ពល​ករខ្មែរជាង ២ ម៉ឺន​នាក់​ ចេញ​ពី​ថៃ​មក​ចូលរួម​ពិធី​​បុណ្យ​ចូល​ឆ្នាំ

(បាត់​បំដង)៖​ ​ចាប់​ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃ​ទី​ ៧ ​ខែ ​មេសា​ មាន​ពលករ​ខ្មែរ​ជាង​ ២ ម៉ឺន​នាក់​ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ដូង​នៃ​ខេត្ត​បាត់​ដំបង​ ​ដើម្បី​ត្រឡប់​មក​លេង​ស្រុក​កំណើត​វិញ​នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខនេះ។​ ​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​នៅ​ប៉ោយ​ប៉ែត​ ឯ​ណោះ​វិញ​​ ត្រូវ​បាន​មន្ត្រី​អះអាង​ថា​ ​ពុំ​ទាន់​មាន​ពលករ​ដែល​សម្រុក​ធ្វើ​ដំណើរ​ចេញ​ពី​ថៃ​ច្រើន​នៅ​ឡើយ​ទេ។

​លោក​ ​រស់​ ​សា​រុំ ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​កា​សែត​ភ្នំ​ពេញប៉ុស្តិ៍​​នៅ​ថ្ងៃ​ម្សិល​មិញ​ថា ​តាម​របាយ​ការណ៍​ពី​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ និង​មណ្ឌល​សំចត​សម្រាប់​ទទួល​ពល​ករ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ​គឺ​មក​ដល់​ពេល​នេះ ​ពុំទាន់​មាន​ពលករ​ខ្មែរ​ដែល​នាំ​គ្នា​ធ្វើ​ដំណើរ​សម្រុក​ចេញ​ច្រើន​ពី​ប្រទេស​ថៃ​ដើម្បី​មក​លេង​ស្រុក​កំ​ណើត​ក្នុង​​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ឡើយ​ទេ ​ហើយ​ពល​ករ​ដែល​ចាប់​ផ្ដើម​សម្រុក​ចេញ​ច្រើន​ពី​ប្រទេស​ថៃ​គឺ​អាច​នៅ​ថ្ងៃទី​ ១២​ ទៅ​ដល់​ថ្ងៃ​ទី ១​៣​ ​ខែ​ មេសា។​

​​​លោក​ថ្លែង​ថា៖​ «​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ ពល​ករ​ដែល​បាន​ឆ្លង​ចូល​ប្រទេស​យើង​វិញ វា​អត់​ទៀង​ទេ ​មាន​ថ្ងៃ​ណា​ខ្លះ​មាន ​១ ​ឡាន​ ​ហើយ ​១​ ឡាន​ហ្នឹង​មាន​ ៤០​ នាក់​អ៊ី​ចឹង​ ​ហើយ​ថ្ងៃ​ខ្លះ ​ក៏ ​២ ឡាន​ ​តែ​បូក​សរុប​ទៅ ​២ ​ហ្នឹង​ មាន​គ្នា​ប្រហែល​ ៧ ​ទៅ​ ៨ ​នាក់​ ​រហូត​ដល់​ ១០​ នាក់។​ ​ម្យ៉ាង​ថ្ងៃ​នេះ ​គឺ​ជា​ថ្ងៃទី ​៨ ហើយ​ពាក់ព័ន្ធ​នឹង​ច្បាប់​ការងារ​មិន​ទាន់​ដល់​ថ្ងៃ​ដែល​កម្មករ​និយោ​ជិត​សម្រាក​នៅ​ឡើយ​»។​

​​លោក​ ​សេម​ ​មក​រា ​នាយ​ផ្នែក​សេនា​ធិការ​នគរ​បាល​ប៉ុស្ដិ៍​អន្តោ​ប្រវេស​ន៍​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​បាន​បញ្ជាក់​ថា​ ​លោក​ពុំ​មាន​តួ​លេខ​នៅ​ក្នុង​ដៃ​អំពី​ចំនួន​ពល​រដ្ឋ​ដែល​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​នៅ​ឡើយ​ទេ។

