សម្ដេច​ ស ខេង ឧបនាយរដ្ធមន្ត្រី និងជារដ្ធមន្រ្តីក្រសួងមហាផ្ទៃ៖ កម្ពុជា​កំពុង​កសាង​ខ្លួន​ជា​រដ្ឋាភិបាល​ឌីជីថល

(បាត់ដំបង)៖ រដ្ឋាភិបាល​កម្ពុ​ជា កំពុង​កសាង​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​ឌីជីថល​ ដើម្បី​គ្រប់​គ្រង​សង្គម​តាម​ប្រព័ន្ធ​កុំ​ព្យូទ័រ​ទំនើប ដែល​នេះ​ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​ធន​ធាន​មនុស្ស​​ដែល​មាន​ជំនាញ​បន្ថែម​ ខណៈ​ដែល​បច្ចុប្បន្ន​កម្ពុជា​ មាន​សា​លា​រៀន​គ្រប់​កម្រិត​ និង​​មាន​ការ​​ងារ​សម្បូរ​បែប​។ នេះ​ជា​ការថ្លែង​របស់​​សម្ដេច ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

សម្ដេច ​ស ខេង ​បាន​ថ្លែងនៅ​​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​និវត្តជន ​​មន្ត្រី​រាជ​ការ​ និង​អតីត​យុទ្ធ​ជន​ជា​ជន​ពិការ​ជាង​ ២ ០០០ នាក់ ក្នុង​ខេត្ដ​បាត់​ដំប​​ង កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​​​មិញ​ថា​ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​សាលា​រៀន​គ្រប់​កម្រិត​សិក្សា​មាន​ការងារ​សម្បូរ​បែប ទោះ​ជា​មាន​ពលរដ្ឋ​ខ្លះ​ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​បរទេស​ក៏ដោ​យ ប៉ុន្ដែ​រាជរដ្ឋាភិបាល​ត្រូវ​ការ​ធនធាន​មនុស្ស​ ពិសេស​យុវជន​ជំនាន់​ក្រោយ​ ជាអ្នក​មានទេព​កោសល្យ​ មាន​ជំនាញ ទៅ​លើ​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត​មាន​គណិត​វិទ្យា និង​កំុព្យូទ័រ​ជាដើម។

សម្ដេច​​បានបន្ដថា ប្រទេស​មួយ​ខ្លាំង​ លុះ​ត្រា​តែ​មាន​ប្រជា​​ពលរដ្ឋ​ខ្លាំង។ ដូច្នេះ​ទើប​រាជ​រដ្ឋាភិបាល​បាន​​សម្រេច​អនុ​ម័​ត​​គោល​នយោបាយក្នុង​វិស័យ​អប់រំ​ ជាប​ន្ដ​បន្ទាប់ក្នុង​នោះ ​រួមមាន​គោល​នយោបាយ​សុខភា​​ព​សិក្សា​ដែល​ទើប​សម្រេច​អនុម័​ត​​កាល​ពី​សប្ដាហ៍​មុន​ផងដែរ។

​សម្ដេចបានបញ្ចាក់ថា៖​​ «​ឥឡូវ​ ខ្ញុំ​កំពុង​តែ​រក​អ្នក​ពូកែ​ (សិស្ស​​​ពូកែ​) ខាង​គណិ​តវិទ្យា ពូកែ​ខាង​កុំព្យូទ័រ ព្រោះ​​សព្វ​ថ្ងៃ​នេះ​ យើង​កំពុង​ខិត​ខំ កំណែ​ទម្រង់ កសា​ង​​រដ្ឋាភិបាលទៅជារដ្ឋាភិបាល​ឌីជី​ថលដើម្បី​គ្រប់​គ្រង​សង្គម»។

សម្ដេច​បាន​​ពន្យល់​ថា រដ្ឋាភិបា​ល​ឌីជីថលមាន​ទម្រង់​ដូចជា ការគ្រប់​គ្រងមន្រ្ដី​រាជ​ការ ការ​គ្រប់​​គ្រង​ប្រជាពលរដ្ឋជាដើម គឺ​បា​ន​​ប្រមូល​ទិន្នន័យ​ទាំង​អស់​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែល​ក្រសួង​មហាផ្ទៃកំពុង​អនុវត្ដ​នាពេល​បច្ចុប្បន្ន។

