នេះគឺជារឿងរ៉ាវជីវិតដ៏គួរឲ្យសង្វេគរបស់នារីកូរ៉េម្នាក់ ក្នុងជំរំទាសករផ្លូវភេទទាហានជប៉ុន នាអំឡុងសង្គ្រាមលោកលើកទី២

យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ ស្ដីពីសង្គ្រៀមលោកលើកទីពីរ បានបង្ហាញឲ្យឃើញថា ប្រទេសជប៉ុន គឺជាប្រទេសមហាអំណាចគ្រប់គ្រងនៅទូទាំងតំបន់អាស៊ី ហើយក្នុងនោះប្រទេសកូរ៉េ គឺជាប្រទេសមួយដែលបានរងនូវការបំពានយ៉ាងខ្លាំងក្លាបំផុតពីសំណាក់ជនជាតិជប៉ុន បើធៀបទៅប្រទេសឯទៀតដែលជប៉ុនបានគ្រប់គ្រង ។

គេដឹងថា រឿងរ៉ាវដ៏ឈឺចាប់បំផុតមួយដែលប្រជាជនកូរ៉េមិនអាចបំភ្លេចបានរហូតដល់បច្ចុប្បន្ន ក្នុងអំឡុងពេលប្រទេសជប៉ុនកាន់កាប់នោះ គឺនាចន្លោះឆ្នាំ ១៩៣២ ដល់ ១៩៤៥ ដែលទាហានជប៉ុនបានចាប់បង្ខំនារីកូរ៉េវ័យក្មេងជាច្រើនសែននាក់ ហើយមានទាំងសិស្សសាលាផងនោះ បញ្ជូនទៅកាន់ជំរំកងទ័ពដើម្បីធ្វើជានារីទេសករផ្លូវភេទ ។

នារីកូរ៉េដែលជាជនរងគ្រោះក្នុងក្រញាំកាមទេពកងទ័ពជប៉ុន ត្រូវបានរងនូវការធ្វើទុកបុកម្នេញផ្លូវកាយយ៉ាងខ្លាំង ដោយម្នាក់ៗត្រូវបានពួកទ័ពជប៉ុនរំលោភសន្ថវៈជាច្រើនដងក្នុងមួយថ្ងៃៗ ពោលគឺពួកនាងគ្មាននាទីណាទំនេរឡើយ ។

យោងតាមសម្ដីពិតចេញពីមាត់លោកយាយ គីម បុកដុង ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមនារីកូរ៉េរាប់សែននាក់ទៀត ដែលត្រូវបានទាហានជប៉ុនចាប់ធ្វើជានារីទាសករផ្លូវភេទ បានរៀបរាប់ទាំងទឹកភ្នែកនៅក្នុងកិច្ចសម្ភាសន៍មួយថា កាលនោះលោកយាយមានអាយុ ១៤ឆ្នាំ ពួកទាហានជប៉ុនបានទៅដល់ផ្ទះរបស់លោកយាយស្ថិតនៅក្រុង យ៉ាងសាន ខេត្ត ចូងសាង ហើយប្រាប់ឪពុកម្ដាយរបស់លោកយាយថា នឹងបញ្ជូនលោកយាយទៅធ្វើការរោងចក្រ ហើយប្រសិនបើមានអ្នកណាម្នាក់ប្រកែក នោះគ្រួសារទាំងមូលនឹងត្រូវជួបទុក្ខវេទនាមិនខាន។

យាយ គីម បុកដុង កាលនៅក្មេង
លោកយាយ គីម បុកដុង កាលនៅក្មេង

លោកយាយបានឲ្យដឹងទៀតថា បន្ទាប់មកពួកទាហានទាំងនោះបានចាប់លោកយាយ ដាក់ក្នុងរថយន្ត ហើយទៅកន្លែមួយឈ្មោះថា «ស្ថានីយសម្រាកលម្ហែ» និងស្នាក់នៅជាមួយនារីជាច្រើនម៉ឺននាក់ផ្សេងទៀត ដែលកន្លែងនោះហើយគឺជាកន្លែងសម្រាប់បម្រើកាមតណ្ហារបស់ទាហានជប៉ុន។ តាមការប៉ាន់ស្មានរបស់លោកយាយ គីម បុកដុង កន្លែងបម្រើផ្លូវភេទទាហានជប៉ុន ដែលគេដាក់ឈ្មោះថា «ស្ថានីយសម្រាកលំហែ» នោះ មាននារីទាសករផ្លូវភេទយ៉ាងហោចណាស់ក៏ ២០ម៉ឺននាក់ដែរ។

យាយ គីម បុកដុង
លោកយាយ គីម បុកដុង

ដោយសារតែលោកយាយនៅវ័យក្មេង ដូច្នេះហើយទើបគេបញ្ជូនទៅកាន់ជំរំទ័ពជប៉ុនមួយកន្លែងនៅក្នុងប្រទេសចិន ដែលកាលនោះជប៉ុនទើបតែវាយគ្រប់គ្រងបាន។ លោកយាយបានឮសំឡេងគេសួរគ្នាថា «នាងនៅក្មេងណាស់» ហើយពេលនោះទាហានម្នាក់ទៀតបានតបថា «នាងមិនក្មេងទេ គ្មានបញ្ហាឡើយ»។ ពេលនោះហើយ ដែលយុវតី គីម បុកដុង ត្រូវបានគេអូសចូលក្នុងបន្ទប់ជាលើកដំបូង ព្រមទាំងបានវាយដំរាងកាយបន្តិចបន្តួច ហើយគេក៏បង្គាប់ឲ្យនាងអនុវត្តតាមអ្វីដែលគេចង់បាន។ លោកយាយបានបញ្ជាក់ថា គ្រែដែលគាត់ដេកជាមួយទាហានជប៉ុនកាលនោះ មានប្រលាក់សុទ្ធតែឈាម គួរឲ្យខ្លាចបំផុត។

