ក្រុមដឹកនាំតវ៉ាថៃប្រកាសបញ្ចប់បាតុកម្មទាំងគ្មានទទួលបានលទ្ធផល

(ថៃ)៖ អ្នករៀបចំដឹកនាំតវ៉ានៅក្នុងប្រទេសថៃ បានប្រកាសបញ្ចប់បាតុកម្មត្រឹមយប់ថ្ងៃសុក្រ ទាំងគ្មានទទួលបានផល ខណៈដែលក្រុមប៉ូលិសថៃ បានបាញ់ទឹក​ដើម្បីបំបែក​ហ្វូង​បាតុករ។

ប៉ូលិសថៃបានតម្រង់កាណុងទឹក ដែលបានលាយសារធាតុគីមី បាញ់ដាក់ក្រុមអ្នកតវ៉ា រាប់ពាន់នាក់ ដែល​មិន​យល់​​ស្រប​នឹង បម្រាមថ្មី ក្នុងការហាមឃាត់​មិនឱ្យ​មាន​ការជួបជុំមនុស្សចាប់ពី ៥ នាក់ឡើងទៅ។

មេដឹកនាំបាតុករម្នាក់ បាននិយាយថា រដ្ឋាភិបាលផ្តាច់ការ កំពុងប្រើអំពើហិង្សារ ដើ​ម្បី​បំបែកចលនាប្រជាជនអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ខណៈដែល​អ្នកនាំពាក្យប៉ូលិស បានប្រាប់អ្នកកាសែតថៃថា នេះគឺជាសកម្មភាពតវ៉ាខុសច្បាប់ ហើយរដ្ឋាភិបាលនឹងបន្ថែមវិធានការអនុវត្តច្បាប់។

បម្រាមជួបជុំមនុស្ស ចាប់ពី៥ នាក់ឡើងទៅ បានដាក់ចេញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមបាតុករតវ៉ា ទាមទារការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាមទាឱ្យ​លោក​​នាយក​រដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា ចុះចេញពីដំណែង និងរៀប​ចំ​ការ​បោះ​ឆ្នោត​ឡើងវិញ។

ចាប់តាំងពីផ្ទុះបាតុកម្មតវ៉ា រយៈពេលជាង ៣ ខែ របស់យុវជនថៃ នេះគឺជាលើកទី១ ដែលកងកម្លាំងប៉ូលិសថៃប្រើធ៌មក្តៅ ដើម្បីបំបែកហ្វូងក្រុមបាតុករ។ ទំនងជារដ្ឋាភិបាលថៃ មើលឃើញអំពីសន្ទុះការកើនឡើងនៃការតវ៉ាកាន់តែច្រើន ទើបបង្ការពីហានិភ័យ ដោយបាន បានអនុម័តក្រិត្យ​ច្បាប់បន្ទាន់មួយ ដោយ​ហាមឃាត់រាល់ការជួបជុំចាប់ពី៥នាក់ឡើងទៅ និងបានហាមរាល់ការផ្សព្វផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល នៅលើបណ្តាញសង្គម ខណៈដែលលោក ប្រាយុទ្ធ ចាន់ អ៊ូចា នាយករដ្ឋមន្ត្រីថៃ បានប្រកាសបញ្ជាក់ហើយថា លោកមិនចុះចេញពីតំណែងជាដាច់ខាត៕

(ដោយ៖ ឡេង ដេត)