មកដឹងពីរឿងរ៉ាវបុរសម្នាក់ធ្វើទូកខែប្រាំង ខណៈដែលអ្នកស្រុកសើចគាត់ថាជាមនុស្សឆ្កួត តែចុងក្រោយពួកនោះស្លាប់ទាំងអស់

កាលពីសម័យបុរាណដ៍យូរលង់ណាស់មកហើយ មានបុរសម្នាក់ ឈ្មោះ ណូអេ (NOAH)  មាន​​​អាយុជាង៣០០រយ ឆ្នាំ។ នៅពេលនោះ កាល​ដែល​មនុស្ស​ជាតិ​មាន​កាន់​តែ​ច្រើន​ឡើង ភាព​ខុស​ឆ្គង​និង​អំពើ​ទុច្ចរិត​ក៏​រាលដាល​យ៉ាង​ឆាប់​រហ័ស​ពេញ​ផែន​ដី​ដែរ។

នៅក្នុងចំណោមមនុស្សជាច្រើន មានតែណូអេ ម្នាក់ឯងទេ ដែលបានប្រកាសទំនាយថា ​នៅ​ថ្ងៃ​ណា​មួយ​ព្រះ​នឹង​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិតទាំងអស់ បន្ទាប់ពីបុរសរូបនេះ បានទទួលដំណឹងពីព្រះ។

ដំណើរដំបូងនៃមនុស្សគឺថា កាលដើមឡើយមានទេវតាមួយចំនួន បាន​បះបោរ​ប្រឆាំង​ព្រះ​យេហូវ៉ា ដោយបានចាកចេញពីឋានសួគ៍ ចុះមកយករូបកាយជាមនុស្សនៅលើ​ផែន​ដី រួច​យក​ស្ដ្រី​ធ្វើ​ជា​ប្រពន្ធ​យ៉ាង​លោភ​លន់។ ការរួមរ័ក ​ខុស​ធម្មជាតិ​នោះ បង្កើតបានជាកូនកាត់ទេវតា និងមនុស្ស ដែលជាមនុស្សមានរូបធំសម្បើម ហើយដើរធ្វើបាបអ្នកទន់ខ្សោយ។

មនុស្សកាត់ទេវតាទាំងនោះ បានប្រព្រឹត្តអំពើឃោរឃៅ បង្ករឱ្យមានការបង្ហូរឈាម កាន់តែខ្លាំងឡើងនៅក្នុងពិភពលោក។

បន្ទាប់មក ព្រះ​ឈឺ​ចិត្ដ​ខ្លាំង​ណាស់​ដោយ​ឃើញ​អ្វី​ដែល​លោក​បង្កើត​នៅ​លើផែន​ដី​កំពុងរងការ​ខូច​បង់​បែប​នេះ។ បន្ទាប់មក ណូអេ និងក្រុមគ្រួសារ គឺជាមនុស្សដែលខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ។ ហើយវាដល់ពេលវេលាដែល ព្រះ​បានសម្រេច​ចិត្ដ​បំផ្លាញ​មនុស្ស​ទុច្ចរិត​ចោលនៅ​សម័យ​នោះ ប៉ុន្តែលោកចង់ការពារណូអេ និងសត្វផ្សេងៗ ដូច្នេះ ព្រះក៏បានប្រាប់ ឱ្យណូអេ សង់សំពៅធំមួយ ដើម្បីដាក់ក្រុមគ្រួសារ និងសត្វផ្សេងៗឱ្យរួចពីជំនន់ទឹកភ្លៀង ដែលព្រះទម្លាក់មកលើផែនដីនេះ។

ណូអេបានស្តាប់បង្គាប់តាមព្រះ ដោយធ្វើសំពៅនៅក្នុងរយៈពេល ៤០ ឆ្នាំ។ គាត់បានប្រាប់មនុស្សជាច្រើន និងអ្នកស្រុកអំពីជំនន់ទឹកភ្លៀងរយៈពេល ៤០ ថ្ងៃ ប៉ុន្តែម្នាក់មិនព្រមស្តាប់គាត់ទេ ហាក់ធ្វើព្រងើយ ហើយគិតថា ណូអេជាមនុស្សឆ្កួត។ ពេលវេលាដែលណូអេ និងគ្រួសារត្រូវ​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​នឹង​សត្វ​ផ្សេង​ៗ​បាន​មក​ដល់។

