លោក សាយ សំអាល់ ៖ រាជរដ្ឋាភិបាលនឹងប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា

ព្រះសីហនុ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅប្រែក្លាយខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោក សាយ សំអាល់ លេីកឡើងបែបនេះ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្នុងកិច្ចប្រជុំលើកទី១ នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន រូបនេះ បន្តថា ខេត្តព្រះសីហនុបាននិងកំពុងទទួលបានផលពីផ្លែផ្កាសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍដែលបានមកពីការយកជីវិតធ្វើដើមទុនរបស់ថ្នាក់ដឹកនាំយើង។
លោក បញ្ជាក់ថា យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរដើម្បីទាញយកផលនៃការអភិវឌ្ឍ ក្នុងគោលដៅដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ បង្កើតការងារធ្វើ សម្រាប់ពលរដ្ឋកម្ពុជា កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលជីវភាពរបស់ប្រជាជន និងធានានូវ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោក សាយ សំអាល់ គូសបញ្ជាក់នៅចំពោះមុខក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់មូលដ្ឋានទាំងអស់ថា កិច្ចការអាទិភាពចំនួន៤ ក្នុងចំណោមការងារជាច្រើនដែលក្រុមការងារត្រូវដោះស្រាយឱ្យបានគឺ

ទី១) ការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងខេត្តព្រះសីហនុទាំងមូលដោយសហការគ្នារវាងអាជ្ញាធរខេត្ត កងកម្លាំងសមត្ថកិច្ច និងក្រុមការងារឱ្យបានល្អ។

ទី២) ការពារឱ្យបាននូវបរិយាកាសសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ព្រមទាំងវិនិយោគិន។

ទី៣) ការគ្រប់គ្រងការងារសំណង់ដែលជាគម្រោងសាងសង់ថ្មីៗត្រូវមានការគ្រប់គ្រងឱ្យបានល្អ កាត់បន្ថយការបំពុលខ្យល់

ទី៤) ការគ្រប់គ្រងសំណល់រឹងរាវ និងសំរាម ឱ្យបានល្អដើម្បីធ្វើឱ្យខេត្តព្រះសីហនុមានសោភ័ណភាព មានអនាម័យបរិស្ថានល្អស្អាត និងពលរដ្ឋរស់នៅប្រកបដោយផាសុកភាព និងកាន់តែមានការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់យ៉ាងមុតមាំថាខេត្តព្រះសីហនុត្រូវ បញ្ចប់ជម្លោះដីធ្លីដែលរ៉ាំរ៉ៃជាយូរមកហើយឱ្យបានទាំងស្រុង។


លោកថ្លែងថា “មិនត្រូវឱ្យកើតឡើងនូវជម្លោះថ្មីៗទៀតឡើយ និងត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះដីធ្លីចាស់ឱ្យបានបញ្ចប់ទាំងស្រុង“។
លោកបានគូសបញ្ជាក់ថាការដោះស្រាយជម្លោះដីធ្លីត្រូវធ្វើឡើងតាមរយៈការចរចា តាមផ្លូវតុលាការ ឬតាមរយៈការចុះបញ្ជីដីធ្លីរបស់រដ្ឋឱ្យបានសព្វគ្រប់។ ប្រធានក្រុមការងារ ថ្នាក់ជាតិក៏បានព្រមានផងដែរដល់ជនខិលខូចទាំងឡាយដែលមានការជាប់ពាក់ព័ន្ធនឹងការ រំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ត្រូវបញ្ឈប់ជាបន្ទាន់ និងលើកឡើងថាគ្មាន ជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូចបានឡើយ។ ឯកឧត្តមបន្តថាប្រសិនបើជនណានៅតែបំពានច្បាប់ នោះនឹងមិនមានការលើកលែងឡើយ វិធានការច្បាប់ដ៏តឹងរឹងនឹងត្រូវអនុវត្ត។


ទាក់ទងនឹងបញ្ហាទឹកសាបសម្រាប់ប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ លោក សាយ សំអាល់ បានលើកឡើងថាត្រូវតែរក្សាប្រភពទឹកសាបនៅក្នុងតំបន់នានាក្នុងខេត្តព្រះសីហនុដើម្បីរក្សាឱ្យបានគង់វង្សនូវប្រភពទឹកសម្រាប់ប្រើប្រាស់ឱ្យបានយូរអង្វែង ក៏ដូចជាការផលិតទឹក និងការចែកចាយទឹក ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋនិងអាជីវកម្មនានានៅក្នុងខេត្តព្រៃសីហនុនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារ ក៏បានថ្លែងថា ករណីដូចគ្នានេះ ក៏ត្រូវអនុវត្តផងដែរចំពោះការគ្រប់គ្រងចរន្តអគ្គិសនី ក៏ដូចជាប្រព័ន្ធលូ និងការគ្រប់គ្រងសំណល់រឹងសំរាម។
ដើម្បីគ្រប់គ្រងអនាម័យបរិស្ថានខេត្តព្រះសីហនុឱ្យបានល្អស្អាត លោករដ្ឋមន្ត្រីបាន ស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធរួមនឹងបងប្អូនប្រជាពលរដ្ឋ រួមនឹងម្ចាស់អាជីវកម្ម ទីកន្លែងកម្សាន្ត នានានៅក្នុងក្រុងព្រះសីហនុរួមសហការសម្អាតអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម និងអាជ្ញាធររួមសហការគ្នា ប្រមូលសំរាមឱ្យបានទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម សាយ សំអាល់ លើកឡើងថាពីគម្រោងការស្តារប្រព័ន្ធលូ បង្ហូរទឹកឱ្យបានទៀងទាត់ ក៏ដូចជាការគ្រប់គ្រងសំណល់រាវឱ្យបានល្អ និងត្រូវមាន ការរៀបចំក្រុងឱ្យបានល្អ។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារបានជំរុញឱ្យ អាជ្ញាធរខេត្តព្រះសីហនុគ្រប់លំដាក់ថ្នាក់បន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ ប្រជាពលរដ្ឋ និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជន៕