មកដឹងរឿងពិតដ៏គួរឲ្យខ្លាចមួយ ដែលធ្លាប់កើតឡើងនៅហ្វីលីពីន និងល្បីល្បាញពេញពិភពលោក

កាលពីឆ្នាំ ១៩៥៣ នៅប្រទេសហ្វីពីន ធ្លាប់មានករណីដ៏គួរឲ្យខ្លាចមួយបានកើតឡើង ហើយវាក៏ជាករណីដ៏ល្បីល្បាញពេញសកលលោកផងដែរនាជំនាន់នោះ នោះគឺករណីក្មេងស្រីអាយុ ១៧ឆ្នាំ ឈ្មោះ ក្លារីតា វីឡានូអ៉ីវ៉ា ត្រូវបានវិញ្ញាណខ្មោចចូលសណ្ឋិត ក្រោយពេលនាងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារដ៏ចំណាស់មួយកន្លែង។ ករណីនេះនៅតែធ្វើឲ្យប្រជាជនហ្វីលីពីនចងចាំ និងតំណាលតៗគ្នារហូតដល់កូនចៅជំនាន់ក្រោយ។

ក្លារីតា វីឡានូអ៉ីវ៉ា ជាកូនកំព្រាម្ដាយតាំងពីនាងនៅអាយុ ១២ ឆ្នាំមកម្ល៉េះ ដោយម្ដាយរបស់នាងគឺជាគ្រូធ្មប់ ចំណែកឪពុកបង្កើតរបស់នាង មិនដែលបង្ហាញខ្លួនឡើយ សូម្បីតែឈ្មោះ និងមុខមាត់ ក៏ ក្លារីតា វីឡានូអ៉ីវ៉ា មិនដែលស្គាល់ផង។ ដោយសារតែខ្វះភាពកក់ក្ដៅ និងគ្មានអ្នកអប់រំទូន្មានទៀតនោះ ក្លារីតា វីឡានូអ៉ីវ៉ា បានធ្លាក់ខ្លួនប្របករបរជានារីពេស្យាដើម្បីទ្រទ្រង់ជីវិតប្រចាំថ្ងៃ។

នារដូវក្ដៅឆ្នាំ ១៩៥៣ ក្លារីតា វីឡានូអ៉ីវ៉ា បានធ្វើដំណើរពីស្រុកកំណើត ទៅកាន់រដ្ឋធានីម៉ានិល ដើម្បីស្វែងរកឪពុកបង្កើតរបស់នាង ហើយនាងត្រូវស្នាក់នៅតំបន់មួយឈ្មោះថា ម៉ាឡាទី។ សូមបញ្ជាក់ថា នៅទីនោះ ក្លារីតា វីឡានូអ៉ីវ៉ា កាន់តែជោគជាំជាមួយរបរពេស្យារបស់នាង។

នាង ក្លារីតា វីឡានូអ៉ីវ៉ា
នាង ក្លារីតា វីឡានូអ៉ីវ៉ា

ព្រឹកមួយ ក្លារីតា វីឡានូអ៉ីវ៉ា បានផុងខ្លួនចាញ់ល្បិចប៉ូលិស ដោយបានទាក់ទងនាងរកសេវាកម្មផ្លូវភេទ តែពេលនាងមកជួបស្រាប់តែប៉ូលិសចាប់ខ្លួននាង និងបានបញ្ជូនទៅដាក់ក្នុងពន្ធនាគារមួយឈ្មោះ ប៊ីលីប៊ីត ដែលបច្ចុប្បន្នត្រូវបានគេប្ដូរឈ្មោះមកជាក្រុងពន្ធនាគារ ម៉ានីឡា ឬ Manila City Jail ។
ពន្ធនាគារមួយនេះ គឺជាអគារដ៏ចំណាស់មួយ ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអាណានិគមអេស្ប៉ាញនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៨៦៥។ ហើយពន្ធនាគារនេះអាចផ្ទុកអ្នកទោសបានរហូតដល់ ៥២៧ នាក់ ដូច្នេះហើយទើបវាបានក្លាយទៅជាពន្ធនាគារតែមួយគត់លើពិភពលោកដែលមានអ្នកទោសកកកុញច្រើនជាងគេ។

