ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកលក់ឡេខ្យល់ម្នាក់ ពីបទឆបោក

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាប ករណីឆបោកប្រាក់ពីប្រជាពលរដ្ឋ ចំនួន០៦នាក់ (នៅខេត្តខេត្តបាត់ដំបង ២នាក់ ខេត្តមណ្ឌលគីរី ១នាក់ ខេត្តព្រះសីហនុ ១នាក់ ខេត្តស្ទឹងត្រែង ១នាក់ និងខេត្តព្រៃវែង ១នាក់) តាមបណ្តាញសង្គមហ្វេសប៊ុក។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ស.រ.ត ហៅ ស្រីកា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការសាកសួរចម្លើយរបស់មន្ត្រីជំនាញ ជនសង្ស័យបានប្រើឧបាយកលក្នុងការធ្វើសម្មភាពបោកប្រាស់ ដោយប្រើលេខទូរសព្ទជាច្រើនខ្សែ ទំព័រហ្វេសប៊ុកចំនួន១ ឈ្មោះ C Ka Online និងគណនីហ្វេសប៊ុក ចំនួន០៤គឺ យាយម៉ាប់ កាហ្វេ, ល្មៀត ខ្មែរ សុទ្ធ, Vyna Kamab, Oun Pich ដែលបានធ្វើការផ្សព្វផ្សាយ និងឃោសនា អូសទាញ ឆបោកប្រជាពលរដ្ឋថាជា ឡេខាត់ស្បែក ស្កាប់ពន្លៃ ស្កាប់បៃតង ស្រ្កាប់កាហ្វេទឹកឃ្មុំជាផលិតផលធម្មជាតិ។

បច្ចុប្បន្ន ជនសង្ស័យកំពុងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់បណ្តាញសង្គមបច្ចេកវិទ្យា សូមប្រើប្រាស់ដោយស្មារតី ប្រុងប្រយ័ត្នខ្ពស់ កុំឱ្យធ្លាក់ចូលក្នុងឧបាយកលជនបោកប្រាស់ ដែលបច្ចុប្បន្ននេះពួកជនឆ្លៀតឱកាសទាំងនោះ កំពុងតែយកប្រព័ន្ធសង្គមបច្ចេកវិទ្យានេះ ទៅធ្វើជាមធ្យោបាយប្រព្រឹត្តិអំពើទុច្ចរិត៕ ដោយ៖ Micheal