iPhone ទទួល​បាន​ពិន្ទុវាយតម្លៃកម្លាំងម៉ាស៊ីនពី AnTuTu បាន​ពិន្ទុទាប​ជាងស្មាតហ្វូន Android

iPhone 12 Series ត្រូវបានប្រកាសចេញជាផ្លូវការ កាលពីថ្ងៃដើមសប្តាហ៍នេះ ប៉ុន្តែមិនទាន់ដាក់លក់នោះទេរហូតដល់សប្តាហ៍ក្រោយ។ ជាមួយនឹង iPhone ជំនាន់​ទី  12 ក្រោយនេះ អ្នកទទួលបានទូរសព្ទដែលមានការរចនាឡើងដោយស៊ុមលោហៈព័ទ្ធជុំវិញថ្មី និងមានផ្ទៃខាងមុខក្រោយរាបស្មើគ្នាស្រដៀងទៅនឹង iPhone 4កាលពីប៉ុន្មានឆ្នាំមុន។

iPhone ជំនាន់​ទី  12 ទាំងបួនម៉ូឌែល​នេះ សុទ្ធតែប្រើបន្ទះឈីបលំដាប់កំពូល A14 Bionic ទំហំ 5nm គាំទ្របច្ចេកវិទ្យា 5G និងបច្ចេកវិទ្យាសាកថ្មឥតខ្សែ MagSafe កម្លាំង 15W ក៏ដូចជាលក្ខណៈសម្បត្តិពិសេសមួយចំនួនទៀតផងដែរ ដោយខុសគ្នាតែលក្ខណៈសម្បត្តិសំខាន់ៗដូចជាអេក្រង់ និងកាមេរ៉ាប៉ុណ្ណោះ។

ដោយឡែក មិនទាន់បាន​ចេញលក់ផងកម្មវិធី AnTuTu បានបង្ហាញរូបភាព Screenshot របស់ iPhone 12 និង 12 Pro ដោយបង្ហាញពី RAM ទំហំ 6GB ខណៈដែល iPhone 12 បានភ្ជាប់មកជាមួយ RAM ទំហំត្រឹមតែ 4GB ប៉ុណ្ណោះ។

បើយើងពិនិត្យតាមរយៈរូបភាព Screenshot ខាងលើនេះ ក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា iPhone 12 Pro ប្រើប្រាស់បន្ទះឈីប A14 ជាមួយ RAM ទំហំ 6GB មានសមត្ថភាពអាចទាញយកពិន្ទុសរុបពី AnTuTu បានខ្ទង់ 572133 ពិន្ទុ ដោយក្នុងនោះវាទទួលបានពិន្ទុ CPU សរុបចំនួន 167437, ពិន្ទុ GPU សរុបចំនួន 196812, ពិន្ទុ RAM សរុបចំនួន 114462 និងចុងក្រោយគេវាទទួលបានពិន្ទុ UX សរុបចំនួន 93422។

ខណៈដែល iPhone 12 ប្រើប្រាស់បន្ទះឈីប A14 ជាមួយ RAM ទំហំ 4GB មានសមត្ថភាពអាចទាញយកពិន្ទុសរុបពី AnTuTu បានខ្ទង់ 564899 ពិន្ទុ។

 

ដោយ៖ Vireak