ពេជ្រ ចរណៃ​ ជួបទុក្ខសោក គ្រាប្រទេសកំពុងជួបជំនន់ទឹកភ្លៀង

ស្រីស្រស់ ពេជ្រ ចរណៃ ជាតារាសម្ដែងដ៏មានប្រជាប្រិយភាព​និងជាអ្នកគុនល្បុក្កតតោខ្មែរដ៏ជំនាញម្នាក់បានបង្ហាញពីទុក្ខសោកដ៏ធំមួយក្នុងជីវិតគឺម្ដាយមីងបង្កើតរបស់កញ្ញាបានទទួលមរណភាព ដោយសារជំងឺមហារីកកាលពីយប់ថ្ងៃទី ១៣ ខែតុលា ២០២០ នេះ ។

ក្នុងគ្រាដែលប្រទេសកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង តារាសម្ដែងរូបនេះបានបង្ហាញពីទុក្ខសោកខ្លួនឱ្យដឹងថា៖ “មីងបង្កើត របស់ខ្ញុំ ឈ្មោះ អ៊ិត សោភា ដែលមានជំងឺមហារីកក្រពះ បានទទួលមរណៈភាពហើយ កាលពីយប់មិញ ថ្ងៃ ទី ១៣ ម៉ោង 9:00 ពេលនេះសពដំកល់នៅវត្ត ស្ទឹងមានជ័យ ហើយ ដង្ហែទៅបូជា នៅវត្ត សំបូរមាស នៅវេលាម៉ោង 1:00 ថ្ងៃនេះ ”

កញ្ញា បានបញ្ជាក់បន្ដថា សារនេះចាប់ទុកជាការអញ្ជើញពុកម៉ែបងប្អូន សិស្សគុនទាំងអស់ឱ្យចូលរួម ក្នុងការដង្ហែ ព្រោះម្ដាយមីងនាងឡើងពីបន្ទាយមានជ័យមកមានតែបីអ្នកម្ដាយនិងកូនពីរនាក់ គ្មានញាតិមិត្តទេ។ នាងថា ពិធីបុណ្យសពនេះ ស្ងប់ស្ងាត់ខ្លាំងណាស់ គ្មានចាស់ទុំជួយរៀបចំទេ គឺមានតែបងប្អូននាងបីនាក់ដែលរៀបចំពិធីបុណ្យនេះ៕

ដោយ៖ ភូមិន្ទ