បាក់ស្រុតផ្លូវ ត្រង់ចំណុចស្ពានអូរកញ្ចុះ ដោយសារជំនន់ទឹកភ្លៀង

អាជ្ញាធរស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃទី ១៥ ខែតុលានេះ បានរាយការណ៍ថា ដោយសារជំ​នន់ទឹកភ្លៀង បានហូរ​កាត់​ផ្លូវជាច្រើនថ្ងៃ បណ្ដាលឱ្យមានការបាក់ស្រុតផ្លូវ នៅត្រង់ចំណុចស្ពាន​អូរកញ្ចុះ លើផ្លូវជាតិ​លេខ​57B(បវេល-សំពៅលូន) ស្ថិតក្នុងឃុំបវេល ស្រុកបវេល ខេត្តបាត់​ដំបង។

អាជ្ញាធរស្រុកបានបញ្ជាក់ថា បងប្អូនដែលត្រូវធ្វើដំណើរ ពីសំពៅលូនទៅបវេល ឬពីបវេល​ទៅសំពៅលូន មិនអាចធ្វើដំណើរឆ្លងកាត់បានទៀតទេ។

សូមជំរាបថា ក្រសួងសារធារណការនៅថ្ងៃទី ១៤ ខែតុលា បានចេញសេចក្តីជូនដំណឹងប្រកាសបិទចរាចរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិ លេខ ២,៣,៤,៥ ផ្លូវជាតិលេខ ២០ ផ្លូវជាតិលេខ២០អា ផ្លូវ ២១ ២១អា និងផ្លូវជាតិលេខ​២១បេ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាបណ្តោះអា​សន្ន។

ក្រសួងសាធារណការបញ្ជាក់ថា ការសម្រេចបិទចរាចរនៅពេលនេះ គឺដោយសារតែស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង កំពុងជន់ឡើងខ្លាំង បណ្តាលឱ្យទឹកលិចកំណាត់ផ្លូវមួយចំនួន ក្នុងខេត្តកណ្តាល ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្រនឹងទំងន់រថយន្តដឹកទំនិញធុនធំបានទេ៕

(ដោយ៖ ឡេង ដេត)