គួរឱ្យសរសើរ! កីឡាករប្រដាល់ វង្ស ណយ បេះពីមាត់ពង្រាត់ពី-ក ដើម្បីបងប្អូនដែលកំពុងរងគ្រោះ

កីឡាករប្រដាល់សេរីលោក វង្ស ណយ បើទោះបីជាលោកមិនសូវមានជីវភាពធូរធារប៉ុន្មាន ប៉ុន្តែលោកគឺជាកីឡារកមួយរូបដែលតែងតែចូលរួមចែករំលែកធនធានដែលខ្លួនមានជួយទៅអ្នកដែលខ្សត់ខ្សោយជាងខ្លួនជានិច្ច។ ហើយក្នុងគ្រោះជំនន់ទឹកភ្លៀងឆ្នាំនេះលោកក៏បានជួយជាមីចំនួន ៤០ កេះជួយដល់ជនរងគ្រោះផងដែរ។

យោងតាមការបញ្ជាក់របស់លោក ហេង ឡុង ជាបុគ្គលដែលតែងតែចេញមុខមាត់និយាយពីបញ្ហាសង្គមមួយរូបបានឱ្យដឹងថា៖ “ទោះមិនមែនជាឧកញ៉ា ក៏កីឡាករប្រដាល់ល្បីឈ្មោះ វង្ស ណយ សុខចិត្តសន្សំថវិកាទិញមី៤០កេះតូច ជួយឧបត្ថម្ភប្រជាពលរដ្ឋនៅខេត្តដែលរងគ្រោះទឹកជំនន់នៅខេត្ត ពោធិ៍សាត់និងខេត្តបាត់ដំបងតាមរយៈខ្ញុំបាទ។ សូមជូនពរប្អូនប្រុស និងក្រុមគ្រួសារឲ្យមានសុខភាពល្អ និងកាន់តែរីកចម្រើនដើម្បីបន្តជួយសង្គមយើងទាំងអស់គ្នា”

គួរបញ្ជាក់ថា បើទោះបីជាមានបទពិសោធន៍​និងមានកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យប្រដាល់ក៏ពិតមែន ប៉ុន្តែកាលពីប៉ុន្មានខែមុននេះ អ្នកប្រដាល់រូបនេះ បានប្រកាសថាលោកឈប់ឡើងសៃវៀនប្រដាល់ទៀតហើយ​ដោយបានបញ្ជាក់ថា៖​ «ខ្ញុំវៃយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វ៉ៃនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន ។ បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ»។​

ដោយ៖ ភូមិន្ទ