ស្មានមិនដល់ថា ប្រពៃណីមួយនៅឥណ្ឌា កប់ឬដុតប្រពន្ធទាំងរស់ទៅជាមួយប្ដីដែលបានស្លាប់ទៅហើយ

ឥណ្ឌាគឺជាប្រទេសដ៏ធំនិងចំណាស់ដែលប្រមូលផ្ដុំទៅដោយជំនឿ ទំនៀមទម្លាប់ និងសាសនាដ៏ច្រើនសម្បូរបែប។ ក្នុងនោះ ពិធីមួយឈ្មោះថាពិធី Sati ក្នុងសាសនាហិណ្ឌូ បានប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់មួយ គឺត្រូវដុតឬកប់ស្រ្តីជាប្រពន្ធទាំងរស់ទៅជាមួយប្ដីដែលបានស្លាប់ទៅហើយ ដើម្បីជាការបង្ហាញនូវភក្ដីភាពរបស់ប្រពន្ធជាមួយប្ដីនោះ។ បច្ចុប្បន្ននេះបើទោះបីជាការអនុវត្តពិធីសាសនានេះវាខុសនឹងច្បាប់ប្រទេស ប៉ុន្តែនៅតែមានប្រជាជនដែលកាន់សាសនាហិណ្ឌូមួយចំនួនតូច នៅតែមានជំនឿថា គឺមានតែវិធីនេះទេដែលជួយឱ្យស្រ្តីបង្ហាញពីចិត្តភក្ដីទៅកាន់ប្ដីនៅគ្រាចុងក្រោយ។

ពិធី Sati ហៅម្យ៉ាងទៀតថា suttee គឺជាការអនុវត្តនៅក្នុងសហគមន៍ហិណ្ឌូមួយចំនួនតូចក្នុងប្រទេសឥណ្ឌា គឺថា គ្រាណាដែលស្រ្តីក្លាយជាស្រ្តីមេម៉ាយដោយត្រូវប្ដីស្លាប់ហើយនោះ គឺនារីនោះអាចត្រូវគេប្រើកម្លាំងបាយចាប់បង្ខំ ឬជាការស្ម័គ្រចិត្តដោយខ្លួនឯងធ្វើអត្តឃាតដោយកប់ ឬដុតទាំងរស់ទៅជាមួយសាកសពប្ដីដែរ។ តាមប្រវត្តិចងក្រងបានឱ្យដឹងថាពិធី Sati គឺជាឈ្មោះដើមរបស់អាទិទេពមួយអង្គដែលត្រូវបានគេស្គាល់ឈ្មោះម្យ៉ាងទៀតថា Dakshayani ដែលបានធ្វើអត្ដឃាតខ្លួនឯងដោយសារតែនាងមិនអាចទ្រាំទ្រនឹងឪពុករបស់នាងដែលរារាំងចំណងស្នេហ៍នាងនិងប្ដី។ ពិធីត្រូវបានអនុវត្តជាក់ស្តែងជាលើកដំបូងនៅក្នុងឆ្នាំ ៥១០ មុនគ.ស។ ក្រោយមកវាក៏ត្រូវបានល្បីសុះសាយ និងអនុវត្តបន្ដៗគ្នា ជាពិសេសគឺនៅឥណ្ឌាប៉ែកខាងជើង។ ជាច្រើនសតវត្សរ៍កន្លងទៅ ទំនៀមទម្លាប់នេះបានក្លាយជាពិធីដ៏ពេញនិយមនៅឥណ្ឌាភាគខាងត្បូងជាពិសេសក្នុងរដ្ឋ  Rajasthan និង Bengal។

រហូតមកដល់សតវត្សរ៍ទី ២០ និង ២១ នេះ មានការប្រឆាំងតវ៉ាជាខ្លាំងពីសំណាក់សិស្សនិស្សិត និង ច្បាប់អន្តរជាតិទាមទារឱ្យមានការលុបបំបាត់ពិធីសាសនានេះចោល។ ប៉ុន្តែទោះបីជាយ៉ាងណា ក្នុងសតវត្សរ៍ដែលសាកលលោកកំពុងឈានទៅរកសម័យបច្ចេកវិទ្យាដ៏រីកចម្រើនទៅហើយនោះ យើងឃើញថា ក៏នៅតែមានករណីមួយចំនួនដែលគេបានបង្ខំនារីឱ្យសម្លាប់ខ្លួនតាមប្ដីដែរ ដូចជាក្នុងខែឧសភាឆ្នាំ ២០០៦ នារីម្នាក់ឈ្មោះ វីឌីយ៉ាវ៉ាទី អាយុ ៣៥ ឆ្នាំត្រូវបានគេបង្ខំឱ្យលោតចូលក្នុងពិធីបុណ្យសពប្តីរបស់គាត់នៅភូមិ រីរី ក្នុងរដ្ឋអ៊ូតាប្រាដេស។ នៅខែសីហាឆ្នាំ ២០០៦ មានស្រ្តីម្នាក់ឈ្មោះ ចាណាការ៉ា អាយុ ៤០ ឆ្នាំបានទទួលមរណភាពក្នុងពិធីបុណ្យសពរបស់ប្តីនៅស្រុក Sagar ។ នៅខែតុលាឆ្នាំ ២០០៨ ស្ត្រីអាយុ ៧៥ ឆ្នាំម្នាក់ទៀតបានលោតចូលក្នុងពិធីបូជាសពប្តីរបស់គាត់ដែលមានអាយុ ៨០ ឆ្នាំនៅភូមិ Checher ក្នុង រដ្ឋRaipur ។

បន្ទាប់ពីមានការរិះគន់ជាសាធារណៈ ម្ដងហើយម្ដងទៀតរួចមក រដ្ឋាភិបាលឥណ្ឌាបានចាត់ទុកករណីនេះជារឿងខុសច្បាស់ ដែលសូម្បីតែអ្នកដែលបានចូលរួមក្នុងពិធី Sati នោះ ក៏ត្រូវតែមានទោសផងដែរ។ ដោយហេតុថាឥណ្ឌាជាប្រទេសដែលមានជំនឿ និងទំនៀមទម្លាប់ដ៏ស្មុគស្មាញបំផុត ដូច្នេះករណីនេះវានៅតែកើតមានបែបលាក់កំបាំងជាបន្តបន្ទាប់ ប៉ុន្តែក៏ស្ថិតក្នុងតួលេខមួយដែលនៅមានតិចតួចស្ដួចស្ដើងប៉ុណ្ណោះ៕

ដោយ៖ ភូមិន្ទ