ករណីឃាតកម្មទៅលើនារីសោភិនីម្នាក់ កាលពី ១៥ឆ្នាំមុន នៅតែជារឿងអាថ៌កំបាំង ខណៈដែលសំណុំរឿងត្រូវបានកប់ចោល

ធៀនសាង រ៉េនជៀន គឺជាឈ្មោះក្លឹបរាត្រី និងត្រូវបានគេស្គាល់ទៀតថា ជាក្លឹបតណ្ហាបុរសដ៏ធំតែមួយគត់នៅហុងកុង។ គ្រប់នារីកំដរភ្ញៀវទាំងអស់នៅ ធៀនសាង រ៉េនជៀន សុទ្ធតែជានារីមានរូបសម្បត្តិស្រស់ស្អាត ទាំងមុខមាត់ និងដងខ្លួន មិនតែប៉ុណ្ណោះជានារីដែលមាន ចំណេះដឹងខ្ពស់ទៀតផង។

ក្នុងចំណោមនារីកំដរភ្ញៀវទាំងនោះ នាង លៀន ហៃលីង គឺជានារីស្អាតដាច់គេចំណាត់ថ្នាក់លេខ១នៅក្នុងក្លឹប។ នាងមកពីខេត្ត ហឺប៉ី មានកម្ពស់ ១.៧២ ម៉ែត្រ ស្បែកសភ្លឺថ្លា និងទម្ងន់ ៤៥គីឡូក្រាម។ ព្រោះតែដូច្នេះហើយទើប នាង លៀន ហៃលីង ទទួលបានកម្រៃច្រើនជាងគេបង្អស់ក្នុងចំណោមនារីឯទៀត ចាប់តាំងពីថ្ងៃនាងចូលធ្វើការដំបូងនៅឆ្នាំ ១៩៩៦ រហូតដល់ថ្ងៃនាងស្លាប់ នៅឆ្នាំ ២០០៥ ហើយករណីស្លាប់របស់នាង បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងហុងកុង ហើយក៏ជារឿងក្ដីមួយដែលទទួលរងនូវភាពអយុត្តិធម៌ផងដែរ រហូតដល់បច្ចុប្បន្ន។

នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០០៥ ប៉ូលិសបានរកឃើញសាកសព លៀន ហៃលីង នៅក្នុងផ្ទះរបស់នាង ព្រមជាមួយលុយសន្សំជាច្រើនលានយ័នផងដែរ។ ហើយការស្លាប់របស់នារីសោភិនីរូបនេះ ត្រូវបានគេសង្ស័យថាជាករណីឃាតកម្ម ព្រោះមានស្នាមច្របាច់ករ ហើយឃាតករអាចជាអ្នកដែលជិតដិតជាមួយនាងបំផុត។
យ៉ាងណាមិញ គេមិនច្បាស់ថា តើនរណាម្នាក់ជាមនុស្សជិតដិតបំផុតរបស់នាង ព្រោះកន្លងមកនាងតែងតែមានទំនាក់ទំនងជាមួយមនុស្សជាច្រើនហើយមនុស្សទាំងអស់សុទ្ធតែជាមន្ត្រីធំៗ។

នាង លៀន ហៃលីង
នាង លៀន ហៃលីង

ក្រោយមកគេដឹងថា អត្តសញ្ញាណរបស់បុរសដែលជិតដិតបំផុតជាមួយនាង លៀន ហៃលីង ត្រូវបានប៉ូលិសស្រាវជ្រាវរកឃើញ តែពេលនោះប៉ូលិសមិនអនុញ្ញាតឲ្យបង្ហាញឈ្មោះបុរសនោះទេ ហើយអ្វីដែលធ្វើឲ្យគ្រួសារជនរងគ្រោះឈឺចាប់បំផុតនោះគឺពួកគេមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ដោយរឿងក្ដីត្រូវបានកប់ចោលរហូតដល់បច្ចុប្បន្ន។

ក្រោយមកនៅឆ្នាំ ២០១០ ប៉ូលិសបានឆ្មក់ចូលទៅក្នុងក្លឹប ធៀនសាង រ៉េនជៀន ហើយឃាត់ខ្លួននារីបម្រើភ្ញៀវបានចំនួន ១១៨ នាក់ សុទ្ធតែជាស្រីមានសម្រស់ស្អាតទាំងអស់ ហើយពេលនោះក្លឹបទាំងមូលត្រូវបានអជ្ញាធរប្រកាសបិទជាផ្លូវការណ៍។ នៅឆ្នាំ ២០១៨ របាយការណ៍ពីសារព័ត៌មានក្នុងស្រុកបានសរសេរថា អតីតក្លឹបរាត្រីបម្រើសេវាកម្មតណ្ហាបុរសខាងលើនេះនៅតែបន្តបើកអាជីវកម្មដដែល តែបើកជាលក្ខណៈខារ៉ាអូខា ប៉ុណ្ណោះ ។

ពាក់ព័ន្ធជាមួយករណីស្លាប់របស់ លៀន ហៃលីង នៅតែជាប្រធានបទដ៏ក្ដៅមួយសម្រាប់ប្រជាជនចិន ហើយមហាជនបានសន្មត់ថា ឃាតករដែលសម្លាប់នាង គ្មាននរណាក្រៅពីអ្នកដែលផ្គត់ផ្គង់នាងប្រចាំខែឡើយ ហើយណាមួយនាង លៀន ហៃលីង ជាមនុស្សម្នាក់ដែលដឹងគ្រប់រឿងរ៉ាវរបស់បុគ្គលមានឥទ្ធិពលក្នុងសង្គម។

សូមបញ្ជាក់ថា ក្លឹបរាត្រី ធៀនសាង រ៉េនជៀន ឬក្លឹបតណ្ហាបុរស ត្រូវបានគេហៅឈ្មោះថា ឋានសួគ៌លើដី ហើយក្រុមមនុស្សដែលជាភ្ញៀវ គឺសុទ្ធតែជាសេដ្ឋី និងមន្ត្រីថ្នាក់ជាតិធំៗ។ គេដឹងថា គ្រាន់តែបន្ទប់ VIP សម្រាប់ភ្ញៀវអង្គុយមួយយប់មានតម្លៃចាប់ពី ៧៤០ដុល្លារ, ៣,០០០ ដុល្លារ, ៤,៥០០ ដុល្លារ ហើយមានភ្ញៀវខ្លះអាចចំណាយលើសពីនេះទៅទៀត៕ ដោយ៖ KS