ចិនខឹងសម្បារនៅពេលអាមេរិក តែងតាំងបេសកជនសិទ្ធិមនុស្ស សម្រាប់ដែនដីទីបេ

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព៍ត៌មាន Reuters បានចុះផ្សាយថា រដ្ឋាភិបាលចិន បានចោទប្រកាន់សហរដ្ឋអាមេរិក កាលថ្ងៃព្រហស្បត៍ថា បានស្វះស្វែងធ្វើឲ្យមានអស្ថិរភាពនៅដែនដីទីបេ បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានតែងតាំងមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់មួយរូប ឲ្យធ្វើជាអ្នកសម្របសម្រួលពិសេសសម្រាប់បញ្ហាទីបេ ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រកាសកាលពីថ្ងៃពុធថា លោក Robert Destro ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នឹងកាន់មុខតំណែងសម្របសម្រួលបញ្ហាទីបេនេះបន្ថែម ដែលមុខតំណែងនេះ បាននៅទំនេរចាប់តាំងពីការចាប់ផ្តើម នៃអាណត្តិរបស់លោកប្រធានាធិបតី Trump ក្នុងឆ្នាំ ២០១៧ មក ។

លោក Pompeo បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា លោក Destro៖ «នឹងដឹកនាំកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងការលើកកម្ពស់កិច្ចសន្ទនារវាងសាធារណរដ្ឋប្រជាមានិតចិន និងសម្ដេចសង្ឃ Dalai Lama ឬក៏អ្នកតំណាងរបស់ព្រះអង្គ ការពារអត្តសញ្ញាណពិសេសតែមួយគត់ផ្នែកសាសនា វប្បធម៌ និងភាសានៃជាតិសាសន៍ទីបេ និងការជំរុញឲ្យមានការគោរពចំពោះសិទ្ធិសេរីភាពរបស់ទីបេ» ។

កន្លងមក ប្រទេសចិនបានបដិសេធជាបន្តបន្ទាប់ មិនព្រមធ្វើការជាមួយអ្នកសម្របសម្រួលសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា វាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា៖ «កិច្ចការទីបេជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដែលមិនអនុញ្ញាតឲ្យបរទេសជ្រៀតជ្រែកបាននោះទេ» ។

លោក Zhao Lijian បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា៖ «ការតែងតាំងរបស់សហរដ្ឋអាមេរិកនូវអ្នកសម្របសម្រួលសម្រាប់បញ្ហាទីបេ គឺជាការរៀបចំផ្នែកនយោបាយទាំងស្រុងដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានបង្កើតឲ្យមានអស្ថិរភាពដល់តំបន់ទីបេ។ រដ្ឋាភិបាលចិនជំទាស់ដាច់ខាតចំពោះរឿងនេះ» ។

ការតែងតាំងអ្នកសម្របសម្រួលសម្រាប់បញ្ហាទីបេនេះបានធ្វើឡើង នៅពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ទាក់ទិននឹងបញ្ហាជាច្រើន ដូចជាបញ្ហាពាណិជ្ជកម្ម បញ្ហាកោះតៃវ៉ាន់ បញ្ហាសិទ្ធិមនុស្ស បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាជំងឺកូវីដ១៩ ជាដើម ៕
ដោយ៖ សារីទ្ធ
សម្រួលផ្សាយដោយ៖ Micheal