រឿង៣យ៉ាង ដែល តាក់ម៉ា កម្របង្ហាញជាសាធារណៈ តាំងពីចូលសិល្បៈមកដល់ពេលនេះ

(ភ្នំពេញ)៖ អតីតតារាចម្រៀងប្រចាំផលិតកម្ម M កញ្ញា តាក់ម៉ា ក្រោយពីបានវិលមកផ្តើមការងារសិល្បៈផ្នែកចម្រៀងជាថ្មីម្តងទៀតនេះ បានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ច្រើន ទាំងការតុបតែងខ្លួន ការបង្ហាញសមត្ថភាពក្នុងការបកស្រាយចម្រៀងគឺមានស្ទីលថ្មីច្រើន​ ដែលធ្វើឲ្យមានការគាំទ្រច្រើន ។ ស្របពេលដែលកញ្ញា កំពុងតែផ្ទុះការចាប់អារម្មណ៍ជាថ្មី ពីមហាជននោះ អាថ៌កំបាំង៣យ៉ាង របស់កញ្ញា ក៏ត្រូវបានលាតត្រដាង ធ្វើឲ្យអ្នកគាំទ្រជាច្រើនហួសចិត្តចំពោះកញ្ញាផងដែរ។

ទស្សនិកជនរមែងតែងតែ បានឃើញពីចំណុចខ្លាំងរបស់ តារាចម្រៀងរាងខ្ពស់ស្រឡះ កញ្ញា តាក់ម៉ា អាចបកស្រាយបទចម្រៀងបានពិរោះ មានសមត្ថភាពក្នុងការធ្វើជាអ្នកដឹកនាំរឿង ដែលអាចនិយាយបានថា តារាស្រីរូបនេះមានដុងសិល្បៈច្រើនព្រោះថាកញ្ញា ក៏ធ្លាប់បានចាប់អាជីពជាតារាសម្តែងតាំងពីកុមារភាពផងដែរ ប៉ុន្តែនៅក្នុងនោះ តារាស្រីរូបនេះបែរជាមានចំណុចខ្សោយដល់ទៅ៣ ដែលកញ្ញាពិបាកខ្លាំងក្នុងការបង្ហាញជូនអ្នកគាំទ្រទស្សនា ទី១ គឺការបញ្ចេញក្បាច់រាំញាក់កន្ត្រាក់អារម្មណ៍, ទី២ គឺចរិកញិកញ៉ក់ និងទី៣ គឺ ការបង្ហាញស្ទីលសិចស៊ី តែម្តង។

កញ្ញា តាក់ម៉ា បានប្រាប់នៅក្នុងកម្មវិធី 3 Fun ឲ្យដឹងថា រឿងទាំង៣នេះគឺជាចំណុច ដែលពិបាកខ្លាំងសម្រាប់កញ្ញា ពេលខ្លះក្នុងអារម្មណ៍ខ្លួនឯងថាកញ្ញាកំពុងតែរាំហើយ តែទស្សនិកជនមើលមកគឺកញ្ញាឈរធម្មតារឹងគ្មានកាយវិកាអ្វីឡើយ ហើយបើនិយាយ២ចំណុចទៀត គឺកាន់តែពិបាកសម្រាប់កញ្ញា ។ពិតជាពិបាកខ្លាំងសម្រាប់កញ្ញា ក្នុងនាមជាអ្នកសិល្បៈតែមិនសូវចេះទន់ភ្លន់ ក្រមិចក្រមើម សិចស៊ីនោះទេ កាយវិការទាំង៣នេះ ពេលដែលមានខាងកម្មវិធីតម្រូវឲ្យកញ្ញា ធ្វើគឺតែងតែធ្វើមិនបានហើយពិបាកខ្លាំងមែនទែន៕ (ដោយ៖ ពិជ័យបុត្រ)