បវរកញ្ញា លឹម សុធារី សុខៗត្អូញត្អែរថា ខ្លួនមានកម្មច្រើន ក្រោយចេញពីបន្ទប់សង្គ្រោះបន្ទាន់

(ភ្នំពេញ)៖ បវរកញ្ញា លឹម សុធារី ក្រោយពីបានទទួលជ័យលាភីលេខ២ ក្នុងកម្មវិធី Miss Grand Cambodia 2020 កាលពីចុងខែកញ្ញាថ្មីៗនេះ សង្កេតឃើញថា កញ្ញាមានសន្ទុះកេរ្តិ៍ឈ្មោះលេចធ្លោ ទទួលបានការចាប់អារម្មណ៍ច្រើន ពីមហាជន មិនតែប៉ុណ្ណោះសន្ទុះការងារ ក៏មានច្រើនផងដែ។ កញ្ញាត្រូវបានមហាជនសរសើរ មិនដាច់ពីមាត់ ថាកញ្ញាជាស្រីស្អាត មានសំណាងហើយបានជាប់ជ័យលាភីជា បវរកញ្ញាលេខ២ថែមទៀត។

  មហាជនបាន សរសើរពីភ័ព្វសំណាង ថា កញ្ញា លឹម សុធារី គឺជាមនុស្សស្រីដែលមានទាំងព្រម ទាំងរូបសម្រស់ ស្រស់ស្អាត និងមានឱកាសបានគ្រងតំណែង ជាបវរកញ្ញាជ័យលាភីលេខ២ គ្រប់យ៉ាងដែលកញ្ញាមានធ្វើឲ្យមនុស្សស្រីមិនតិចទេ ប្រាថ្នាចង់បាន តែមិនអាចបានដូចនាងឡើយ។ ផ្ទុយពីអ្វីដែលមហាជនបានស្ងើចសរសើរកញ្ញា​ នោះ កាលពីពេលថ្មីៗនេះ សាម៉ីខ្លួនបានបង្ហោះសាររៀបរាប់ទុក្ខសោករបស់ខ្លួន និងពោលថាខ្លួនជាមនុស្សមានកម្មទៅវិញ។

នៅក្នុងសារវែងអន្លាយរបស់កញ្ញា បានសរសេររៀបរាប់ថា “សូមស្វាគមន៍ នៃកាលវិលត្រឡប់មក សារជាថ្មីម្ដងទៀត  ខ្ញុំមកសាជាថ្មី ខ្ញុំនិងធ្វើជាមនុស្សថ្មី ខ្ញុំបានគេងនៅក្នុងបន្ទប់ICU អស់រយៈពេល2ថ្ងៃ ខ្ញុំមិននឹកស្មានថាខ្ញុំអាច ភ្ញាក់ពីការគេងដ៏យូរនេះបានទេ  ហើយក៏សុំទោសបងប្អូននិងអ៊ី សុំទោសដែលខ្ញុំធ្វើអោយទាំងអស់គ្នា បារម្ភ មិត្ដមានច្រើនណាស់ ល្អដូចបងប្អូនចឹង អរគុណខ្លាំងណាស់ដែលទេវតា មកអោយស្គាល់អ្នកទាំងអស់គ្នា ខ្ញុំស្គាល់ហើយពាក្យថាបងប្អូនល្អ ហើយក៏សុំទោសម៉ាកប៉ា ដែលកូនធ្វើអោយអ្នកទាំងពីរបារម្ភ កូនបានត្រឹមសរសេរពាក្យចុងក្រោយ ទៅកាន់លោកទាំងពីរ (អោយកូនសុំទោស កូនស្រលាញម៉ាកប៉ា ណាស់”។

កញ្ញាបានរៀបរាប់ទៀតថា “ចុងក្រោយនៅមានមនុស្សម្នាក់ តែងតែសង្គ្រោះនិងនៅក្បែរខ្ញុំ គ្រប់ពេលដែលពិបាក គេតែងតែហៅខ្ញុំ អោយត្រលប់មកវិញ ទាំងដែលខ្ញុំកំពុងដើរទៅឋានមួយទៀត

គេនៅគេងជិតខ្ញុំគ្រប់វិនាទី គាត់និយាយរកខ្ញុំ ហៅខ្ញុំ ទាំងដឹងថាខ្ញុំមិនអាចឆ្លើយបាន សុំទោសដែលតែងតែធ្វើអោយអ្នកបារម្ភ ប្រហែលជាខ្ញុំនៅមានកម្មច្រើនហើយ ដែលត្រូវសង់គេបានជា ទេវតាមិនព្រមយកខ្ញុំទៅសោះ មិចបានជាហៅខ្ញុំទៅហើយ អោយត្រលប់មកវិញចឹង”។

តាមរយៈសារខ្លីមួយ ដែលបង្ហាញឲ្យដឹងថា បវរកញ្ញារូបនេះ មានបញ្ហាដែលធ្វើឲ្យកញ្ញាស្ទើរស្លាប់ស្ទើររស់ មិនបានរៀបរាប់លម្អិតថា កញ្ញាមានបញ្ហាអ្វី ហេតុអ្វីបានជាត្រូវចូលបន្ទាប់ សង្គ្រោះបន្ទាន់ឡើយ។ តែបើតាមមើលទៅសាររបស់កញ្ញា គឺមើលទៅដូចជាកញ្ញាមានបំណងគិតខ្លី ឫក៏អស់សង្ឃឹមគិតថាខ្លួនអាចនិងស្លាប់ តែដោយសារតែទទួលបានកំលាំងចិត្ត ពីមនុស្សជុំវិញខ្លួន ទើបធ្វើឲ្យកញ្ញារឹងមាំ អាចបើកភ្នែកឃើញពន្លឺថ្ងៃម្តងទៀត បានរស់នៅជាថ្មីបែបនេះ ៕ (ដោយ៖ ពិជ័យបុត្រ)