នាយករដ្ឋមន្រ្តីចិន Li Keqiang ទៅដល់ទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំចិន-សហភាពអឹរ៉ុបលើកទី២១

(ប៉េកាំង)៖ ក្រោយចាកចេញពីទីក្រុងប៉េកាំងនាវេលាព្រឹកថ្ងៃចន្ទ និងចំណាយពេលធ្វើដំណើរជាច្រើនម៉ោង នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានទៅដល់ទីក្រុងព្រុចសែលនៃប្រទេសបែលហ្សិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំចិន-សហភាពអឺរ៉ុប (EU) លើកទី២១។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។

លោក Li នឹងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលនេះ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk រួមជាមួយ ប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Junker។ ជាមួយគ្នានេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ក៏ត្រូវបានគេរំពឹងថា នឹងកើតមានឡើងផងដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Li នៅបែលហ្សិក។

គួរជម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅប្រទេសបែលហ្សិក លោកនាយករដ្ឋមន្រ្តីចិន នឹងបន្តធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសក្រូអាត ហើយចូលរួមកិច្ចប្រជុំកំពូលលើកទីពី០៨រវាងប្រទេសចិនជាមួយបណ្តាប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតថែមទៀត៕