នាយករដ្ឋមន្ត្រី​ថៃ ​ដាក់​ប្រទេស​ក្នុងគ្រាមាន​អាសន្ន ក្រោយ​ពី​មាន​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាលកាន់តែធំឡើង

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ ​បាន​ប្រកាស​ដាក់​ប្រទេស​ទៅ​ក្នុងគ្រាមាន​អាសន្ន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​តវ៉ា​ដ៏​ធំ ​ដែល​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង និង​ឲ្យ​មាន​កំណែ​ទម្រង់​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ។

លោក​នាយក​រដ្ឋមន្ត្រី Prayuth Chan-ocha បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ក្រៅ​ការិយាល័យ ​វិមាន​រដ្ឋាភិបាលរបស់លោក​ក្នុង​ទីក្រុង​បាងកក តាំងពីថ្ងៃរហូតដល់យប់ ​ថ្ងៃ​ពុធ​ដែល​ក្រុម​បាតុករ​ទាំង​នោះ​បាន​សន្យា​ថា​នឹង​មិន​ចាកចេញ​ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី​មិន​ព្រម​ចុះចេញ​ពី​តំណែង ។

ភ្លាម​ៗ​បន្ទាប់ពី​ស្ថានភាពគ្រាមាន​អាសន្ន​នេះ​ត្រូវ​បាន​ប្រកាស ប៉ូលិស​បាន​បំបែក​ហ្វូង​មនុស្ស​ហើយ​បាន​ចាប់​ខ្លួន​មនុស្ស​ជាង ២០ នាក់ ដែល​បដិសេធ​មិន​ព្រម​ចាកចេញ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​លោក Armon Nampha និង​លោក Parit Chiwarak ដែល​ជា​មេដឹកនាំ​បាតុកម្ម​ផងដែរ ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា បន្ថែមពីលើ​ការ​ដាក់​កំហិត​ការ​ជួបជុំ​មិន​ឲ្យ​លើស​ពី ៤នាក់ វិធានការ​គ្រាមាន​អាសន្ន ​ក៏​នឹង​អនុញ្ញាតិ​ឲ្យ​មាន​ការ​រឹបអូស​យក «ឧបករណ៍​ទំនាក់ទំនង​អេឡិកត្រូនិក ទិន្នន័យ និង​អាវុធ​ដែល​សង្ស័យ​ថា​អាច​បង្កឲ្យ​មាន​ស្ថានភាព​អាសន្ន​កើតឡើង​ផង​ដែរ»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

លោក Prayuth ជា​អតីត​ឧត្តមសេនីយ៍​យោធា​ដែល​បាន​ដណ្ដើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០១៤ ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​ចេញពី​អំណាច។

លោក​បាន​ឈ្នះ​ឆ្នោត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​មុន ក៏​ប៉ុន្តែ​ក្រុម​បាតុករ​បាន​និយាយ​ថា ការ​បោះឆ្នោត​នោះ​មាន​ការ​លួច​បន្លំ ដោយសារតែ​រដ្ឋធម្មនុញ្ញ ​ដែល​ព្រាង​ដោយ​ពួក​យោធា គឺ​គាំទ្រ​លោក ។

បន្ថែមពី​លើ​ការ​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​ព្រាង​ឡើង​ដោយ​ពួក​យោធា ក្រុម​បាតុករ​ក៏​មាន​បំណង​ទាមទារ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ឥទ្ធិពល​របស់​របប​រាជា​និយម​ថៃ​ផង​ដែរ ៕

ដោយ៖ សារីទ្ធ

សម្រួលផ្សាយដោយ៖ Micheal