អាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានប្រមាណជាង៦,០០០ដើមហើយ ក្នុងបរិវេនឧទ្យានអង្គរ

(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរា បានបណ្តុះកូនត្នោត និងបានដាំដុះ នៅក្នុងតំបន់ឧទ្យានអង្គរបានចំនួនជាង៦.០០០ដើមមកហើយ។

លោកបានបន្តទៀតថា ការដាំកូនត្នោតនេះ គឺធ្វើឡើងក្នុងគោលដៅដើម្បីថែរក្សា អត្តសញ្ញាណជាតិមួយនេះឱ្យបានគង់វង្ស ហើយអាជ្ញាធរជាតិអប្សរាគ្រោងនឹងធ្វើការ ដាំដើមត្នោតបន្ថែមទៀតជារៀងរាល់ឆ្នាំ ហើយនាថ្ងៃអនាគត អាជ្ញាធរជាតិអប្សរានឹងបង្កើតជា កន្លែងបណ្តុះកូនត្នោត ដើម្បីចែកជូនបន្តទៅកាន់ប្រជាពរដ្ឋដែលមានបំណងដាំផងដែរ។

លោក ហង់ ពៅ ក៏បានសំណូមពរដល់ប្រជាពរដ្ឋចូលរួមក្នុងថែរក្សាកូនត្នោត ដែលអាជ្ញាធរជាតិអប្សរាបានដាំកុំឱ្យមានការបាត់បង់។

សូមបញ្ជាក់ថា ដើមត្នោតជាអត្តសញ្ញាណនៃទេសភាពទឹកដីរបស់ខ្មែរ ដោយស្ទើរ គ្រប់ទីកន្លែងនៅក្នុងទឹកដីមួយនេះ។ ដោយតម្លៃនៃអត្តសញ្ញាណវប្បធម៌អរិយធម៌ និងប្រវត្តិសាស្រ្តធម្មជាតិ ដើមត្នោតត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់និមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ Micheal