នាយករដ្ឋមន្ត្រីជប៉ុនថ្មី គ្រោងធ្វើទស្សនកិច្ចតំបន់អាស៊ី ដើម្បីបង្ហាញសាមគ្គីភាពជាមួយអាមេរិក

(អន្តរជាតិ)៖ ទីភ្នាក់ងារសារប័ត៌មាន AFP បានចុះផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុនថ្មីលោក Yoshihide Suga មានគម្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់អាស៊ីអាគ្នេយ៍នៅខែតុលានេះ ដែលជាកាយវិការគាំទ្រដល់ផលប្រយោជន៍ភូមិសាស្ត្រនយោបាយរួមមានទាំងការចាប់ដៃជាមួយប្រទេសតូចៗដែលគេយល់ថា កំពុងប្រឆាំងនឹងការពង្រីកអំណាចរបស់ចិន ។

គម្រោងរបស់លោក Suga ក្នុងការធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងវៀតណាមបង្ហាញថា លោកនឹងធ្វើតាមមេដឹកនាំមុនរបស់លោកគឺ លោក Shinzo Abe ដែលបានចុះចេញពីតំណែងកាលពីខែកញ្ញា ។

លោក Abe បានគាំទ្រដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលជាដៃគូសន្តិសុខកំពូលរបស់ជប៉ុន ក្នុងការផ្តល់ជំនួយដល់ប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលប្រឆាំងនឹងសកម្មភាពយោធាចិននៅក្នុងសមុទ្រចិនខាងត្បូង ។

ប្រទេសជប៉ុន ឬសហរដ្ឋអាមេរិកមិនមានការទាមទារចំពោះផ្លូវទឹកដែលមានជម្លោះនោះទេ ប៉ុន្តែប្រទេសទាំងពីរចង់ឱ្យចិនទុកផ្លូវទឹកនេះសម្រាប់ការប្រើប្រាស់អន្តរជាតិ ។

ជាប្រវត្តិសាស្ត្រ ប្រទេសជប៉ុនឈរនៅខាងសហរដ្ឋអាមេរិក ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៧មក រដ្ឋាភិបាលជប៉ុនបានបង្ហាញការស្វាគមន៍ទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ប៉ុន្តែមកទល់ពេលនេះ ជប៉ុនមិនបានបោះបង់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននោះទេ ។

អ្នកស្រី Yun Sun ដែលជាអ្នកវិភាគជាន់ខ្ពស់សម្រាប់កម្មវិធីអាស៊ីខាងកើតនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Stimson ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងស្វាគមន៍ការបញ្ជាក់ជំហរឡើងវិញឬទំនាក់ទំនងជាមួយប្រទេសជប៉ុន ។

អ្នកស្រី Yun Sun បាននិយាយថា៖ «ខ្ញុំគិតថា ច្បាស់ណាស់វាជាអ្វីម្យ៉ាងដែលសហរដ្ឋអាមេរិកចង់ឃើញ ហើយនេះជាចំណុចមួយដែលខ្ញុំគិតថា ជប៉ុនក៏មិនសូវមានការលំបាកនឹងធ្វើនោះទេ ។ វាប្រសើរជាជាងចង្អុលដល់ចិនដោយផ្ទាល់ និងដោយចំហ ។ ដូច្នេះ ប្រទេសជប៉ុនចាប់អារម្មណ៍ការអភិវឌ្ឍ និងរឹតបណ្តឹងចំណងទាក់ទងជាមួយនឹងប្រទេសនៅអាស៊ីអាគ្នេយ៍ដោយខ្លួនឯង» ។

ប្រទេសវៀតណាមបានប្រជែងប្រកាសអធិបតេយ្យភាពជាមួយចិនដោយសារតែផ្នែកមួយនៃសមុទ្រចិនខាងត្បូង ដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ ហើយប្រទេសឥណ្ឌូណេស៊ីបានធ្វើការតវ៉ា នៅពេលដែលនាវាឆ្មាំសមុទ្រចិនបើកកាត់តំបន់សេដ្ឋកិច្ចពិសេសដែនសមុទ្ររបស់ខ្លួន ។

ប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន ៣ផ្សេងទៀតនិងកោះតៃវ៉ាន់ក៏ធ្វើការប្រជែងជាមួយការទាមទាររបស់ចិនដាច់ដោយឡែកពីគ្នាផងដែរ ដោយសារតែសមុទ្រចិនខាងត្បូងសម្បូរទៅដោយទិន្នផលត្រី និងប្រភពថាមពល ។

ប្រទេសចិនបានអះអាងថា ខ្លួនមានសិទ្ធិលើចំណែក ៩០% នៃសមុទ្រនេះ ជាកន្លែងដែលចិនបានសាងសង់កោះតូចៗជាច្រើន ត្រូវបានប្រើប្រាស់សម្រាប់គោលដៅយោធា ។ ដោយសារតែខ្លួនមានចំណងទាក់ទងស្រដៀងគ្នានឹងប្រទេសទាមទារនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត ប្រទេសជប៉ុនបានប៉ះទង្គិចជាមួយនឹងយន្តហោះចម្បាំងចិនក្នុងរយៈពេលពេល ២ទសវត្សរ៍ ចុងក្រោយនេះដែលបង្កឡើងដោយសារផ្នែកនៃសមុទ្រចិនខាងកើត ដែលជាកន្លែងដែលប្រទេសទាំង២មានជម្លោះអធិបតេយ្យភាព ។

កាលពីដើមខែតុលា រដ្ឋាភិបាលក្រុងតូក្យូបានធ្វើជាម្ចាស់ផ្ទះលើកិច្ចចរចារដ្ឋមន្ត្រីលើកទី២ ក្នុងចំណោមមន្ត្រីក្រុមប្រទេសសម្ព័ន្ធមិត្តចំនួន៤ របស់ប្រទេសលោកខាងលិចដែលមានការព្រួយបារម្ភពីការពង្រីកអំណាចកងទ័ពជើងទឹករបស់ចិន ។ ប្រទេសអូស្ត្រាលី ឥណ្ឌា និងសហរដ្ឋអាមេរិកគឺជាប្រទេស៣ផ្សេងទៀតដែលចូលរួមក្នុងកិច្ចចរចានេះ ។

លោក Michael Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានជំរុញឱ្យមន្ត្រីផ្សេងទៀតចូលរួមដើម្បីការពារ «ដៃគូ» ពី «ការឈ្លានពាន អំពើពុករលួយ និងការបង្ខិតបង្ខំ» ពីគណបក្សកាន់អំណាចរបស់ចិន ។

លោក Pompeo បាននិយាយកាលពីខែកក្កដាថា សហរដ្ឋអាមេរិកនឹងគាំទ្រប្រទេសតូចៗដែលយល់ថា ខ្លួនត្រូវរងសម្ពាធពីការពង្រីកអំណាចកងទ័ពជើងទឹករបស់ចិន។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង ដែលជាគូប្រជែងមហាអំណាចចាប់តាំងពីសង្គ្រាមត្រជាក់មក បានជាប់ផុងនៅក្នុងជម្លោះពាណិជ្ជកម្ម, បច្ចេកវិទ្យា និងកុងស៊ុលក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។ សហរដ្ឋអាមេរិកចាត់ទុកប្រទេសជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសប្រជាធិបតេយ្យនៅអាស៊ីដែលខ្លួនអាចពឹងផ្អែកបានសម្រាប់ការគាំទ្រលើភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី ៕
ដោយ៖ សារីទ្ធ
សម្រួលផ្សាយដោយ៖ Micheal