ទម្លាយអាថ៌កំបាំងនៅពីក្រោយករណី ត្រីធ្លាក់ពីលើមេឃ ដែលធ្លាប់ល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុន

កាលពីឆ្នាំ ២០១៤ មានករណីចម្លែកមួយបានកើតឡើងនៅក្នុងភូមិមួយនៃប្រទេស្រីលង្កា ដោយប្រជាជនក្នុងភូមិបានអះអាងថា មានភ្លៀងធ្លាក់មួយមេធំ ហើយអ្វីដែលចម្លែក គឺមានទាំងត្រីជាច្រើនក្បាលបានធ្លាក់ពីលើមេឃមកជាមួយផងដែរ។ ករណីនេះ ត្រូវបានសារព័ត៌មានធំៗជាច្រើនជុំវិញពិភពលោក ចុះផ្សាយនិងបានដាក់ឈ្មោះករណីនោះថា «ភ្លៀងត្រី ឬFish rain»។

អ្នកភូមិតូចមួយនៃស្រុក ជីឡាវ ខេត្តភាគពាយព្យ ប្រទេសស្រីលង្កា បាននិយាយថា មានភ្លៀងមួយមេយ៉ាងធំសម្បើមបានបង្អុរមកលើភូមិរបស់ពួកគេ ហើយភ្លៀងនោះជាភ្លៀងដ៏ចម្លែកមិនធ្លាប់មាន ដោយមានត្រីតូចធំជាច្រើនក្បាលបានធ្លាក់មកជាមួយដែរ។ អ្នកភូមិបានឲ្យដឹងទៀតថា មនុស្សក្នុងភូមិ បាននាំគ្នាដើររើសត្រីទាំងនោះ មានត្រីខ្លះទំហំពី ៥ ទៅ ៨សង់ទីម៉ែត្រ រើសបានសរុបទាំងអស់ប្រមាណ ៥០គីឡូក្រាម ហើយភាគច្រើនសុទ្ធតែនៅមានជីវិតទៀតផង។

បើនិយាយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិវិញ ករណី «ភ្លៀងត្រី ឬFish rain» នេះធ្លាប់កើតមានយូរលង់ណាស់មកហើយ ហើយក៏មិនមែនមានតែ ១ លើក ឬ២ លើកដែរ។ យោងតាមឯកសារនៅឆ្នាំ ១៧៩៤ ទាហ៊ានបារាំង បានរកឃើញចម្លាក់ថ្មមួយនៅតំបន់ ឡាឡាអិន ក្បែរទីក្រុងលីលលី ប្រទេសបារាំង បច្ចុប្បន្ន ដោយចម្លាក់នោះបង្ហាញពីសកម្មភាពសត្វត្រីធ្លាក់ពីលើមេឃ ជាមួយនឹងតំណត់ទឹកភ្លៀង ហើយគេដឹងថា ចម្លាក់ថ្មនោះមានអាយុកាលតាំងពីសតវត្សរ៍ទីមួយនៃគ្រិស្តសរាជមកម្ល៉េះ។

ភ័ស្ដុតាងមួយទៀត ប្រជាជនជនបទនៅ យូរ៉ូ ប្រទេសហុងឌូរ៉ាស បានអះអាងថា នៅតំបន់របស់ខ្លួន មានភ្លៀងធ្លាក់ លាយឡំជាមួយត្រី ជាច្រើនក្បាល ហើយវាតែងតែកើតឡើងរៀងរាល់រដូវក្ដៅ។ ករណីនេះ ប្រជាជន ហុងឌូរ៉ាស ហៅថា «លូវ៉ៃ ឌីផេសេស»។

ទាក់ទងនឹងករណីនេះខាងលើ អ្នកវិទ្យាសាស្ត្របានបកស្រាយថា ដំបូងឡើងបណ្ដាលមកពីមានខ្យល់កួចទឹក ឡើងទៅលើអាកាស ដែលអាចនាំយកត្រី អន្ទង់ សូម្បីតែក៏កង្កែប ក៏ស្រូបទៅជាមួយដែរ។ ជីវិតសត្វទាំងនោះ អាចរស់នៅបានយូរ និងធ្វើដំណើរបានវែងឆ្ងាយជាមួយពពក ហើយវានឹងធ្លាក់ចុះមកក្រោមវិញជាមួយតំណក់ទឹកភ្លៀង៕ ដោយ៖ KS