ប៉ុន្តែ​បើ​តាម​លោក ​រស់​ ​សា​រុំ​ សព្វ​ថ្ងៃ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំ​ណើរ​ចេញ​ចូល​ទៅ​ថៃ គឺ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ចំនួន ២ ប្រភេទ​ទី​១​ ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ជាប់​ព្រំ​ដែន​ថៃ​ និង​ជា​អាជីវ​ករ​ ​គឺ​ពួក​គាត់​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ដែល​ទទួល​ស្គាល់​ត្រឹម​ខេត្ត​សម្រាប់​ចេញ​ចូល​ព្រឹក​-ល្ងាច​ ​ឬ​ចេញ​ចូល​ក្នុង​រយៈ​ពេល​ ១ ​អាទិត្យ​ម្ដង​ ​ចំ​ណែក​ទី២ ​គឺ​ពលរដ្ឋ​ជា​ពល​ករ​ដែល​មាន​លិខិត​ឆ្លង​ដែន និង​មាន​ប័ណ្ណ​ការងារ​ ​ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​តាម​រោង​ចក្រ​ និង​សហគ្រាស។​ ​

​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​ការ​ងារ​ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ ​ក្រោយ​ពី​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​អន្តោ​ប្រវេស​ន៍​ប្រ​ចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ដូង​នៃ​ស្រុក​កំ​រៀង​ ​ខេត្ត​បាត់​ដំប​ង​ ​បាន​អះអាង​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​ថា គិត​ពី​ថ្ងៃ​ទី​ ១ ​ដល់​ថ្ងៃ​ទី​ ៧​ ខែ​មេសា​នេះ ​មាន​ពលករ​ខ្មែរ​ចំនួន​ ២៥ ៤៧៥​ នា​ក់ បាន​ធ្វើដំណើរ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​របស់​ខេត្ត​បាត់​ដំបង​នេះ ​ដើម្បី​វិល​មក​លេង​ស្រុក​កំណើត​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខាងមុខ។​

​​នគរ​បាល​ប៉ុស្ដិ៍អន្តោ​ប្រវេស​ន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ដូង​អះអាង​ថា ​ក្នុង​ចំ​ណោម​ពល​ករ​ជាង​ ២ ម៉ឺន​នាក់​នោះ ​គឺ​ភាគ​ច្រើន​ជា​ពល​រដ្ឋ​នៅ​ខេត្ត​បាត់​ដំបង​ ​ហើយ​ខ្លះ​ទៀត​ ​មក​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ធំ​ ពោធិ៍​សាត់​ ​កំពង់​ឆ្នាំ​ង ​ព្រៃ​វែង​ ​និង​ខេត្ត​ស្វាយ​រៀង​ ​ដែល​ក្នុង​នោះ​មួយ​ចំនួន​តូច​ជា​អ្នក​លួច​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ដែរ ។

លោក ​អ៊ុច ​សុខុន​ ​ស្នង​ការ​នគរ​បាល​ខេត្ត​បាត់​ដំបង​បាន​លើក​ឡើង​ដែរ​ថា នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ដូង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ពិត​ជា​មាន​ពល​ករ​ច្រើន​ត្រឡប់​មក​កម្សាន្ត​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត​មែន ហើយ​នឹង​មាន​ពលរដ្ឋ​​ចូល​មក​បន្ត​បន្ទាប់​ទៀត​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​តែម្ដង។​ ​

លោក​ថា​៖ «​គេ​មក​ស្រុក​កំណើត​ចូល​ឆ្នាំ ​បើក​លុយ​បើក​អី​បាន​ គេ​ឱ្យ​មក​ហើយ»។​

​​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ​កាល​ពី​ឆ្នាំ​ ២០១៨ ​មាន​ពល​ករ​ខ្មែរ​ប្រ​មាណ​ ១ លាន ​៧ ​ម៉ឺន​នាក់​ ​ដែល​ទទួល​បាន​ឯក​សារ​ស្រប​ច្បាប់ និង​កំពុង​ធ្វើ​ការ​ងារ​នៅ​តាម​រោង​ចក្រ​ សហ​គ្រាស ​នៅ​ក្នុង​​វិស័យ​សំណង់ នេសាទ​ ​និង​កសិកម្ម​​នៅ​ក្នុង​ប្រទេស ​ថៃ