អភិបាលរាជធានីភ្នំពេញ សម្រេចបិទចរាចរណ៍ផ្លូវ២១៧ទាំងស្រុង ដោយសារទឹកហូរកាត់ផ្លូវខ្លាំង

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចបិទចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវលេខ ២១៧ នៅក្បែររង្វង់មូលគួរស្រូវ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាពអ្នកដំណើរ និងប្រជាពលរដ្ឋ ខណៈស្ថាន​ភាពជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវនេះយ៉ាងខ្លាំង។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភំ្នពេញ ក៏អំពាវនាងដល់ បងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ​ និងចូលរួមសហ​ការពង្វាងចរាចរផ្លូវ២១៧ ចំណុចផ្លូវបំបែកភ្លើងស្ដុបស្ពានព្រែកជ្រៃ ទៅរង្វង់មូលនាងគួរស្រូវ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដោយ​សារទឹកជំនន់ទឹកភ្លៀងទឹកស្ទឹងព្រែកត្នោតហូរកាត់លើផ្លូវ៕

(ដោយ៖ ឡេង ដេត)