បាតុកម្មថៃនៅតែបន្តតវ៉ា ទោះបីរដ្ឋាភិបាល ដាក់ច្បាប់គ្រាអាសន្នក្នុងទីក្រុងបាងកក

(អន្តរជាតិ)៖ ពួកបាតុករប្រឆាំងរាជរដ្ឋាភិបាលថៃ បាននាំគ្នាទៅធ្វើការតវ៉ានៅឯជាយក្រុងបាងកក ក្រោយពីរដ្ឋាភិបាល បានប្រកាសដាក់ទីក្រុងនេះក្នុងគ្រាមានអាសន្នរួចមក។

បាតុកម្មនេះ ត្រូវបានធ្វើឡើងនៅក្នុងស្រុករ៉ាចាប្រាសង ដែលជាស្រុកជំនួញដ៏ធំរបស់ប្រទេសថៃ។

ពួកបាតុករ បានទាមទារឲ្យប៉ូលីស ដោះលែងមិត្តរបស់គេ ដែលត្រូវបានចាប់ខ្លួន ដោយសារបានបំពានទៅលើបទបញ្ជាក់ ដាក់ទីក្រុងក្នុងទីគ្រាអាសន្ន។

ពួកបាតុករបាននិយាយថា «យើងសូមធ្វើការថ្កោលទោស ចំពោះសកម្មភាពរបស់រដ្ឋាភិបាល។ យើងនៅតែបន្តជំហរបស់យើង ធើ្វការតវ៉ាជាបន្តទៀត។ អ្នកណាក៏ដោយ ដែលស្រឡាញ់ប្រជាធិបតេយ្យ សូមចេញមកចូលរួមជាមួយយើង ដើម្បីឲ្យមានការផ្លាស់ប្តូរ»។

ចំណែកខាងរដ្ឋាភិបាលថៃវិញបានប្រកាសថា  ពួកប្រឆាំងកំពុងតែប្រឌិតព័ត៌មាន បំភ្លៃការពិត ដែលបំផុសឡើងបង្កការភ័យខ្លាចក្នុងចំណោមប្រជាជនថៃ ដែលប៉ះពាល់យ៉ាងខ្លាំងទៅដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិភាពសន្តិសុខ និងការរស់នៅរបស់ប្រជាជន៕
ដោយ៖សារឹទ្ធ
សម្រួលផ្សាយដោយ៖ Micheal