Ronaldo សារភាព​ថា​ ខ្លួន​ខឹង​ និង​ក្រៀម​ក្រំ ពេល​ Messi ឈ្នះ​ Ballon D’or

ខ្សែ​ប្រយុទ្ធ Cristaino Ronaldo កាល​ពី​ពេល​ថ្មីៗ​បាន​និយាយ​ថា ខ្លួន​មាន​អារម្មណ៍​ខឹង និង​ក្រៀម​ក្រំ កាល​គ្រា​ដែល Lionel Messi ឈ្នះ​ពាន Ballon D’or ផ្ទួនៗ​គ្នា កាល​ពី​អំឡុង​ឆ្នាំ ២០០៩ ដល់​ ២០១២។

Ronaldo បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី France Football ថា៖ “ខ្ញុំ​ឈ្នះ​ពាន​ Ballon D’or មុន​ Messi ប៉ុន្តែ​ក្រោយ​មក Messi ឈ្នះ​ពាន​នេះ​ដល់​ទៅ​ ៤​ឆ្នាំ​ជាប់​គ្នា”។ ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​បន្ត​ទៀត​ថា៖ “និយាយ​មិន​លាក់​បាំង​ទេ ខ្ញុំ​មាន​អារម្មណ៍​ខឹង និង​ក្រៀម​ក្រំ​ណាស់ អំឡុង​ពេល​ហ្នឹង។ ខ្ញុំ​តែង​តែ​ទៅ​ពិធី​ប្រកាស​អ្នក​ឈ្នះ​ពាន​ហ្នឹង ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បាន​ឈ្នះ​ម្ដង​សោះ។ ដល់​អ៊ីចឹង​ពេក រហូត​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ត ​មិន​ចង់​ទាំង​ទៅ​ចូល​រួម​ពិធី​នោះ​ផង នៅ​ពេល​មួយ​ក្នុង​អំឡុង​ពេល​ដែល​ Messi ឈ្នះ Ballon D’or ជា​ច្រើន​ឆ្នាំ​ផ្ទួនៗ​គ្នា។ ទៅ​ចូល​រួម​ពិធី​ Ballon D’or ដើម្បី​តែ​ថត​រូប វា​គ្មាន​ន័យ​ទេ សម្រាប់​ខ្ញុំ”។

ទោះ​ជា​សារភាព​ថា​ធ្លាប់​មាន​អារម្មណ៍​ដូច្នេះ​ក្ដី ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា៖ “តែ​ក្រោយ​មក បន្តិច​ម្ដង​ៗ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា ក្នុង​ជីវិត​គឺ​តែង​តែ​មាន​ចំណុច​ចាប់​ផ្ដើម និង​ចំណុច​បញ្ចប់។ ក្នុង​ពិភព​បាល់ទាត់​ ការ​ចាប់​ផ្ដើម​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​គឺ​លទ្ធផល​នៅ​ទី​ចុង​បញ្ចប់។ ដូច្នេះ​ខ្ញុំ​តាំង​ចិត្ត​ថា​អត់ធ្មត់​ និង​ខំ​ត​ទៅ​ទៀត។ ក្រោយ​មក ខ្ញុំ​ក៏​ឈ្នះ Ballon D’or ចំនួន ៤​ទៀត”។

សូម​បញ្ជាក់​ផង​ដែរ Cristiano Ronaldo បាន​ឈ្នះ​ពាន​ Ballon D’or ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០០៨ ដែល​កាល​នោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ នៅ​លេង​ឲ្យ​ក្លឹប​បិសាច​ក្រហម​នៅ​ឡើយ។ តែ​មួយ​ឆ្នាំ​ក្រោយ​មក​ពោល​គឺ​ឆ្នាំ ២០០៩ Lionel Messi បាន​ក្លាយ​ជា​ម្ចាស់​ពាន​នេះ ហើយ​និង​បន្ត​ឈ្នះ​ជាប់ៗ​គ្នា​នៅ​បី​ឆ្នាំ​បន្ទាប់។ នៅ​ឆ្នាំ ២០១៥ Messi បាន​ឈ្នះ​ពាន Ballon D’or ​ជា​លើក​ទី ៥​។ ចំណែក​ Ronaldo វិញ​បន្ទាប់​ពី​អាក់​ខាន​ស្គាល់​ជាតិ​ពាន​នេះ បួន​ឆ្នាំ បាន​ឈ្នះ​ពាន​ហ្នឹង​ឡើង​វិញ​នៅ​ឆ្នាំ ២០១៣ និង ២០១៤ ខណៈ​បន្ត​ឈ្នះ​ពីរ​ដង​ទៀត​នៅ​ឆ្នាំ ២០១៦ និង​២០១៧ តាម​ទាន់​កំណត់​ត្រា​របស់​ Messi ក្នុង​ការ​ឈ្នះ Ballon D’or រហូត​ដល់​ទៅ​៥​សម័យ៕

ប្រភព សប្បាយ