អត្ថាធិប្បាយ៖ បេសកកម្មដ៏មានសារសំខាន់ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជន

គ្រោះជំនន់ទឹកភ្លៀងបាននិងកំពុងវាយប្រហារមកលើកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលរហូតមកដល់ពេលនេះបានគំរាមកំហែងដល់រាជធានីខេត្តចំនួន ១៧ ប្រជាជនជាង ១០ម៉ឺននាក់ បានទទួលរងផលប៉ះពាល់ ប្រជាជនជាង ១ម៉ឺននាក់ ត្រូវបានជំលៀសចេញពីភូមិឋាន ស្រូវជាង ៧ម៉ឺនហិកតា និងដំណាំរួមផ្សំជាង ៤ម៉ឺនហិកតា ទទួលរងនូវការលិចលង់ ។ ក្នុងនោះ មានខេត្តចំនួន ៣ គឺខេត្ត ពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន ទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ។ ប្រឈមនឹងបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងចុះជួយសង្គ្រោះប្រជាជនតាមភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវឲ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់នេះ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាជន ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងយោធា និងនគរបាលជាតិ រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់បានប្រមូលផ្តុំគ្នាយ៉ាងសកម្មចុះជួយសង្គ្រោះប្រជាជននៅតំបន់ដែលទទួលរងគ្រោះ ប្រកបដោយស្មារតីក្លៀវក្លា ការទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្គ្រោះប្រជាជន ។ ជាមួយគ្នានេះ នៅក្នុងប្រតិបត្តិការសង្គ្រោះប្រជាជន រថយន្តយោធាជិត ៣០០គ្រឿង ដែលសម្តេចតេជោ ហ៊ុន សែន បានទិញពីសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានចែកជូនដល់បណ្តាស្ថាប័នអង្គភាព នៃកងយោធិពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក៏ត្រូវបានដាក់ចេញឲ្យធ្វើប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដែលរងគ្រោះដោយទឹកជំនន់នេះដែរ ។ គួររំឭកថា កន្លងមកមានជនអគតិមួយចំនួនដែលចាំតែរិះគន់ ចាំតែវាយប្រហារ ទាំងល្ងិតល្ងង់ បានចោទប្រកាន់ចំពោះរាជរដ្ឋាភិបាលដែលបានទិញរថយន្តទាំងនេះមកប្រើប្រាស់ ប៉ុន្តែពេលនេះរថយន្តទាំងនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងការជួយសង្គ្រោះប្រជាជន រួមចំណែកកាត់បន្ថយបានមួយផ្នែកធំ នូវការខូចខាតនៃតំបន់ដែលលិចលង់ ដោយសារការចល័តរថយន្ត និងកម្លាំងសង្គ្រោះទាន់ពេលវេលា ទោះជាត្រូវឆ្លងកាត់ឧបសគ្គបែបណាក៏ដោយ ។ យើងមិនទាន់អាចធ្វើការប៉ាន់ស្មានបានថា តើធាតុអាកាសនឹងវិវត្តន៍ទៅជាយ៉ាងម៉េច ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយថាតើជំនន់ទឹកភ្លៀងនឹងបន្តវាយលុកលើភូមិសាស្ត្រនានាក្នុងប្រទេសយើងក្នុងសភាពប៉ុណ្ណា? ម៉្យាងទៀតយើងក៏មិនទាន់អាចព្យាករណ៍បាននៅឡើយអំពីទំហំនៃការខូចខាតទាំងអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ ភោគផលដំណាំ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដទៃទៀតនៅឡើយទេ ប៉ុន្តែតាំងពីពេលចាប់ផ្តើមដំបូងនៃគ្រោះធម្មជាតិនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់គ្រប់មធ្យោបាយសរុប វិធានការសរុប និងកម្លាំងសរុប ក្នុងការដោះស្រាយ និងទប់ស្កាត់នូវគ្រោះទឹកជំនន់ ទទួលបានលទ្ធផលច្រើន កាត់បន្ថយបានជាអតិបរមានូវផលវិបាកធ្ងន់ធ្ងរទាំងឡាយ ។ ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែក នៅតែបន្តការយកចិត្តទុកដាក់ ទាំងយប់ទាំងថ្ងៃ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា និងជាប់ជាប្រចាំនូវសំណូមពរ និងការលំបាករបស់ប្រជាជន ។

ឆ្លងកាត់តាមរយៈសកម្មភាព ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យប្រជាជនកាន់តែមានជំនឿទុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយរាល់ឧបសគ្គនានានៅក្នុងស្ថានភាពដែលកម្ពុជាកំពុងទទួលរងនូវវិបត្តិសកលនៃជំងឺកូវីដ-១៩ និងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងវាយប្រហារមកលើប្រទេសយើងផង និងបណ្តាប្រទេសនៅក្បែរខាងយើងផង ។ កម្លាំងមហាសាមគ្គីជាតិកម្ពុជាដ៏រឹងមាំ ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈសកម្មភាពនានា ក្នុងការជួយសង្គ្រោះប្រជាជន ។ ជាក់ស្តែងយើងឃើញក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាព ថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បានរួមសហការគ្នាយ៉ាងស្វិតស្វាញ មិនគិតពីការលំបាក មិនគិតពីពេលវេលា ក្នុងការចូលរួមជួយសង្គ្រោះប្រជាជននៅតាមបណ្តាមូលដ្ឋាន ដែលរងគ្រោះដោយទឹកជំនន់ ដោយបានចាត់ទុកថា នេះជាបេសកកម្មសង្គ្រោះដ៏មានសារសំខាន់យ៉ាងក្រៃលែង ៕

ដោយ៖ SKY NEWS