សម្ដេច​​បន្ដថា​៖ «ឧបមា​ថា ចុច​​រក​ឈ្មោះ​ខ្ញុំ ស ខេង ចុច​ទៅ​ឃើញ​​នៅ​​ក្នុង​ស្រុក​ខ្មែរ​មាន​ ៣ ​នាក់ មាន​ឈ្មោះ​ដូច​ខ្ញុំអ៊ីចឹង តែ​មិន​ដែល​ស្គាល់​គ្នាទេ ដែល​នេះ​ជាការ​គ្រប់​គ្រង​អត្ដ​សញ្ញា​ណ​មនុស្ស​ដែល​កាល​ពី​សម័យ​ ប៉ុល ​ពត​ នោះ​គេ​បំផ្លាញ​អស់​រលីង»។

សម្ដេច​​បន្ថែម​ថា​៖ «យើង​ក៏​កំពុង​ខិត​ខំ​អភិវឌ្ឍ​អត្ដ​សញ្ញា​ណ​ប័ណ្ណ​​ឲ្យ​ប្រើ​ការ​បាន​ច្រើន​រហូ​ត​​ដល់ថា បើ​អាច​ដល់​យក​អត្ដសញ្ញាណ​ប័ណ្ណ​ជំនួស​លិខិតឆ្លង​​ដែន ឧទាហរណ៍​ថា អ៊ីចឹង ឬក៏​បើក​លុយ​បាន​នៅ​ក្នុង​ស្រុ​ក​​យើង​។ យក​តែ​អត្ដ​សញ្ញាណប័ណ្ណ​ហ្នឹង​មក​ឲ្យ​តែ​ដឹង​លេខ​កូដ​ យើង​ដាក់​តែ​កាតទៅ​ (អត្ដ​សញ្ញាណប័ណ្ណ) ចុច​ទៅនឹង​ចេញ​លុយ​យើង​បាន​។ អ៊ីចឹង​ យើង​កំពុង​តែ​ខិត​ខំ​អភិវឌ្ឍ​វា​ទៅអ៊ីចឹង​​។ ហ្នឹង​ហើយ​ គឺហៅ​ថា រដ្ឋាភិបាល​ឌីជីថល​»។

សម្ដេច ស ខេង បាន​​បន្ថែម​ទៀត​ថា ការគ្រប់​គ្រង​សេដ្ឋកិច្ច​ក៏ដូចគ្នានេះ​ដែរ ដែល​ត្រូវ​ធ្វើ​សមាហរណកម្ម​ជាមួយ​គ្នា បញ្ចូ​​ល​គ្នា​ទាំង​អស់។

សម្ដេច​​បន្ដថា​៖ «យើង​ត្រូវ​ការ​ណាស់ ​អ្នក​ទាំង​នោះ (សិស្ស​ពូកែ​គណិ​ត​វិទ្យា និង​កុំព្យូទ័រ) អ៊ី​ចឹង​ សូម​លើក​ទឹក​ចិត្ដឲ្យ​កូន​ខិតខំ​រៀន​សូត្រ»។

លោក គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​​បណិ្ឌត្យ​សភា​កម្ពុជា​ និង​ជា​អ្នក​វិភាគ​បញ្ហា​នយោបាយ និង​សង្គម ​បាន​លើក​ឡើងថា រដ្ឋា​ភិបាល​ឌីជីថល ឬសេដ្ឋកិច្ច​ឌីជីថលនេះ​ មិន​មែន​ជា​រឿង​ថ្មី​ទេសម្រាប់​ពិភពលោក។ បច្ចុប្បន្ន​និន្នាការ​ឌីជីថល​នេះ ពិភពលោក​កំពុង​តែ​ដំណើរ​ការ​ និង​យក​ចិត្ដ​ទុក​ដាក់​​គ្រប់​គ្នា ចំណែក​ប្រទេស​កម្ពុជា​ គឺ​កំពុង​ចេញ​ដំណើរ​ទៅ​កាន់​សម័យ​កាល​នេះ​ដែរ។