តើមានរឿងអ្វីកើតឡើងចំពោះនាង ក្លារីតា វីឡានូអ៉ីវ៉ា ពេលកំពុងជាប់ឃុំនៅពន្ធនាគារនោះ?
យោងតាមឯកសារ បានសរសេរថា ខណៈពេលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដ៏ចំណាស់ខាងលើ ក្លារីតា វីឡានូអ៉ីវ៉ា តែងតែបានឃើញហេតុការណ៍ចម្លែកៗ ដូចជា ពេលខ្លះហាក់ដូចជាមានអ្វីម្យ៉ាងនៅពីលើពិដាន វាតែងតែដើរចុះ ដើរឡើង ហើយអ្វីដែលគួរឲ្យខ្លាចគឺនាងមានអារម្មណ៍ថា ត្រូវបាននរណាម្នាក់ខាំ ហើយស្នាមជាំក៏លេចឡើងស្ដែងៗតែម្ដង។
ក្លារីតា វីឡានូអ៉ីវ៉ា បាននិយាយទៀតថា ពេលខ្លះនាងបានឃើញមនុស្សចម្លែកម្នាក់មាឌធំ សម្បុរខ្មៅ សក់ក្រញ៉ាញ់ មានកម្ពស់ប្រហែលជាង ៣ម៉ែត្រ បង្ហាញខ្លួននៅចំពោះមុខ ធ្វើឲ្យនាងខ្លាចយ៉ាងខ្លាំង។

រូបតំណាង
រូបតំណាង

បើតាមសម្ដីរបស់លោក Arsenio Lacson អជ្ញាធរក្រុងនាងសម័យនោះបានឲ្យដឹងថា ក្រោយពីដឹងថា អ្នកទោសឈ្មោះ ក្លារីតា វីឡានូអ៉ីវ៉ា មានអាការចម្លែកខ្លាំង រហូតធ្វើឲ្យអ្នកទោសដទៃភ័យខ្លាចដោយសារនាង លោកក៏បានចុះផ្ទាល់ដើម្បីឲ្យឃើញជាក់ស្ដែង។ ហើយពេលនោះលោកក៏បានឃើញពីសកម្មភាពដ៏គួរឲ្យខ្លាចរបស់ នាង ក្លារីតា វីឡានូអ៉ីវ៉ា ពិតប្រាកដមែន ដូចជា សើចខ្លាំងៗ ហើយរត់ទៅវិញទៅមកយ៉ាងរហ័ស ប្រៀបដូចជានរណាម្នាក់កំពុងច្រាន មិនតែប៉ុណ្ណោះនាងបានស្រែកថា «អ្វីនោះ? វាកំពុងច្រានខ្ញុំ»។ ក្លារីតា វីឡានូអ៉ីវ៉ា ស្រែកថា មានអ្នកព្យាយាមខាំកររបស់នាង និងដៃ ហើយមើលទៅឃើញថា ករ និងដៃរបស់នាង ពិតជាមានស្នាមនរណាម្នាក់ខាំពិតមែន។

រឿងមួយទៀតដែលជារឿងស្មានមិនដល់ គឺមានវេជ្ជបណ្ឌិតម្នាក់ឈ្មោះ ម៉ានូល រ៉ាម៉ូស បានមកសម្ភាសន៍ ក្លារីតា វីឡានូអ៉ីវ៉ា ដល់ពន្ធនាគារ ព្រោះយល់ថា នាងធ្វើសកម្មភាពចម្លែកៗ គ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ តែគ្រាន់តែទៅដល់ភ្លាម ក្លារីតា វីឡានូអ៉ីវ៉ា បានសំឡឹងមុខវេជ្ជបណ្ឌិតម្នាក់នោះ ហើយនិយាយយឺតៗថា «អ្នកឯងនឹងស្លាប់»។ ថ្ងៃបន្ទាប់ នៅម៉ោងតែមួយពេលទៅជួប ក្លារីតា វីឡានូអ៉ីវ៉ា ស្រាប់តែមានដំណឹងមួយថា វេជ្ជបណ្ឌិត ម៉ានូល រ៉ាម៉ូស បានស្លាប់ដោយសារបេះដូងលែងដំណើរការ។