ក្រោយមកព្រះបានបិទទ្វាទូកនោះ រួចភ្លៀងក៏បានធ្លាក់មក ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​អស់​៤០​ថ្ងៃ​៤០​យប់ រហូត​ដល់​លិច​ផែន​ដី​ទាំង​មូល ហើយពួក​មនុស្ស​ទុច្ចរិត​បាន​ស្លាប់​អស់​រលីង​ទៅ។ ច្រើន​ខែ​ក្រោយ​មក ពេល​ដែល​ទឹក​ស្រក​ទៅ ទូក​ធំ​នោះ​បាន​កឿង​នៅ​លើ​ភ្នំ​មួយ។ ដល់​ពេល​ណូអេ ក្រុម​គ្រួសារ និង​សត្វ​ផ្សេង​ៗ​អាច​ចេញ​ពី​ទូក​ធំ​នោះ គឺ​ពួក​គាត់​បាន​នៅ​ក្នុង​ទូក​នោះ​អស់​មួយ​ឆ្នាំ​ពេញ។

ណូអេ​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា ដើម្បី​អរគុណ​ព្រះ។ ព្រះ​បាន​តប​ឆ្លើយ​ដោយ​សន្យា​នឹង​ណូអេ​និង​គ្រួសារ​ថា​លោក​នឹង​មិន​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ដើម្បី​សម្លាប់​ជីវិត​ទាំង​អស់​នៅ​ផែន​ដី​ទៀត​ឡើយ។ ព្រះ​យេហូវ៉ា​បានបង្កើតឱ្យមានឥន្ទធនូ​ជា​ការ​ធានា​មួយ​ដែល​មនុស្ស​អាច​មើល​ឃើញ ដែល​រំលឹក​អំពី​សេចក្ដី​សន្យា​របស់​លោក។

ក្រោយ​ទឹក​ជំនន់ ព្រះ​ក៏​បាន​ឲ្យ​មនុស្ស​ជាតិ​នូវ​បញ្ញត្ដិ​ថ្មី​ខ្លះ​ៗ​ដែរ។ លោក​អនុញ្ញាត​ឲ្យ​ពួក​គេ​បរិភោគ​សាច់​សត្វ។ ក៏​ប៉ុន្ដែ លោក​ហាម​មិន​ឲ្យ​បរិភោគ​ឈាម។ លោក​ក៏​បាន​បង្គាប់​កូន​ចៅ​របស់​ណូអេ​ឲ្យ​ចេញ​ទៅ​រស់​នៅ​ពាស​ពេញ​ផែន​ដី ប៉ុន្ដែ ពួក​គេ​ខ្លះ​មិន​ស្តាប់​តាម​លោក​ទេ។

បណ្ដា​ជន​បាន​ឯកភាព​គ្នា​ក្រោម​អ្នក​ដឹក​នាំ​ម្នាក់​ឈ្មោះ​នីមរ៉ុឌ ហើយ​ចាប់​ផ្ដើម​សង់​ប៉ម​ដ៏​ធំ​មួយ​ក្នុង​ក្រុង​បាបិល ដែល​ក្រោយ​មក​មាន​ឈ្មោះ​ថា​បាប៊ីឡូន។ ពួក​គេ​មាន​បំណង​ប្រឆាំង​បញ្ញត្ដិ​ព្រះ ដែល​ឲ្យ​ពួក​គេ​ទៅ​រស់​នៅ​ពាស​ពេញ​ផែន​ដី។ ប៉ុន្ដែ ព្រះ​បាន​រារាំង​ពួក​បះបោរ​នោះ ដោយ​បំភាន់​ភាសា​តែ​មួយ​ដែល​ពួក​គេ​និយាយ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​និយាយ​ភាសា​ផ្សេង​ៗ​ពី​គ្នា​វិញ។ ដោយ​សារ​ពួក​គេ​ស្តាប់​គ្នា​មិន​បាន ពួក​គេ​ឈប់​សង់​ប៉ម​នោះ ក៏​បាន​បែក​ខ្ញែក​គ្នា​ទៅ៕

(ដោយ៖ ឡេង ដេត)