អ៊ុន សុធា មានក្តីប្រាថ្នាចង់ថតរឿងបុរាណ និងចង់ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមធ្វើរឿងមួយ

(ភ្នំពេញ)៖ តារាសម្តែង រាងខ្ពស់ស្រឡះ លោក អ៊ុន សុធា នៅសុខៗស្រាប់តែបង្ហាញក្តីស្រមៃរបស់ខ្លួនចង់ធ្វើជាតារាសម្តែងនៅក្នុងរឿងបុរាណ មានការតុបតែងខ្លួន ទៅតាមសម័យកាលបុរាណ ទាំងសាច់រឿង និងការស្លៀកសំលៀកបំពាក់ ត្រូវទៅតាមសម័យកាល។

លោក អ៊ុន សុធា គឺជាតារាសម្តែងមួយរូប ដែលធ្លាប់មានឱកាសបានគ្រងតំណែង ជាតួអង្គជាច្រើននៅក្នុងរឿង មានទាំងតួ​ឯក តួកាច តួភេទទី៣ តួសម្តែងក្នុងរឿងសម័យនិងបុរាណជាច្រើន ប៉ុន្តែនៅក្នុងនោះ លោកក៏បានទម្លាយពីអាថ៌កំបាំង នៅក្នុងចិត្តនិងជាក្តីស្រមៃរបស់លោក ដោយលោកបានសរសេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់ខ្លួនថា “នេះជាបំណងប្រាថ្នា និងក្តីស្រម៉ៃរបស់ខ្ញុំ សង្ឃឹម ថ្ងៃ ណាមួយខ្ញុំនឹងថតរឿងបែបបុរាណ ដែលមានការគ្រងសំលៀកបំពាក់បែបនេះ” ។

នៅក្នុងនោះក្រៅពីមានក្តីស្រមៃចង់ក្លាយ ជាតារាសម្តែងរឿងបុរាណហើយ លោកក៏មានការសំណូមពរមួយទៅដល់បងប្អូនប្រជាពលរដ្ឋ គឺលោកបានសំណូមពរ “ឃើញមានការសំណូមពរជាច្រើន របស់មហាជន ចង់អោយរឿងខ្មែរយើង  មានការបង្ហាញសម័យកាលនីមួយៗ និងប្រពៃណីខ្មែរយើង…។តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?”៕ (ដោយ៖ ពិជ័យបុត្រ)