សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តម Anatoly BOROVIK ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចវិបុលសេនាភក្តីបានអរសាទរចំពោះសហព័ន្ធរុស្ស៊ីដែលសម្រេចបាននូវការបង្កើតវ៉ាក់សាំងកូវីដ១៩  ដែលជាទីសង្ឃឹមរបស់ប្រជាជននៃសហព័ន្ធរុស្ស៊ី ក៏ដូចប្រជាជាតិនៅលើពិភពលោក។

នៅក្នុងឱកាសនោះ ឯកឧត្តម Anatoly BOROVIK បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបជាមួយនឹងឯកឧត្តមនាពេលនេះ។ ឯកឧត្តមបាន   សម្តែនូវសេចក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធរុស្ស៊ី និងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គរដ្ឋទូតបានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបគម្រប់២៥ឆ្នាំនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហព័ន្ធរុស្ស៊ី និងព្រះរាជាណាចក្រកម្ពុជា ហើយនៅឆ្នាំក្រោយ គឺជាខួបគម្រប់ ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចប្រមុខរដ្ឋស្តីទីអំពី ការរកឃើញនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ វ៉ាក់សាំងនេះមិនគ្រាន់តែឱសថសម្រាប់ព្យាបាលប្រជាជនរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱសថសម្រាប់ព្យាបាលមនុស្សជាតិនៅលើពិភពលោកទាំងមូលផងដែរ។

បើទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ១៩ក្តី ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនង់រវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា នៅពេលដែលជំងឺកូវីដ១៩ត្រូវបានបញ្ចប់ លោកជំទាវប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី នឹងអាចអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាពេលវេលាសមស្របណាមួយ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលឹកអំពី អនុស្សារណៈនៃការយោគយល់រវាងព្រឹទ្ធសភាកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ដែលនឹងត្រូវបញ្ចប់នាខែមីនា ឆ្នាំ២០១២១ខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានគោរពស្នើសុំសម្តេចវិបុលសេនាភក្តី បន្តអនុវត្តអនុស្សារណៈយោគយល់គ្នានេះបន្តទៅមុខទៀតសម្រាប់ពេលខាងមុខ។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខនេះនឹងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងលោកជំទាវប្រធាន      គណៈកម្មការកិច្ចការអន្តរជាតិ និងអគ្គនាយកដ្ឋានពីធីការ និងទំនាក់ទំនងអន្តរជាតិ នៃសភាជាន់ខ្ពស់ប្រទេសទាំងពីរ ព្រមទំាំងការបណ្តុះបណ្តាលមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​កម្ពុជាខាងវិស័យការទូតសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។ សម្តេចប្រមុខរដ្ឋស្តីទីបានរំលឹកថា ទំនាក់ទំនងនៃប្រទេសកម្ពុជា និងប្រទេសរុស្ស៊ី (ជាអតីតសហភាពសូរៀត) បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៦។  រហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងការទូតនេះមានរយៈពេល​៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះ គឺជាខួបគម្រប់ ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរ។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបតិ្តការស្ទើរតែគ្រប់វិស័យ។

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តីបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ដែលបានរួមចំណែកដ៏ថ្លៃថ្លាជួយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក្នុងការស្តា និងកសាងប្រទេស តាមរយៈការផ្តល់ជំនួយក្នុងរូបភាពនានាស្ទើរគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍធន- ធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍សម្រាប់និស្សិត និងមន្រ្តីរាជការកម្ពុជាប្រមាណ ៨.០០០នាក់ ទៅសិក្សានៅប្រទេសរុស្ស៊ី ហើយនិស្សិតដែលបានរៀននាសម័យនោះ មួយចំនួនបានក្លាយទៅជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នដែលបានរៀននីសម័យនោះ បានក្លាយទៅមនត្្ររនា។

សម្តេចវិបុលសេនាភក្តីបានបញ្ជាក់ថា ប្រទេសកម្ពុជាបានរក្សានូវមរតកនៃទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានរហូតដល់ពេលបច្ចុប្បន្ននេះ មានជាអាទិ៍ មហាវិថីសហព័ន្ធរស្ស៊ី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងយាកម្ានបច្ចេកវិីមានការនុប្បន្ន មន្ទីរពេទ្យមិត្តភាពខ្មែរ​-សូវៀត ដែលបច្ចុប្បន្នកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយព្យាបាលអ្នកដែលមានជំងឺកូវីដ១៩។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ីចំពោះការផ្តល់ជំនួយ ឧបករណ៍   សម្តារៈផ្នែកវេជ្ជសាស្រ្តសម្រាប់ការព្យាបាល បង្ការ និងទប់ស្តាត់ការីករាលដាល​ជំងឺកូវីដ១៩ ដល់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តីបានកត់សម្គាល់ឃើញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ ហើយតាមរយៈបេសកម្មការទូតរបស់ឯកឧត្តម សម្តេចសង្ឃឹមថាឯកឧត្តមនឹងជួយជំរុញពង្រីកទំនាក់ទំនង និងសកម្មភាពពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន និងជួយជំរុញអ្នកវិនិយោគិនរុស្ស៊ី មកពិនិត្យមើលនូវកាលានុវត្តភាព ធ្វើវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ីនាពេលកន្លងទៅ ឃើញថាមានទំនាក់ទំនងយ៉ាងល្អ និងកិច្ចសហប្រតិប្តតិការយ៉ាងជិតស្និតជាមួយគ្នា។

សម្តចវិបុលសេនាភក្តីបានឯកភាពជាមួយនឹងប្រសាសន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ពាក់ព័ន្ធនឹងការបន្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបតិ្តការក្នុងវិស័យនានាបន្តទៀត។ ក្នុងនោះដែរ នៅពេលជំងឺកូវីដ១៩ត្រូវបានផុតរលត់    ថ្នាក់ដឹកនាំព្រឹទ្ធសភាកម្ពុជា នឹងអាចអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅពេលវេលាសមស្របណាមួយ។ សម្តេចមានជំនឿជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងសហព័ន្ធរុស្ស៊ី ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនរុស្ស៊ីទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

សម្តេចវិបុលសេនាភក្តីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តម និងស្ថានទូតសហព័ន្ធ រុស្ស៊ី ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេស និងប្រជាជនទាំងពីរ។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរព និងមហាភាតរភាពពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់នៃសហព័ន្ធរុស្ស៊ី។

សម្រួលអត្ថបទ ៖ S.T