៅនោះទេ ។

​ខុសពីកុសល អាវុធដែលគេបញ្ចេញទាំងដៃ ទាំងជើង ទាំងជង្គង់ ភាគច្រើនចំគោលដៅ បានល្អជាងមិនតែប៉ុណ្ណោះ គេក៏ការពារបានល្អទៀតផង។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នា៥ទឹកពេញ តែម្ដងដោយ សេន កុសល ជាអ្នកឈ្នះពិន្ទុតុប ផេង ។

​ធន អៀងឡេង ក្លិបកងយោធពលខេមរភូមិន្ទ ប្រកួតឈ្នះអ្នកប្រដាល់សាន ឡាក់ហាយ ក្លិបយុវវាលស្បូវខ័ណ្ឌច្បារអំពៅដោយពិន្ទុ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕ ដោយ៖ កូនដូច(Micheal)