ឈប់ម៉ូតូចាក់សាំង ត្រូវរថយន្តបុករះ បណ្តាលឲ្យរងរបួសធ្ងន់

(តាកែវ)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៤និង៥៨នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យលោកតាម្នាក់រងរបួសធ្ងន់ លើផ្លូវខេត្តលេខ១២៦ គីឡូម៉ែត្រ ៧-៨នៅត្រង់ចំណុច ស្ថិតនៅក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក ហាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ 3B8529 ភ.ព អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក ឈាន ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិជីខ្មុល ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងតែចាក់សាំង បណ្តាលឲ្យរងរបួសធ្ងន់ ។

តាមប្រភព បានឲ្យដឹងថា នៅមុខពេលកើតហេតុ គេឃើញរថយន្តខាងលើ បានបើកបរពីទិសខាងលិច ទៅទៅខាងកើត លុះពេលបើកបរមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កនេះ បានរេចង្កូតទៅបុករះ ស៊ុមដាក់លក់សាំង ហើយបានទៅបុកម៉ូតូជនរងគ្រោះមួយគ្រឿង ម៉ាកហុងដា C100 ស៊េរីឆ្នាំ២០០៧ ផ្លាកលេខ(ត្រូវរថយន្តកិនបាក់មើលពុំដឹង) ។

ភ្លាមៗនោះជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តបង្កពេលបុករួចហើយ បានបើករត់គេចពីកន្លែងកើតហេតុ ទៅដល់ភូមិត្រពាំងលើក ឃុំប្រាំមុំ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចរកឃើញ ។

ចំណែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

ដោយ៖ Yuth