មហារាជមួយអង្គរបស់ឥណ្ឌា ធ្លាប់ទិញរថយន្ត Rolls-Royces ជាច្រើនគ្រឿងមកធ្វើជារថយន្តសម្អាតទីក្រុង និងដឹកសំរាម ព្រោះតែខឹងរឿងមួយ

កាលពីឆ្នាំ ១៨៧៦ ខណៈដែលប្រទេសឥណ្ឌាស្ថិតក្រោមអាណានិគមចក្រភពអង់គ្លេស (១៨៥៨-១៩៤៧) មហាក្សត្រី អេឡិចហ្សាន់ឌ័រ វិចតូវៀ ត្រូវបានសភាចក្រភពអង់គ្លេស បោះឆ្នោតឲ្យឡើងជាមហាក្សត្រីគ្រប់គ្រងប្រទេសមួយនេះ បន្ថែមទៀត។

មហាក្សត្រី អេហ្សាន់ឌ័រ វិចតូវៀ
មហាក្សត្រី អេហ្សាន់ឌ័រ វិចតូវៀ

យោងតាមអត្ថបទជាច្រើនបានបង្ហាញថា ត្បិតតែកាលនោះអង់គ្លេសជាប្រទេសរីកចម្រើន និងសម្បូរបែបយ៉ាងណាក្ដី ក៏នៅតែមិនទទួលបានការស្រឡាញ់ ពេញចិត្តពីសំណាក់ជនជាតិដើមឥណ្ឌាឡើយ ហើយពេលខ្លះជនជាតិដើមឥណ្ឌាក៏មិនសូវទទួលបានការគោរពីជនជាតិអង់គ្លេសដែរ ដូច្នេះហើយទើបនាសម័យនោះមានរឿងម្រូងចម្រាស់ មួយកើតឡើង រវាងមហារាជគ្រប់គ្រងរដ្ឋមួយរបស់ឥណ្ឌា និងក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញគឺ Rolls-Royces។ រឿងនេះត្បិតតែមិនមានឯកសារយោងគ្រប់គ្រាន់យ៉ាងណាក្ដី ក៏គេជឿថាជារឿងពិតមួយ បង្កប់នូវអត្ថន័យអប់រំខ្លាំងបំផុតសម្រាប់ជាមេរៀនដល់មនុស្សជំនាន់ក្រោយ។

នាឆ្នាំ ១៩២០ មហារាជគ្រប់គ្រង រដ្ឋ អាល់វ៉ា ឈ្មោះ ចៃ ស៊ីងប្រាបាការ និងជាបុគ្គលដ៏មានទ្រព្យសម្បត្តិស្ដុកស្ដម្ភផង បានធ្វើដំណើរទៅលេងទីក្រុងឡុងដ៍ ហើយកាលនោះព្រះអង្គបានស្លៀកសម្លៀកបំពាក់សាមញ្ញបំផុតបែបប្រជាជនអង់គ្លេស។ ដើរកាត់ទីតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Rolls-Royces ទ្រង់ ចៃ ស៊ីងប្រាបាការ ក៏បានចាប់អារម្មណ៍ និងចូលទៅមើល ហើយទ្រង់បានសួរបុគ្គលិកនៅទីនោះអំពីតម្លៃរបស់រថយន្តទាំងនោះ។ តែអ្វីដែលទ្រង់ទទួលបានពីបុគ្គលិករថយន្ត Rolls-Royces គឺការមិនអើពើ ព្រោះពួកគេមើលឃើញពីសម្លៀកបំពាក់សាមញ្ញៗ និងសាច់ឈានជាជនជាតិឥណ្ឌារបស់ទ្រង់ គិតថាមិនអាចមានសមត្ថភាពទិញរថយន្តដ៏ថ្លៃលំដាប់អភិជនបានឡើយ។