រូបតំណាង
រូបតំណាង

ស្រដៀងគ្នានេះដែរ នៅថ្ងៃដោះលែង នាង ក្លារីតា វីឡានូអ៉ីវ៉ា ក៏បានស្នើរសុំបន្តោងឈើឆ្កាងរបស់នាងដែលតែងតែពាក់ ពីប្រធានពន្ធនាគារឈ្មោះលោក អាន់តូនីអូ ហ្កានីប៊ី តែបុរសរូបនោះឆ្លើយថាមិនបានឃើញឡើយ។ ភ្លាមនោះ ក្លារីតា វីឡានូអ៉ីវ៉ា បានតបថា «វានៅក្នុងហោប៉ាវរបស់លោក»។ លោក អាន់តូនីអូ ហ្កានីប៊ី តក់ស្លុតយ៉ាងខ្លាំង ហើយក៏បានហុចបន្តោងនោះឲ្យទៅនាង តែបន្ទាប់ពីបានបន្តោងដល់ដៃហើយ ក្លារីតា វីឡានូអ៉ីវ៉ា បានដាក់បណ្ដាសារឲ្យលោក អាន់តូនីអូ ហ្កានីប៊ី ត្រូវតែស្លាប់។ ប៉ុន្មានសប្ដាហ៍ក្រោយមក មានសេចក្ដីរាយការណ៍មួយថា លោក អាន់តូនីអូ ហ្កានីប៊ី បានស្រកទម្ងន់មិនដឹងមូលហេតុ ហើយបានស្លាប់ប្រៀបដូចជារុក្ខជាតិ ដែលខ្វះទឹកស្រោចស្រប់យ៉ាងដូច្នេះដែរ។

លោក លេស្ទ័រ ហ៊្សូមរ៉ល
លោក លេស្ទ័រ ហ៊្សូមរ៉ល

បន្ទាប់ពី ក្លារីតា វីឡានូអ៉ីវ៉ា ចេញពីពន្ធនាគារ មានគ្រូគង្វាលដ៏ល្បីល្បាញជនជាតិអាមេរិកម្នាក់ គឺលោក លេស្ទ័រ ហ៊្សូមរ៉ល បានធ្វើដំណើរមកកាន់ប្រទេសហ្វ៉ីលីពីន ដើម្បីសង្គ្រោះនាង ហើយក៏មានរឿងចម្លែកៗជាច្រើនបានកើតឡើងជាបន្តបន្ទាប់ទៀត នាពេលនោះ។

តើមានរឿងអ្វីកើតឡើង បន្ទាប់ពីលោក លេស្ទ័រ ហ៊្សូមរ៉ល បានជួបជាមួយ ក្លារីតា វីឡានូអ៉ីវ៉ា?
លោក លេស្ទ័រ ហ៊្សូមរ៉ល ធ្លាប់បានធ្វើបទសម្ភាសន៍មួយអំពីការជួបគ្នាជាមួយ ក្លារីតា វីឡានូអ៉ីវ៉ា ហើយពេលនោះលោកថា បីយប់ដំបូងពេលនៅជាមួយ ក្លារីតា វីឡានូអ៉ីវ៉ា លោកមិនបានសម្រាក ដេកពួនឡើយ ហើយពេលនោះលោកកាន់តែបន់ស្រន់ដល់ព្រះជាម្ចាស់ សូមប្រទានគ្រូចាប់ខ្មោចដែលពូកែម្នាក់មក ព្រោះពេលនោះគឺជាពេលដែលលោកយ៉ាប់យ៉ឺន និងរីងរៃបំផុត តែមិនដឹងធ្វើដូចម្ដេចបើគ្មានជម្រើសទៅហើយ។

លោក លេស្ទ័រ ហ៊្សូមរ៉ល បានរៀបរាប់យ៉ាងដូច្នេះថា ថ្ងៃទី១ ក្លារីតា វីឡានូអ៉ីវ៉ា បានចូលទៅបន្ទប់របស់លោក ហើយបានស្រែកដាក់លោកថា «យើងស្អប់ឯង!» ដោយនាងនិយាយបែបនេះជាភាសាហ្វ៉ីលីពីនផង និងជាភាសាអង់គ្លេសផង។ នៅល្ងាចថ្ងៃនោះលោក លេស្ទ័រ ហ៊្សូមរ៉ល បាននិយាយទៅកាន់ ក្លារីតា វីឡានូអ៉ីវ៉ា ថា «ខ្ញុំនឹងចេញទៅស្វែងរកអ្នកពូកែម្នាក់ ដើម្បីមកសង្គ្រោះនាង» តែពេលនោះ ក្លារីតា វីឡានូអ៉ីវ៉ា បានស្រែកថា «ទេៗ!​ បើដូច្នេះពួកវានឹងសម្លាប់ខ្ញុំ»។ បន្ទាប់ពីនិយាយ ក្លារីតា វីឡានូអ៉ីវ៉ា ក៏បានដួលសន្លប់តែម្ដង។

