ឧត្តមសេនីយ៍ឯក តាត និមល ត្រូវបានប្រមុខរដ្ឋស្តីទី សម្រេចបញ្ចប់មុខតំណែង ពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ

(ភ្នំពេញ) ៖ លោកឧត្តមសេនីយ៍ឯក តាត និមល អត្តលេខ៧១៩១០  កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខរដ្ឋស្តីទី  បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយក ។ នេះបើយោងតាមព្រះរាជក្រឹត្យដែល អង្គភាពសារព័ត៌មាន Sky News ទើបទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ។

សូមរំលឹកជូនថា៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅ  ក៏បានចេញសេចក្តីណែនាំមួយ ស្តីពីវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និង ការប្រកបវិជ្ជាជីវៈមេធាវីរបស់មន្ត្រីរាជការក្រសួងមហផ្ទៃ ផងដែរ ដោយក្រសួងមហាផ្ទៃ ពិនិត្យឃើញថា​ មន្ត្រីរាជការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ​ ចំណុះក្រសួងមហាផ្ទៃ​ ប្រកបវិជ្ជាជីវៈជាមេធាវី​ ខណៈដែលខ្លួនកំពុងបំពេញមុខងារសាធារណៈ​  ដោយ ស្ថានភាពមន្ត្រីរាជការបែបនេះ​ផ្ទុយនឹងបទប្បញ្ញត្តិ​ និង​លិខិតបទដ្ឋានគតិយុត្ត​ ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល​ មន្ត្រីនគរបាលជាតិ​ មន្ត្រីពន្ធនាគារ​ និង​ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី​ ៕

សូមបញ្ជាក់ជូនថា៖ ចំពោះមូលហេតុនៃការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក តាត និមល យោងតាមព្រះរាជក្រឹត្យបញ្ចប់មុខតំណែងនេះ មិនបានបញ្ជាក់មូលហេតុអ្វីនោះទេ ៕

សម្រួលអត្ថបទ ៖ S.T