រឿងរ៉ាវពិតរបស់មនុស្សស្រីម្នាក់ រស់នៅលើកោះរយៈពេល៧ឆ្នាំ ជាមួយបុរស៣១នាក់

វាគឺជារឿងរ៉ាវមួយដែលកម្រនឹងកើតមានឡើង នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ តើលោក​អ្នក​ធ្លាប់គិតទេថានឹងមានអ្វីកើតឡើង ប្រសិនបើនៅលើពិភពលោកយើង នេះមានសុទ្ធតែ​មនុស្ស​ប្រុស ឬ មនុស្សស្រីទាំងអស់? ហើយចុះប្រសិនបើពិភពលោក​មានតែ​មនុស្ស​ប្រុសទាំងអស់ ប៉ុន្តែ​ស្រាប់​តែលេចវត្តមានមនុស្សស្រីតែម្នាក់ប៉ុណ្ណោះ តើនឹងមានរឿងអ្វីកើតឡើង?

ដើម្បីជ្រាបកាន់តែច្បាស់ យើងសូមលើកយកប្រវត្តិរឿងពិតមួយ ដែលបានកើតឡើងនៅលើនារីជន​ជាតិជប៉ុនម្នាក់ អំឡុងសង្គ្រាមលោកលើកទី២ រស់នៅលើកោះជាមួយបុរសចំនួន ៣១ នាក់ រយៈ​ពេល ៧ ឆ្នាំ។

នៅឆ្នាំ ១៩៣៩ នារីក្មេងស្រីជនជាតិជប៉ុនវ័យ ១៦ ឆ្នាំ ដែលមានឈ្មោះថា កាស៊ូគូ ហ៊ីកា (Kazuko Higa) បានធ្វើដំណើរតាមបងប្រុសរបស់នាងចាកចេញពីកោះ អូគីណាវ៉ា(Okinawa) ទៅកាន់កោះ បាកាន (Bacan) ដែលស្ថិតនៅលើលំហមហាសមុទ្រប៉ាស៊ីភិច។

នៅពេលទៅដល់កោះនោះ នាងបានធ្វើការជាអ្នករត់តុនៅក្នុងហាងកាហ្វេមួយ។ រយៈពេល ជិត២ ឆ្នាំបន្ទាប់ នាងមានអាយុ១៨ ឆ្នាំ ហើយបានរៀបការជាមួយបុរសវ័យក្មេងម្នាក់ដែលមកពី អូគីណាវ៉ា(Okinawa)​ដូចគ្នា ដែលស្វាមីរបស់នាងគឺជាអ្នកគ្រប់គ្រងកម្មករកាត់ដើមដូងនៅលើកោះ។

រូបថតនាង Kazuko Higa

នៅឆ្នាំ ១៩៤៤ ពួកគេត្រូវបានគេបញ្ជាឱ្យផ្លាស់ប្តូរទៅកាន់កោះអាណាតាហាន (Anatahan Island) ដែលនៅលើកោះនេះមានជន ជាតិដើមចំនួន ២០ នាក់រស់នៅ។

អង្គការជប៉ុនបានរៀប​ចំកោះនេះជាតំបន់ដាំដើមដូង ដោយប្រគល់ភារកិច្ចឱ្យនាងនិងប្តីរបស់នាង និងមនុស្ស៣នាក់ផ្សេងទៀត ទទួលមើលការខុសត្រូវ។ ក្រោយមកទៀត កោះនោះក៏ត្រូវបានទាហានអាមេរិកវាយប្រហារ ហើយប្តីរបស់នាងក៏បានបាត់ខ្លួន រីឯនាងក៏បានរៀបការជាមួយជំនួយការម្នាក់។

(រូបថតយកចេញពីឯកសារភាពយន្តរឿង The Saga of Anatahan)

នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៤៤ ទូកនេសាទត្រី ធូណាជប៉ុន ត្រូវបានវាយប្រហារដោយកងទ័ពអាកាសអាមេរិច។ អ្នករស់រានមានជីវិតក៏ហែលទៅលើកោះនេះ។

ក្រោយមកក៏មានទាហានជប៉ុនបានហែលគេខ្លួនទៅកាន់កោះនោះ ធ្វើឲ្យកោះនោះមានមនុស្សសរុបចំនួន ៣២ នាក់ ប៉ុន្តែមានមនុស្សស្រីតែម្នាក់ប៉ុណ្ណោះគឺនាង កាស៊ូគូ ហ៊ីកា(Kazuko Higa)។

នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៤៥ ប្រទេសជប៉ុនបានប្រកាសពីការបរាជ័យរបស់ខ្លួន និងបានបញ្ចប់សង្គ្រាម ដំណឹងនេះ បានលេចលឺទៅដល់គ្រប់ដែនកោះទាំងអស់។

ប្រជាជនរស់នៅ ដែនកោះជាច្រើនចាប់ផ្ដើមជម្លៀសខ្លួនចេញពីដែលកោះ  ក៏ប៉ុន្តែមានតែមនុស្សទាំង ៣២ នាក់នៅលើដែនកោះអាណាតាហាន ប៉ុណ្ណោះដែលមិនជឿថាសង្គ្រាមបានបញ្ចប់ ដូចនេះគេពួកគេក៏នៅតែបន្តលាក់ខ្លួននៅលើដែនកោះនោះដដែល។