លោក​បាន​បន្ដថា​៖ «យើង​កំពុង​ចេញ​ដំណើរ​ហើយ ប៉ុន្ដែ​យើង​ត្រូវ​ការ​ពេល​វេលា​ទៀត ​ដោយសារ​តែ​ធនធាន​មនុស្ស​​យើង​ និង​ប្រព័ន្ធ​នៃ​ការ​ដឹក​នាំ​របស់​យើង​មួយ​ចំនួន យើង​អត់​ទាន់​អាច​វិវឌ្ឍខ្លួន​ទៅ​ជាឌីជីថ​ល​​​បាន​ទាំង​ស្រុង​ទេ​តែ​វា​ជា​ដំណើ​រ​​ការ​មួយ​ដែល​ល្អ​ ដែល​អាច​វិវឌ្ឍ​​ពីស្ថាន​ភាព​បច្ចុប្បន្ន​ ទៅ​ជា​ស្ថាន​ភាព​នៃ​រដ្ឋាភិបាល​ឌីជីថល​ពិត​ប្រាកដ»។

លោក​​បន្ថែម​ថា រដ្ឋាភិបាល​ឌីជីថល​ មាន​ន័យ​ថា អ្វីៗ​ទាំង​អស់​គឺដំណើរ​ការ​ដោយ​ភាព​ឆ្លាត​វៃ ដូច្នេះ​រដ្ឋា​ភិបាល​ត្រូវ​តែ​មាន​ការ​វិនិយោគ​បន្ថែមលើ​វិ​ស័យ​ធន​ធាន​មនុ​ស្ស​ផ្នែក​​បច្ចេក​វិទ្យាព័ត៌មាន​​វិទ្យា​នេះ។

លោក គិន ភា ថា​៖ «ដំបូង​យើង​ត្រូវ​ឲ្យ​យុវជន​របស់​យើង​យក​ចិត្ដ​ទុក​ដាក់លើ​បញ្ហា​បច្ចេ​​​ក​​វិទ្យាបើ​មិន​អ៊ី​ចឹង​ទេយើង​អត់​អា​ច​វិវឌ្ឍខ្លួនទៅ​ទាន់​និន្នាការ​តំប​ន់ និង​ពិភពលោក​បាន​ទេ»។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណ​​នេយ្យ​ភាព​សង្គមកម្ពុជាមើល​ឃើញថា ការ​កសាង​រដ្ឋាភិបា​ល​ឌីជីថល​នេះ គឺ​ជា​ការ​គិត​មួយ​ក្នុង​ទស្ស​នវិស័យ​វែង​ឆ្ងាយ​សម្រា​ប់​កម្ពុជា ប៉ុន្ដែ​អ្វីដែល​រដ្ឋាភិបាល​គួរ​ធ្វើ​នោះ គឺ​គួរ​ផ្ដោត​ទៅលើ​គោល​ដៅនីមួយ​ៗ​ឲ្យ​បាន​សម្រេច​សិន​ ដូច​អ្វី​ដែល​រដ្ឋា​​ភិបាល​ធ្លាប់​កំណត់​ពីមុន​ដូចជា​រដ្ឋាភិបាល​អេឡិច​ត្រូនិក​នោះ។ ​

លោក​បន្ដថា​៖ «យើង​ចង់​ឃើញ​ទិស​ដៅ​នីមួយ​ៗ​បាន​សម្រេច​សិន ប៉ុន្ដែ​ជាការល្អ​ណាស់បើ​សិន​ជា​មន្រ្ដី​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ មាន​ការ​យល់​ដឹង​ពី​​ប្រព័ន្ធ​ឌីជីថល​ ដែល​អាច​ឲ្យ​មន្រ្ដី​នៅតាម​ភូមិ-ឃុំ​នីមួយ​ៗ អាច​ឆ្លើយ​​ឆ្លង​អីុមែល​សម្រាប់​បំពេញ​ការងារ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ»។

លោក​បន្ថែមថា​៖ «បើ​ឃុំ​ ១​ មាន​កុំ​ព្យូទ័រ​ ១ គ្រឿង​ ភ្ជាប់​អីុនធឺណិត មាន​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​តាមរយៈ​អីុមែល ទៀងទាត់ជាមួយ​ប្រជាពលរដ្ឋ​នោះ រឹត​តែ​ប្រសើរ​ហើយ»៕