អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំជម្រកសុវត្ថិភាព ដែលកងកម្លាំងជម្លៀសមកកាន់ ទីទួលសុវត្ថិភាព

អភិបាលខេត្តបន្ទាយ មានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់ឱ្យដឹងថា ដោយសារស្ថានភាពទឹកបន្តកើតមានឡើង នៅថ្ងៃទី ១៥ ខែតុលានេះ ក្រុមការងារអាជ្ញា ធរខេត្ត និងកងកម្លាំងចម្រុះ បានបន្តរៀបចំជម្រកស្នាក់នៅលើទីទួលមានសុវត្ថិភាព ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី ដែលត្រូវបាន កងកម្លាំងជម្លៀសមកកាន់ផ្លូវវាងក្រុងសិរីសោភ័ណ និងវត្តបន្ទាយនាង ឃុំបន្ទាយនាង ក្នុងស្រុកមង្គលបូរី។

លោក អភិបាលខេត្តក៏ថ្លែង អំពាវនាវ ឱ្យប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ថែទាំ​សុខភាពឲ្យ​បានល្អ មានបញ្ហាអ្វីត្រូវរាយការណ៍ និងជួបជាមួយក្រុមការងារ គ្រូពេទ្យប្រចាំការ នៅគ្រប់​ទីកន្លែង។

សូមជំរាបថា កម្ពុជាកំពុងប្រឈមនិងបញ្ហាជំនន់ទឹកភ្លៀង ស្ទើគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដូចជាខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ព្រមទាំង​បណ្តារខេត្តមួយចំនួនជាច្រើនទៀត។

យោងតាមការបញ្ជាក់ពីរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានរាជធានី-ខេត្តចំនួន១៩ បានរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងធ្វើឲ្យប៉ះពាល់ ដល់ប្រជាជនសរុបជិត២០ម៉ឺននាក់ ក្នុងនោះស្លាប់ចំនួន១៣នាក់៕

 

(ដោយ៖ ឡេង ដេត)