មាន សូនីតា មនុស្សស្រីដែលរឹងមាំពេក មិនសូវមានសំណាងនោះទេ

(ភ្នំពេញ)៖ តារាស្រី កញ្ញា មាន សូនីតា បានបង្ហាញសារខ្លីមួយ ដែលចង់ផ្តោតទៅលើមនុស្សស្រី ដែលរឹងមាំភាគច្រើន ត្រូវបានគេមើលរំលងពីចំណុចខ្សោយ ព្រោះតែអ្នកជុំវិញខ្លួនគិតថា នាងរឹងមាំអាចមើលថែខ្លួនឯងបាន ដែលជាដើមហេតុធ្វើឲ្យនាងមិនសូវ មានសំណាងដូចជាមនុស្សស្រីផ្សេង ។

នៅពេលថ្មីៗនេះ តារាស្រី កញ្ញា មាន សូនីតា បានរំលេចសារខ្លី ដែលរៀបរាប់ពីមនុស្សស្រីមួយចំនួន ថា “ធ្លាប់មានអ្នកនិយាយថា ធ្វើជាមនុស្សស្រី រឹងមាំពេក មិនសូវមានសំណាងទេ តែខ្ញុំថា ធ្វើជាមនុស្សស្រីមិនសូវមានសំណាង វាក៏ល្អជាង ធ្វើជាមនុស្សស្រីដែលរងកម្ម ចាំតែទទួលរងថ្មបាក់ ការឈឺចាប់ និងការធ្វើបាបពីនរណាម្នាក់”។

តាមរយៈសារខ្លីរបស់ សូនីតា បែបនេះ បានឆ្លុះបញ្ចាំងពីមនុស្សស្រី ក្នុងសង្គមបច្ចុប្បន្នផងដែរ ដោយពេលនេះមានស្ត្រីច្រើនដែលពូកែ ចេញធ្វើការរកស៊ី រៀនសូត្របានខ្ពស់ ព្រោះតែក្នុងគោលបំណងមួយចង់ ធ្វើជាស្ត្រីដែលពូកែមានគោលជំហររឹងមាំដោយខ្លួនឯង កែប្រែពាក្យចាស់បុរាណ ដែលធ្លាប់ពោលថា “ស្ត្រីវិលចង្ក្រានមិនជុំ”នោះទេ។ ប៉ុន្តែស្របពេលដែលស្ត្រីមានភាពរឹងមាំ ម្ចាស់ការលើខ្លួនឯងនោះ ក៏បានធ្វើឲ្យមនុស្សស្រីខ្លះមានអារម្មណ៍ថា ខ្លួនមិនសូវមានសំណាង ព្រោះមិនមានអ្នកណាយកចិត្តទុកដាក់លើខ្លួន។

អ្វីដែលតារាសម្តែងរូបនេះ បានសរសេរបង្ហោះ ត្រូវបានអ្នកគាំទ្រភាគច្រើនគិតថា ទំនងជាចេតនារបស់កញ្ញា ប្រហែលជាចង់បង្ហាញថា ខ្លួនជាស្រីរឹងមាំរហូតដល់ ត្រូវរស់នៅពឹងលើខ្លួនឯង មិនមានសំណាង បានរស់នៅសុខស្រួល ដូចនារីដទៃហើយមើលទៅ៕ (ដោយ៖ ពិជ័យបុត្រ)