ថ្ងៃទី២ លោក លេស្ទ័រ ហ៊្សូមរ៉ល បានធ្វើពិធីតាមបែបសាសនាគ្រិស្ត ដើម្បីបណ្ដេញវិញ្ញាណខ្មោច ដែលសណ្ឋិតក្នុងខ្លួន ក្លារីតា វីឡានូអ៉ីវ៉ា ហើយពេលនោះ រាងកាយរបស់ ក្លារីតា វីឡានូអ៉ីវ៉ា បាននិយាយថា «ខ្មោចនោះបានចេញទៅតាមបង្អួចហើយ»។ គ្រាន់តែឮដូច្នេះ ម្នាក់ៗបានធូទ្រូង និងគិតថា ពីថ្ងៃនេះទៅ រឿងអាក្រក់នឹងត្រូវបានបញ្ចប់ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែ ក្លារីតា វីឡានូអ៉ីវ៉ា សើចចំអកដាក់គ្រូគង្វាល ជាមួយសំឡេងផ្សេងមួយទៀត។ លោក លេស្ទ័រ ហ៊្សូមរ៉ល សួរថា «ហេតុអ្វីបានជាឯងត្រឡប់មកវិញ? ឯងត្រូវតែទៅឲ្យឆ្ងាយ ហើយកុំត្រឡប់មកវិញ» ក្លារីតា វីឡានូអ៉ីវ៉ា តប «យើងមិនចេញទៅណាជាដាច់ខាត»។

ថ្ងៃទី៣ គឺជាថ្ងៃដែលលោក លេស្ទ័រ ហ៊្សូមរ៉ល បណ្ដេញវិញ្ញាណទាំងនោះចេញម្ដងទៀត និងរំពឹងថា លើកនេះពួកវាលែងហ៊ានត្រឡប់មកវិញហើយ ហើយក៏ជាថ្ងៃដែលលោកចាកចេញផងដែរ។ ថ្ងៃនោះលោក លេស្ទ័រ ហ៊្សូមរ៉ល បានផ្ដាំផ្ញើឲ្យ ក្លារីតា វីឡានូអ៉ីវ៉ា និយាយថា «ទៅជាមួយព្រះជាម្ចាស់ទៅ» នោះពួកវិញ្ញាណនឹងគោរពតាមហើយ។

យោងតាមបទសម្ភាសន៍ផ្ទាល់ជាមួយ ក្លារីតា វីឡានូអ៉ីវ៉ា បន្ទាប់ពីនាងបានជាសះស្បើយកាលនោះ បានឲ្យដឹងថា វិញ្ញាណខ្មោចនៅតែត្រឡប់មករកនាងវិញ វាមានមាឌធំ ហើយមានចង្កូមធំពីរ ដែលធ្វើឲ្យនាងភ័យខ្លាចខ្លាចខ្លាំង។ ពេលនោះនាងបានស្រែកប្រាប់អ្នកឃ្លាំមើលនាងថា «វាមកទៀតហើយ» ពេលនោះធ្វើឲ្យមនុស្សម្នារភ័យខ្លាច ខ្លះរត់ចេញ ខ្លះទៀតទៅពួនក្រោមតុ តែពេលនោះមានឆ្មាំម្នាក់បានស្រែកប្រាប់នាង ឲ្យនិយាយអ្វីដែល លោក លេស្ទ័រ ហ៊្សូមរ៉ល បានប្រាប់ ហើយពេលនោះនាងក៏និយាយតាម ឯវិញ្ញាណខ្មោចនោះក៏រសាត់បាត់ លែងមករំខាននាងតទៅទៀត។

រូបតំណាង
រូបតំណាង

ចុងក្រោយបន្ទាប់ពីរឿងអាក្រក់លែងកើតមាន ក្លារីតា វីឡានូអ៉ីវ៉ា ក៏បានទទួលសេរីភាពពេញលេញ ហើយបានវិលទៅស្រុកកំណើត និងកសាងគ្រួសារមួយរស់នៅដូចប្រជាជនឯទៀត។

សូមបញ្ជាក់ថា នៅពេលនោះរឿងរ៉ាវរបស់ ក្លារីតា វីឡានូអ៉ីវ៉ា បានក្លាយជារឿងរ៉ាវដ៏ល្បីល្បាញជុំវិញពិភពលោក ដែលវាជារឿងពិតមួយ នៅតែដក់ជាប់អារម្មណ៍ប្រជាជនហ្វីលីពីន រហូតដល់បច្ចុប្បន្ន។ ក្រោយមកនៅឆ្នាំ ២០១៩ ផលិតករភាពយន្តហ្វីលីពីន បានដកស្រង់រឿងរ៉ាវរបស់ ក្លារីតា វីឡានូអ៉ីវ៉ា មកផលិតជាភាពយន្តខ្នាតធំ ដែលមានចំណងជើងថា «THE EXORCISM OF CLARITA»៕ ដោយ៖ KS