ករណីម្ដាយបង្កើតសម្លាប់កូនតូចៗ ២នាក់ធ្វើសម្លការី បង្កប់ដោយរឿងរ៉ាវដ៏គួរឲ្យសង្វេគបំផុតនៅប្រទេសថៃ

ត្បិតតែផែនដីដើរមកដល់សតវត្សរ៍ទី ២១ ហើយយ៉ាងណាក្ដី ក៏មនុស្សលោកនៅតែប្រព្រឹត្តិករណីចម្លែកៗ និងឃោឃៅ នឹកស្មានមិនដល់ ដូចជាកាលពីឆ្នាំ ២០១២ នៅឯប្រទេសថៃ មានករណីម្ដាយបង្កើតសម្លាប់កូនប្រុសតូច ២នាក់ ធ្វើសម្លការី ហើយនាងនិយាយថា តាមពិតកូនទាំងពីរនាក់នោះគឺជាសត្វជ្រូក ដែលរមែងតែជាចំណីរបស់មនុស្សលោក ។
ករណីនេះបានកើតឡើងនៅស្រុក មែអាយ ខេត្ត ឈៀងម៉ៃ ដោយស្ត្រីនោះមានឈ្មោះ ណាម៉ៃ ចាគូ អាយុ ២៦ឆ្នាំ ហើយគេដឹងថា នាងគឺជាសមាជិកនៃកុលសម្ព័ន្ធភ្នំ មូសួ ដែលរស់នៅតំបន់ភ្នំឈៀងមេន ជិតព្រំដែនប្រទេស ភូមា។

ស្ត្រីឃាតករសម្លាប់កូនខ្លួនឯងយកធ្វើសម្លការី
ស្ត្រីឃាតករសម្លាប់កូនខ្លួនឯងយកធ្វើសម្លការី

ប្រភពព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ ដែលមានចុះផ្សាយនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១២ បានឲ្យដឹងថា កូនប្រុសពីរនាក់ ដែលម្ដាយសម្លាប់ធ្វើម្ហូបនោះម្នាក់មានអាយុ ១ឆ្នាំ និងម្នាក់ទៀតមានអាយុ ៥ឆ្នាំ ហើយពេលដែលប៉ូលិសទៅដល់បានឃើញស្ត្រីជាម្ដាយដេកធ្វើព្រងើយ ខណៈដែលនៅជុំវិញផ្ទះរបស់នាងសុទ្ធបំណែករាងកាយសាកសពក្មេងៗទាំងពីរនាក់។
ទន្ទឹមនឹងការស្អប់ខ្ពើម និងខឹងសម្បាទៅលើស្ត្រីឃាតករ ប៉ូលិសស្រុក មែអាយ បានរកឃើញថា ស្ត្រីនោះធ្លាប់មានប្រវត្តិព្យាបាលជំងឺផ្លូវចិត្តតាំងពីឆ្នាំ ២០០៧ ហើយនាអំឡុងឆ្នាំ ២០១២ នាងក៏បានឈប់បន្តការព្យាបាលព្រោះតែមិនមានលទ្ធភាព។ ដូច្នេះមានន័យថា នាងគ្មានចេតនាសម្លាប់កូនបង្កើតខ្លួនឯងឡើយ ផ្ទុយទៅវិញនាងក៏ជាជនរងគ្រោះម្នាក់ដែរ ព្រោះតែប្ដីរបស់នាងបានបោះបង់នាង និងកូនចោល ដោយពុំទទួលខុសត្រូវ ទាំងដឹងថានាងមានជំងឺប្រចាំកាយ។

រូបតំណាង
រូបតំណាង

លោកវេជ្ជបណ្ឌិតឈ្មោះ ខែធីភូម វង្សរ៉ាជីត បានសន្និដ្ឋានថា ក្មេងប្រុសកំសត់ទាំងពីរនាក់ ត្រូវបានម្ដាយសម្លាប់ធ្វើម្ហូប ក្នុងអំឡុងពេលម្ដាយផ្អាកព្យាបាលជំងឺផ្លូវចិត្ត ដូចនេះអាចមានន័យថា ជំងឺនាងចាប់ផ្ដើមធ្វើទុក្ខក៏ថាបាន។

រូបតំណាង
រូបតំណាង

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ខណៈដែលជំងឺធ្វើទុក្ខប្រហែលជាបណ្ដាលឲ្យនាង មើលឃើញកូនៗទាំងពីរនាក់ថា ជាសត្វជ្រូក ដូច្នេះក៏បានសម្លាប់តែម្ដងទៅ។ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យអំពីការព្យាបាលរបស់ស្ត្រីខាងលើក្នុងឆ្នាំ ២០០៧ បានបញ្ជាក់ថា នាងតែងតែមានអាការតក់ស្លុតខ្លាំង ដោយបារម្ភថាមានគេតាមធ្វើបាប។ លោកថា «នាងត្រូវបានប្ដីបោះបង់ចោលឲ្យរស់នៅជាមួយកូនៗ២ នាក់ ហើយក្រោយមកតែប៉ុន្មានថ្ងៃស្រាប់តែមានករណីដ៏រន្ធត់មួយនេះកើតឡើង។ ខ្ញុំស្មានមិនដល់ថានាងអាចធ្វើដល់ថ្នាក់នេះសោះ»។

រូបតំណាង
រូបតំណាង

លោក វេជ្ជបណ្ឌិត ខែធីភូម វង្សរ៉ាជីត បាននិយាយទៀតថា ក្រោយពីសម្លាប់កូនទាំងពីរនាក់ នាងបានឃាត់ខ្លួន និងនាំទៅព្យាបាលនៅមន្ទីរពេទ្យវិកលចរិត សោនព្រុង ខេត្តឈៀងម៉ៃ ដោយមានការការពារយ៉ាងតឹងរឹង ហើយចាប់តាំងពីពេលសម្លាប់កូន រហូតដល់ពេលនាំទៅមន្ទីរពេទ្យ នាងមិនបានដឹងខ្លួនថា នាងបានសម្លាប់កូនខ្លួនឯងឡើយ។
សូមបញ្ជាក់ថា ករណីខាងលើនេះ ត្រូវបានប្រជាពលរដ្ឋថៃ ចង់ចាំ និងចាត់ទុកជាករណីឃាតកម្មដ៏ឃោឃៅ តែក៏ជារឿងដ៏សង្វេគចិត្តបំផុតដែរ ក្នុងសតវត្សរ៍ទី ២១៕ ដោយ៖ KS

មន្ទីរពេទ្យវិកលចរិត សោនព្រុង ខេត្តឈៀងម៉ៃ
មន្ទីរពេទ្យវិកលចរិត សោនព្រុង ខេត្តឈៀងម៉ៃ