ម្យ៉ាងដែរ! ចេះកាប់ដូងយកសាច់ទាំងមូល លក់បានថ្លៃហើយ មានអ្នកទិញច្រើនទៀត (មានវីដេអូ)

ម៉ាឡេស៊ី៖ ពិតណាស់! នៅក្នុងប្រទេសកម្ពុជា ផ្លែដូង ត្រូវបានគេដាក់លក់ស្ទើរតែពេញផ្ទៃប្រទេសទៅហើយ រាប់តាំងពីអ្នកលក់តាមរទេះ រហូតដល់ក្នុងផ្សារទំនើបតែម្តង ហើយតម្លៃវិញ ក៏ខុសគ្នាទៅតាមស្តង់ដារកន្លែងលក់នីមួយៗផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ បន្ទាប់ពីពិសាទឹកអស់ ប្រជាជនកម្ពុជាតែងតែកាប់ផ្លែដូងជាពីរ ហើយយកស្លាបព្រាដួសសាច់ ឬបោះចោលតែម្តង។

តូបលក់ដូងតាមផ្លូវក្នុងទីក្រុងMelaka ប្រទេសម៉ាឡេស៊ី

ដូច្នេះថ្ងៃនេះ ខ្មែរឡូត សូមនាំមិត្តអ្នកអានមកស្គាល់ និងមើលពីបច្ចេកទេស កាប់ដូងយកសំបកចេញអស់ ឲ្យសល់តែសាច់ទាំងមូលតែម្តង ដែលនេះជាស្នាដៃរបស់អ្នកលក់ដូងតាមផ្លូវមួយរូប នៅក្នុងទីក្រុងMelaka ប្រទេសម៉ាឡេស៊ី។

មកមើលបច្ចេកទេស កាប់ដូងយកសំបកចេញអស់ ឲ្យសល់តែសាច់ទាំងមូល

តាមរយៈអ្នកលក់ដូងជនជាតិម៉ាឡេស៊ី ដែលមានវ័យជាង២០ឆ្នាំរូបនេះ បានប្រាប់មកកាន់ខ្មែរឡូតឲ្យដឹងថា៖

«Melaka គឺជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយប្រចាំនៅក្នុងប្រទេសម៉ាឡេស៊ី ហើយជាទូទៅទេសចរដែលមកកម្សាន្តទីនេះ តែងតែចាប់អារម្មណ៍ចង់ភ្លក់ទឹកដូង និងមើលពីបច្ចេកទេសកាប់ដូងរបស់យើងផងដែរ។»

ដូង ត្រូវបានគេកាប់យកសំបកចេញអស់ សល់តែសាច់ និងទឹកតែម្តង

អ្នកលក់ដូងសំបុរស្រអែមរូបនេះបាននិយាយទៀតថា៖

«ក្នុងមួយថ្ងៃយើងអាចលក់ដូងបាន១០០ផ្លែ ដោយក្នុងមួយផ្លែគឺមានតម្លៃ ៥RM (ប្រហែល ១.២៨ ដុល្លារអាមេរិក) ប៉ុន្តែបើពេលរដូវកាលដែលមានទេសចរមកច្រើនវិញ គឺអាចលក់បានលើសនេះទៅទៀត។»

ពេលពិសាទឹកអស់ គេក៏អាចពិសាសាច់ដូង បានយ៉ាងងាយតែម្តង

ជាក់ស្តែង ដូងដែលត្រូវបានគេយកទៅកាប់សំបកចេញសល់តែសាច់ទាំងមូលនេះ ត្រូវបានគេដាក់ចូលទៅក្នុងចានជ័រយ៉ាងស្អាត ហើយថែមទាំងមានដាក់ទឹកកកយ៉ាងត្រជាក់សម្រាប់អ្នកពិសាទាំងអស់ថែមទៀតផង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីពិសាទឹកដូងអស់ គេក៏អាចពិសាសាច់ដូងទាំងមូលបានយ៉ាងស្រួលថែមទៀតផង។

សាច់ដូងទាំងមូល ត្រូវបានក្លាសេជាមួយទឹកកកយ៉ាងត្រជាក់

គួរបញ្ជាក់ថា ទីក្រុង Melaka ត្រូវបានដាក់បញ្ជូលជាតំបន់បេតិកភណ្ឌពិភពលោក ដោយអង្គការយូនីស្កូ តាំងពីឆ្នាំ ២០០៨មកម្ល៉េះ ហើយទេសចរដែលមកតំបន់នេះ អាចទស្សនាកន្លែងកម្សាន្តបែបប្រវត្តិសាស្ត្រជាច្រើនដូចជា ព្រះវិហារសាសនាគ្រីស្ទ រូបសំណាកនាវា សារមន្ទីរ និង ជិះរ៉ឺម៉ក Beca ដើម្បីទស្សនាទេសភាពក្នុងទីក្រុងដ៏ស្រស់ត្រកាលនេះផងដែរ ហើយទីក្រុង Melaka នេះ មានចម្ងាយតែ ១៤៨គីឡូម៉ែត្រតែប៉ុណ្ណោះ ពីទីក្រុងកូឡាឡាំពួរ។

ពិសាទឹកដូចអស់ បន្តពិសាសាច់ដូងទាំងមូលតែម្តង

លោកអ្នកអាចធ្វើដំណើរទៅកាន់ ក្រុងកូឡាឡាំពួរ បានតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលមាន៣ជើងក្នុងមួយថ្ងៃ ជាមួយតម្លៃដ៏សមរម្យ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង AirAsia សូមចូលទៅកាន់ គេហទំព័រ www.airasia.com

តូបលក់ដូងតាមផ្លូវក្នុងទីក្រុងMelaka ប្រទេសម៉ាឡេស៊ី

សូមទស្សនាបច្ចេកទេស កាប់ដូងយកសាច់ទាំងមូល តាមរយៈវីដេអូខាងក្រោម៖