ក្រោយមកកាំភ្លើងជាច្រើនដើម និងគ្រាប់មួយចំនួន បានរសាត់អណ្តែតតាមកំទេចនាវា និងបន្ទះក្តាទៅដល់ដែនកោះ ហើយមនុស្សនៅទីនោះក៏បាននាំគ្នារើសកាំភ្លើងទាំងនោះទុក។

អ្វីៗបានផ្លាស់ប្តូរខុសពីប្រក្រតីបន្ទាប់ពីមានកាំភ្លើង កាំភ្លើងបានក្លាយជានិមិត្តរូបអំណាច អ្នកដែលមានកាំភ្លើងទើបមានសិទ្ធទទួលបាននាង Kazuko Higa ដោយសារតែហេតុនេះហើយជម្លោះ​​​បាញ់​​​សម្លាប់​គ្នា​ដើម្បីដណ្ដើមនាងក៏បានកើតឡើង ដោយមនុស្ស ១២ នាក់ត្រូវបានបាញ់សម្លាប់។ ក្រោយមកអ្នកដែលនៅរស់រានមានជីវិតក៏បានឯកភាពគ្នាក្នុងការបោះកាំភ្លើងចោលដើម្បី​ដោះស្រាយបញ្ហា។

បើទោះបីជាកាំភ្លើងត្រូវបានបោះចោលក៏ពិតមែន ប៉ុន្តែពួកគេនៅតែបន្តសម្លាប់គ្នាដដែល ដូចនេះពួកគេក៏សម្រេចចិត្តថាមានតែសម្លាប់មនុស្សស្រីតែម្នាក់គត់នេះទេទើបដោះស្រាយបញ្ហាបាន។ ប៉ុន្តែនាងបានដឹងខ្លួនទាន់ និងបាន រត់គេចខ្លួនរួចចេញពីដែនកោះនោះដោយសុវត្ថិភាព។

បន្ទាប់ពីបានមកដល់ទឹកដីប្រទេសជប៉ុនវិញ នាងបានរៀបរាបពីដំណើររឿងប្រាប់អ្នកដទៃ ហើយបានសរសេរសំបុត្រផ្ញើទៅកាន់កោះ ប្រាប់ឱ្យមនុស្សនៅលើកោះ ឱ្យត្រលប់មកកាន់ប្រទេសជប៉ុនវិញ ប៉ុន្តែពួកគេមិនជឿទេ ដោយគិតថាជាល្បិចរបស់ទាហានជប៉ុន ក្រោយមកនៅឆ្នាំ ១៩៥១ ពួកគេក៏បានសម្រេចចិត្តត្រលប់មកកាន់ប្រទេសជប៉ុនវិញ។

ស្ត្រីជនជាតិជប៉ុន នាង Kazuko Higa បានរៀបរាប់ថា នាងដឹងរឿងរ៉ាវជាច្រើន ក្នុងនោះនាងបានដឹងថា អតីតប្ដីរបស់នាងមិនបានស្លាប់នោះទេ គឺបានត្រលប់មកកាន់ប្រទេសជប៉ុនមុននាងទៅទៀត ហើយដោយសារតែគិតថានាងបានស្លាប់គាត់ក៏បានរៀបបង្កើតគ្រួសារថ្មីមួយទៀត។ ចំណែកឯបុរសដែលនៅសេសសល់លើដែនកោះនោះមួយចំនួនក៏បានរៀបការបង្កើតគ្រួសារផងដែរ។

បន្ទាប់ពីនោះមករឿងរ៉ាវជាប់នៅលើកោះអស់រយៈពេល ៧ ឆ្នាំដែលមានត្រឹមតែមនុស្សស្រីម្នាក់នេះក៏បានល្បីខ្ទរខ្ទារ  Kazuko Higa បានបង្កើតជាការសម្ដែងរៀបរាប់ពីជីវិតនៅដែនកោះរបស់នាងប៉ុន្តែវាមិនទទួលបានជោគ ជ័យនោះទេ នាងក៏បានប្រែក្លាយខ្លួនជាអ្នករាំវិញម្ដង។

ហើយនាងក៏បានរៀបការម្ដងទៀតនៅអាយុ ៣៤ ឆ្នាំ។ បន្ទាប់មកនាងក៏បានបើកហាងទំនិញតូចមួយ រស់នៅដោយជីវភាពធម្មតា។

ក្រោយៗមករឿងរ៉ាវរបស់លោកស្រី Kazuko Higa ក៏ត្រូវបានលោក Michiro Maruyama និពន្ធជាសៀវភៅរឿងប្រលោមលោក ដែលសៀវភៅនោះមានល្បីល្បាញយ៉ាងខ្លាំង ហើយក្រោយមកទៀតវាក៏ត្រូវបានគេយកទៅផលិតជាខ្សែភាពយន្តដែលមានចំណងជើងថា The Saga of Anatahan។

សូមបញ្ជាក់ថា នៅឆ្នាំ ១៩៧៤ លោកស្រី Kazuko Higa ក៏បានបាត់បង់ជីវិតដោយសារតែជំងឺដុះសាច់ក្នុងខួរក្បាលដែលនៅពេលនោះលោកស្រីមានអាយុត្រឹមតែ ៤៩ ឆ្នាំប៉ុណ្ណោះ៕

(រូបថតយកចេញពីឯកសារភាពយន្តរឿង The Saga of Anatahan)

(ដោយ៖ ឡេង ដេត)