ព្រះធរណីស្រូបមិនខាន! កូនៗសម្លាប់ឪពុកម្ដាយដើម្បីដណ្ដើមទ្រព្យសម្បត្តិ​

នៅលើពិភពលោកនេះ​មានរឿងឃាតកម្មប្លែកៗនិងរន្ធត់ៗជាច្រើនករណី ក្នុងនោះរាប់បញ្ចូលទាំងអំពើឃាតកម្មទៅលើសាច់ញាតិបង្កើតខ្លួនឯងក្នុងមូលហេតុផ្សេងៗគ្នា។ ហើយមូលហេតុដែលត្រូវបានគេកត់សម្គាល់​និងកើតមានជាញឹកញាប់ជាងគេនោះគឺ ជម្លោះទាក់ទងនឹងរឿងទ្រព្យសម្បត្តិ។ ខណៈនេះ Sky Brother Media នឹងនាំអារម្មណ៍មិត្តអ្នកអាន​និងអ្នកស្ដាប់ទៅដឹងអំពីរឿងរ៉ាវរបស់កូនៗ ៣ នាក់ មកពី ៣ គ្រួសារផ្សេងៗគ្នា ដែលបានសម្លាប់ឪពុកម្ដាយខ្លួនឯងមកជម្រាបជូន៖

១/.Jimmy Robertson មកពីរដ្ឋ South Carolina ៖

នៅថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ១៩៩៧ គេបានរកឃើញសាកសពរបស់ប្ដីប្រពន្ធឈ្មោះ Terry និងប្ដីនាងឈ្មោះ Earl បានទទួលមរណភាពក្នុងផ្ទះក្នុងរាងកាយដែលត្រូវគេវាយដំយ៉ាងអាណោចអធ៌មជាទីបំផុត។ ប៉ូលិសបានធ្វើការស៊ើបអង្កេតក្នុងរឿងនេះ ហើយបានដឹងថា កូនប្រុសច្បងរបស់អ្នកទាំងពីរឈ្មោះ Jimmy Robertson គឺជាអ្នកសម្លាប់ឪពុកម្ដាយខ្លួនឯងប្លន់យកប្រាក់ ២.២ លានដុល្លារ ព្រោះខឹងពួកលោកផ្ដាច់ការផ្គត់ផ្គង់ប្រាក់កាស ចាយវាយប្រចាំថ្ងៃរបស់ខ្លួន។ Jimmy Robertson ត្រូវបានផ្តន្ទាទោសពីបទសម្លាប់ឪពុកម្តាយរបស់ខ្លួនក្នុងឆ្នាំ ១៩៩៩ ហើយត្រូវបានកាត់ទោសប្រហារជីវិត។ ប៉ុន្តែគាត់បានបន្តប្តឹងឧទ្ធរណ៍ពីការកាត់ទោសប្រហារជីវិតនេះ។

២. Andrew Wamsley មកពីរដ្ឋតិចសាស់៖

នៅយប់ថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០០៣ គេបានរកឃើញសាកសពប្តីប្រពន្ធមួយគូឈ្មោះ Rick ហើយនិង Suzanne ស្លាប់ក្នុងផ្ទះដោយសារត្រូវគ្រាប់កាំភ្លើង។ ក្រុមអ្នកស៊ើបអង្កេតបានដុតដៃដុតជើងក្នុងរឿងនេះដើម្បីរកឃាតករ ហើយចុងក្រោយក៏រកឃើញសក់របស់ឃាតករមួយដុំដែលជ្រុះនៅទីនោះ។ ក្រោយពិនិត្យនិងស្រាវជ្រាវយ៉ាងហ្មត់ចត់ឃើញថាលោក Andrew Wamsley ជាអ្នកបាញ់សម្លាបឪពុកម្ដាយខ្លួនឯង ដើម្បីយកទ្រព្យសម្បត្តិ ១,៦៥ លានដុល្លារ។ តាមពិតទៅ Andrew Wamsley បញ្ជាក់ថាខ្លួនគ្មានចេតនាធ្វើបែបនេះឡើយ ប៉ុន្តែដោយសារតែខឹងនឹងឪពុកម្ដាយមិនសូវរវីរវល់នឹងខ្លួន។ ក្រោយមក Andrew ត្រូវបានផ្តន្ទាទោស ពីបទឃាតកម្មហើយគាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅខែមីនាឆ្នាំ ២០០៦។

៣/. Alan Hruby មកពីរដ្ឋ អូក្លាហូម៉ា៖

នៅថ្ងៃច័ន្ទទី ១៣ ខែតុលាឆ្នាំ ២០១៤ គេបានរកឃើញថា John និង Tinker Hruby រួមនឹងកូនស្រីពួកគេឈ្មោះ Katherine អាយុ ១៧ ឆ្នាំត្រូវបានគេសម្លាប់យ៉ាងឃោឃៅ។ តាមការស៊ើបអង្កេត ប៉ូលិសបានរកឃើញថាគឺកូនប្រុសរបស់អ្នកទាំងពីរឈ្មោះ Alan Hruby គឺជាអ្នកសម្លាប់ឪពុកម្ដាយនិងប្អូនស្រីដោយសារតែខឹងឪពុកម្ដាយកាត់ផ្ដាច់របរចំណាយរបស់ខ្លួន។ ក្រោយមក  Alan Hruby ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត៕

ដោយ៖ ភូមិន្ទ