លោកយាយ គីម បុកដុង បាននិយាយទៀតថា ដំបូងឡើយដោយមើលឃើញពីសកម្មភាពក្រុមទាហានជប៉ុនតែងតែចាប់មនុស្សស្រីរំលោភសន្ថវៈតាមផ្លូវយ៉ាងសាហាវយង់ឃ្នង គ្មានលស់ថ្ងៃ ដែលអាចនាំឲ្យខូចមុខមាត់ប្រទេស ទើបអធិរាជជប៉ុន ហ៊ីរ៉ូហ៊ីតូ បានបង្កើតគម្រោង «ស្ថានីយសម្រាកលម្ហែ» នេះឡើង ដើម្បីការពារកុំឲ្យក្រុមទាហានធ្វើទង្វើបែបនេះទៅទៀត តែចុងក្រោយវាកាន់តែធ្វើឲ្យកើតមានទាសភាពទៅវិញ។

ស្ថានីយសម្រាកលំហែ
ស្ថានីយសម្រាកលម្ហែ

ក្រុមទាហានជប៉ុនតែងតែតម្រង់ជួរគ្នា ដើម្បីចូលទៅកាន់ «ស្ថានីយសម្រាកលម្ហែ» ដូច្នេះហើយ នារីទេសករផ្លូវភេទម្នាក់ ត្រូវបម្រើកងទ័ពជប៉ុនជាច្រើននាក់ក្នុងមួយថ្ងៃៗ គ្មានពេលសម្រាកឡើយ ហើយគ្រប់ពេលពួកនាងក៏ត្រូវបានគេវាយធ្វើទារុណ្ឌកម្មផងដែរ។ លោកយាយ លី អូកសឺន បញ្ជាក់ថា កន្លែងនោះមិនមែនជាកន្លែងសមនឹងមនុស្សរស់នៅឡើយ ។

លោកយាយ គីម បុកដុង បន្តថា សម្រាប់លោកយាយផ្ទាល់ ពេលថ្ងៃសៅរ៍ត្រូវបម្រើទ័ពជប៉ុន ៦ ម៉ោង និងថ្ងៃអាទិត្រ ៩ ម៉ោង ហើយមានពេលខ្លះទទួលពួកគេដល់ទៅ ៥០នាក់ក្នុងមួយថ្ងៃក៏មានដែរ រហូតដល់អស់កម្លាំងក្រោកឈរមិនរួចទៀតផង។ ជីវិតលោកយាយបានរសាត់អណ្ដែតពីជំរំមួយទៅជំរំមួយទៀត រហូតដល់ឆ្នាំ ១៩៤៥ លោកយាយបានទៅទើរត្រឹមប្រទេសសិង្ហបុរី និងត្រូវបានគេបញ្ជូនទៅកាន់ប្រទេសកូរ៉េវិញ។

លោកយាយពោលថា ពេលទៅដល់ប្រទេសកូរ៉េវិញ លោកយាយមិនដឹងថាត្រូវចាប់ផ្ដើមរៀបរាប់ពីណាទៅណាឡើយ បានត្រឹមតែនៅស្ងៀមស្ងាត់ម្នាក់ឯងអស់រយៈពេលយ៉ាងយូរ តែក្រោយមកលោកយាយត្រូវបានលើកទឹកចិត្តដោយសាស្ត្រាចារ្យសកលវិទ្យាល័យ University of Connecticut សហរដ្ឋអាមេរិកម្នាក់ឈ្មោះ អេឡិចស៊ីស ឌូដដេន ថា បទពិសោធន៍របស់លោកយាយត្រូវតែបង្ហាញប្រាប់ជាសាធារណៈ ព្រោះជាការពន្យល់ដ៏ល្អមួយដល់ជនរងគ្រោះផ្សេងទៀត ដើម្បីឲ្យពួកគាត់មានទឹកចិត្តចាប់ផ្ដើមជីវិតរស់នៅជាថ្មី។ នៅក្នុងសង្គម មិនមានកន្លែងច្រើនឡើយសម្រាប់ផ្ដល់ឱកាសឲ្យស្ត្រីបានបង្ហាញពីបទពិសោធន៍ពិតរបស់ខ្លួន ដូច្នេះគួរតែក្លាហានឡើង។

សូមបញ្ជាក់ថា លោកយាយ គីម បុកដុង គឺជាទាសករផ្លូវភេទម្នាក់ក្នុងចំណោមនារីរាប់សែននាក់ទៀត នៅក្នុងការគ្រប់គ្រងរបស់ជប៉ុននាអំឡុងសង្គ្រាមលោកលើកទី២។ លោកយាយបាន ស្លាប់កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩ ក្នុងអាយុ ៩៣ឆ្នាំ ៕