មហារាជ ចៃ ស៊ីងប្រាបាការ
មហារាជ ចៃ ស៊ីងប្រាបាការ

ដោយមើលឃើញពីភាពព្រងើយកន្តើយពីសំណាក់បុគ្គលិករថយន្ត Rolls-Royces មហារាជ ចៃ ស៊ីងប្រាបាការ ក៏បានវិលទៅកាន់សណ្ឋាគារវិញ ហើយបានផ្ដល់ដំណឹងទៅកាន់រដ្ឋាភិបាលអង់គ្លេសថា នឹងទៅទស្សនកិច្ចផ្លូវការណ៍មួយនៅ ទីតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Rolls-Royces។

មហារាជ ចៃ ស៊ីងប្រាបាការ
មហារាជ ចៃ ស៊ីងប្រាបាការ

នៅថ្ងៃកំណត់មកដល់ ចៃ ស៊ីងប្រាបាការ បានស្លៀកពាក់ទ្រង់គ្រឿងមហារាជ លម្អដោយមាស ពេជ្រ កែវកង ហើយពេលមកដល់ ទីតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Rolls-Royces ឃើញមានថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងបុគ្គលិកតូច ធំ ជាច្រើននាក់ បានឈរដង្ហែរចាំទទួលស្វាគមន៍ ដោយមានទាំងក្រាលកម្រាលព្រំក្រហមទៀតផង។

រដ្ឋ អាល់វ៉ា
រដ្ឋ អាល់វ៉ា

ពេលនោះ មហារាជ ចៃ ស៊ីងប្រាបាការ បានសម្រេចចិត្តទិញរថយន្ត Rolls-Royces ចំនួន៦ ម៉ូឌែល ស្មើរនឹង៦ គ្រឿង ដោយប្រគល់ជាប្រាក់សុទ្ធ បូករួមទាំងថ្លៃដឹកជញ្ជូនផងដែរ។
ពេលមកដល់ទឹកដីរដ្ឋ អាល់វ៉ា វិញ មហារាជ ចៃ ស៊ីងប្រាបាការ បានប្រកាសឲ្យសាលាក្រុង យករថយន្ត Rolls-Royces ទាំង ៦គ្រឿងនោះ ទៅធ្វើជារថយន្តដឹកសំរាម និងបោសសម្អាតទីក្រុង ទាំងមូលតែម្ដង ដែលទង្វើនេះគឺជាការសងសឹក ក៏ដូចជាផ្ដល់ដំបូន្មានដល់ក្រុមហ៊ុន Rolls-Royces។

ដូចគ្រប់គ្នាបានដឹងស្រាប់ហើយថា ចាប់តាំងពីឆ្នាំ ១៩០៦ មក Rolls-Royces គឺជាស្លាកយីហោរថយន្តដ៏ល្បីល្បាញ ដែលទទួលស្គាល់ថាជារថយន្តប្រណីតលំដាប់ថ្នាក់អភិជន តែត្រូវបាន អជ្ញាធររដ្ឋ អាល់វ៉ា គ្រប់គ្រងដោយមហារាជ ចៃ ស៊ីងប្រាបាការ ប្រើជារថយន្តសម្អាតក្រុង និងដឹកសំរាមទៅវិញ។ ដូច្នេះហើយ ទើបគេដឹងថា កាលនោះអាត្រាលក់នៃរថយន្ត Rolls-Royces មានការធ្លាក់ចុះ និងត្រូវបានគេនិយាយថា វាត្រឹមតែជារថយន្តដឹកសំរាមប៉ុណ្ណោះនៅទឹកដីឥណ្ឌា។

ដោយមើលឃើញពីសកម្មភាពខាងលើ និងដឹងពីកំហុសរបស់ខ្លួន ទើបកាលនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន Rolls-Royces បានផ្ញើសារសូមទោស មហារាជ ចៃ ស៊ីងប្រាបាការ ព្រមទាំងជូនអំណោយជារថយន្ត Rolls-Royces ចំនួន ៦គ្រឿងបន្ថែមទៀតចាត់ទុកជាការតបស្នង ហើយពេលនោះដែរទ្រង់ ចៃ ស៊ីងប្រាបាការ ក៏ព្រមទទួលយកការសូមទោស ឈប់ខឹងសម្បាបន្តទៀត៕ ដោយ៖ KS